28 C
Phnom Penh
Friday, April 19, 2024

ឧកញ៉ា លឹម ហេង៖ ពាណិជ្ជករ និងវិនិយោគិនតួកគី នឹងមកស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ពាណិជ្ជករ និងវិនិយោគិននៅប្រទេសតួកគី នឹងមកស្វែងយល់ពីឱកាសផ្នែកកសិកម្មដែលអាចកែច្នៃបាន ដើម្បីអាចនាំចេញ និងនាំចូល ដែលមិនទាន់មាននៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ការបញ្ជាក់ឱ្យដឹងបែបនេះរបស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-តួកគី តាមរយៈប្រព័ន្ធអ៊ិនធឺណែត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកឧកញ៉ាបានមានប្រសាសន៍ថា វេទិកានេះ គឺជាឱកាសដ៏ល្អសម្រាប់មេដឹកនាំធុរកិច្ច និងវិនិយោគិនតួកគី និងកម្ពុជា ក្នុងការអភិវឌ្ឍបណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វានឹងរួមចំណែកដល់កិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។ ក្នុងវេ ទិកាធុរកិច្ចពាណិជ្ជករមកពីប្រទេសទាំងពីរ នឹងទទួលបាននូវការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍសេដ្ឋកិច្ច គោលនយោបាយរបស់រដ្ឋាភិបាល និងវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ។

លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំតូច បើប្រៀបធៀបទៅនឹងទំហំសេដ្ឋកិច្ច។  កាលពីនៅឆ្នាំ២០២០ ពាណិជ្ជកម្មសរុបមានប្រមាណ៨៨,៨លានដុល្លារ ខណៈកម្ពុជាបាននាំចេញទៅកាន់ទួរគី មានទំហំទឹកប្រាក់៣៥លានដុល្លារ។  ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់៥០០លានដុល្លារអាមេរិក នាពេលឆ្នាំខាងមុខ។

ជាមួយគ្នានោះដែរ ភាគីទាំងពីរបានលើកឡើងនៅក្នុងវេទិកាលើប្រធានបទ វិស័យនាំចេញនាំចូល និងឧស្សាហកម្មកសិកម្ម វិស័យវាយនភ័ណ្ឌ និងសំណង់ វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មាន យានយន្ត ឧស្សាហកម្ម គ្រឿងសង្ហារឹម និងការអប់រំ។ 

តាមភូមិសាស្ត្រប្រទេសកម្ពុជាស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ ដែលធ្វើឱ្យវាសមស្របបំផុតសម្រាប់មូលដ្ឋានផលិតកម្ម និងងាយស្រួលចូលទៅកាន់ទីផ្សារតំបន់ និងពិភពលោក។  ប្រ ទេសមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី។ រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកកម្ពស់ និងការពារការវិនិយោគទៅវិញទៅមក ដើម្បីផ្តល់ការការពារ និងអត្ថប្រយោជន៍បន្ថែមដល់វិនិយោគិននៃប្រទេសទាំងពីរ។ 

អនុស្សរណៈយោគយល់នេះ មានគោលបំណងលើកកម្ពស់ និងសម្របសម្រួលកិច្ចសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យពាណិជ្ជកម្ម សេវាកម្ម វិនិយោគ និងការផ្ទេរបច្ចេកវិទ្យាផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img