33 C
Phnom Penh
Monday, June 27, 2022

CDC អនុម័តលើគម្រោងវិនិយោគរោងចក្រផលិតសំបកកង់រថយន្តតម្លៃជិត ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតសំបកកង់រថយន្តមួយកន្លែងទៀតក្នុងពេល ឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តទៅលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១.៦០០កន្លែង។

គម្រោងវិនិយោគនេះ ត្រូវគេរំពឹងថា នឹងជួយជំរុញដល់ការដាំដុះដំណាំកៅស៊ូក្នុងស្រុក និងលើកកម្ពស់ស្ថិរភាពតម្លៃជ័រកៅស៊ូ ដែលធ្លាប់តែពឹងផ្អែកលើការនាំចេញជ័រកៅស៊ូស្ទើរទាំងស្រុងទៅទីផ្សារក្រៅប្រទេស ជាពិសេសប្រទេសវៀតណាម។

បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុន Cart Tire Co., Ltd ដែលមានទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចខេត្តស្វាយរៀង បានចាប់ផ្តើមសាកល្បងនាំចេញសំបកកង់យានយន្ដជាជំហានដំបូងរបស់ខ្លួន ទៅកាន់ទីផ្សារក្រៅប្រទេស ខណៈទំហំផលិតកម្មពេញសមត្ថភាពក្នុងមួយថ្ងៃបានប្រមាណ១០០០គ្រាប់។ ចំណែកទីផ្សារធំសម្រាប់ការនាំចេញ សំបកកង់រថយន្ដរបស់ក្រុមហ៊ុននេះ គឺសហរដ្ឋអាមេរិក, សហគមន៍អ៊ីរ៉ុប និងទីផ្សារក្នុងតំបន់។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិមាណនៃការនាំចេញជ័រកៅស៊ូរបស់កម្ពុជាគិតត្រឹមឆ្នាំ២០២១ មានចំនួនជាង ៣៦ម៉ឺនតោន កើនឡើងចំនួន ៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៦១០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញភាគច្រើនទៅកាន់ប្រទេសចិន វៀតណាម សង្ហិបុរី និងម៉ាឡេស៊ី។

គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួនជាង៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួនជាង៣១ម៉ឺនហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន៩ ៣០០០ហិកតា ស្មើនឹង២៣%៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត