ស្តាប់អត្ថបទជាសម្លេង
អ៊ូហ្គង់ដានឹងទទួលយកជនភៀសខ្លួន ២ពាន់នាក់ដែលបានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានឡេីងកាន់អំណាចកាលពីថ្ងៃអាទិត្យ។
កិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាននេះ ត្រូវបានធ្វេីឡេីងបន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលអាមេរិក។
រដ្ឋមន្ត្រីទទួលបន្ទុកជនភៀសខ្លួនរបស់ប្រទេសអ៊ូហ្គង់ដាបាននិយាយថា «ពួកគេនឹងរស់នៅក្នុងប្រទេសអ៊ូហ្គង់ដាជាបណ្ដោះអាសន្នរយៈពេល ៣ខែ មុនពេលរដ្ឋាភិបាលអាមេរិកបញ្ជូនពួកគេទៅតាំងទីលំនៅនៅកន្លែងផ្សេង»។
ប្រទេសអ៊ូហ្គង់ដាដែលស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងកើត មានបទពិសោធន៍យូរអង្វែងមកហេីយក្នុងការទទួលយកជនភៀសខ្លួនដែលរត់គេចចេញពីជម្លោះ ហេីយបច្ចុប្បន្ននេះ មានជនភៀសខ្លួនប្រហែល ១លាន៤សែននាក់នៅក្នុងប្រទេសអ៊ូហ្គង់ដាដែលភាគច្រើនមកពីប្រទេសស៊ូដង់ខាងត្បូង។
ក្រុមតាលីបង់បានវិលត្រឡប់មកកាន់អំណាចវិញ នា២០ឆ្នាំក្រោយមក បន្ទាប់ពីអន្តរាគមន៍យោធាដឹកនាំដោយអាមេរិកបានទម្លាក់ក្រុមនេះចេញពីអំណាចក្នុងឆ្នាំ២០០១។
ក្រុមអ៊ីស្លាមនិយមនេះបានដណ្ដេីមកាន់កាប់អំណាចវិញ បន្ទាប់ពីកងទ័ពបរទេសភាគច្រើនបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ការវាយប្រហារចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានបានយ៉ាងលឿនត្រឹមតែជាង ១០ថ្ងៃរបស់ក្រុមតាលីបង់នេះ បានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលភាគច្រើនបានទៅដល់រដ្ឋធានីកាប៊ុល ហើយអ្នកផ្សេងទៀតបានធ្វើដំណើរទៅកាន់ប្រទេសជិតខាង។
ប្រទេសអាល់បានី និងកូសូវ៉ូ ក៏បានទទួលយកសំណើរបស់អាមេរិកដើម្បីទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានជាបណ្តោះអាសន្នផងដែរ៕
អត្ថបទ នឹងរូបភាព Puthi news