31 C
Phnom Penh
Wednesday, August 10, 2022

NEA សហការជាមួយផ្សារទំនើបម៉ាក្រូ នាំយកឱកាសការងារជាច្រើនកន្លែង ដល់និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលាប

កណ្តាល៖ នៅថ្ងៃ១៨-១៩ ខែកក្កដា ឆ្នាំ២០២២ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានសហការជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងផ្សារទំនើបម៉ាក្រូ បានរៀបចំសិក្ខាសាលាស្ដីពី ការណែនាំអាជីពការងារ និងវិជ្ជាជីវៈ និងរៀបចំសម្ភាសការងារសម្រាប់និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមួយផ្សារទំនើបម៉ាក្រូ។

សិក្ខាសាលានេះធ្វេីឡេីងក្រោមវត្តមានលោកបណ្ឌិត ភិន សុភាព នាយករងវិទ្យាស្ថានជាតិកសិកម្ម និងលោក ស៊ិន វិបុល នាយកជាន់ខ្ពស់ផ្នែកធនធានមនុស្សផ្សារម៉ាក្រូ រួមទាំងមានការចូលរួមពីនិស្សិតជាច្រេីនរូប។

លោក ស៊ិន វិបុល បានថ្លែងថា ការរៀបចំសិក្ខាសាលានេះ គឺពិតជាបានរួមចំណែកក្នុងការជួយដល់អ្នកស្វែងរកការងារធ្វើឲ្យបានដឹងពីឱកាសការងារ ហេីយអ្វីដែលកាន់តែពិសេសទៀតនោះ មិនត្រឹមតែជួយឲ្យពួកគាត់ទទួលបានព័ត៌មានការងារប៉ុណ្ណោះទេ តែពួកគាត់បានទទួលការបណ្តុះបណ្តាលពីការរៀបចំសរសេរប្រវត្តិរូបសង្ខេប(CV) និងវគ្គជំនាញទន់ជាដើម។

លោក ស៊ិន វិបុល សង្ឃឹមយ៉ាងមុតមាំថាកិច្ចចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារឱ្យមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់។

លោកបន្តថា មន្ត្រីរបស់ភ្នាក់ងារជាតិមុខរបរ និងការងារ បានដើរតួរយ៉ាងសំខាន់ក្នុងការរៀបចំទំនាក់ទំនងផ្សព្វផ្សាយ និងផ្តល់ប្រឹក្សារដល់ក្រុមហ៊ុន ក៏ដូចជាសិស្សនិស្សិត និងអ្នកស្វែងរកការងារឱ្យមានភាពងាយស្រួលក្នុងការចូលរួមកម្មវិធី។

ជាមួយគ្នានោះ លោក ស៊ិន វិបុល ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហេីយក្រុមហ៊ុនសន្យាបន្តកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារឱ្យកាន់តែប្រសើរឡើង និងជឿជាក់ថាក្រុមការងារនឹងបន្តអភិវឌ្ឍន៍លើការផ្សព្វផ្សាយឱ្យកាន់ទូលំទូលាយថែមទៀត ជាពិសេសការសហការជាដៃគូជាមួយសកលវិទ្យាល័យ វិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្ដុះបណ្តាលនានាក្នុងការជំរុញ និងលើកទឹកចិត្តដល់សិស្សនិស្សិតឱ្យមានភាពក្លាហាន និងទំនុកចិត្តក្នុងការដាក់ពាក្យ និងមកចូលរួមសម្ភាសន៍ការងារ។

សូមបញ្ជាក់ថា វេទិកាការងារនេះនឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត