34 C
Phnom Penh
Tuesday, March 19, 2024

អ្នកមានមុខរបរក្នុងវិស័យចិញ្ចឹមសត្វ សាទរចំពោះផែនការនាំចេញសត្វទៅទីផ្សារប្រទេស ចិន
សេដ្ឋកិច្ច-ពាណិជ្ជកម្ម

ភ្នំពេញ៖ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបង្ហាញការសាទរដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានផែនការនាំចេញសត្វចិញ្ចឹមដូចជា គោ មាន់ ជ្រូក និងផលិតផលសត្វមួយចំនួនទៀតទៅប្រទេសចិន ដើម្បីកុំឱ្យមានការកកស្ទះនៅក្នុងសុ្រក។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CPA នៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២នេះថា សមាគមមានការត្រេកអរយ៉ាងក្រៃលែងដែលក្រសួងកសិកម្មបានខិតខំជួយរកទីផ្សារសម្រាប់នាំចេញទៅក្រៅប្រទេស ស្របពេលការផ្គត់ផ្គង់សាច់នៅកម្ពុជាមានលក្ខណៈគ្រប់គ្រាន់ ទាំងសាច់មាន់ និងសាច់ជ្រូក។

លោកថ្លែងដូច្នេះថា៖«ការកកស្ទះសត្វចិញ្ចឹមនៅកម្ពុជា មានសន្ទុះកើនឡើង ដូច្នេះក្រសួងកសិកម្មបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីរកទីផ្សារជូនកសិករ។ ក្នុងអំឡុងពេលបុណ្យភ្ជុំការផ្គត់ផ្គង់សត្វ មិនមានការខ្វះខាតនោះទេ រហូតដល់លើសសល់មកដល់សព្វថ្ងៃនេះ។ ដូច្នេះបានក្រសួងរកទីផ្សារនាំចេញទៅក្រៅ នោះនឹងជួយផ្តល់ការងារដល់កសិករយើង»។

ទោះជាយ៉ាងណាក៏ដោយលោកបន្តថា ការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស មិនមានភាពងាយស្រួលនោះទេ ព្រោះអ្នកចិញ្ចឹមត្រូវអនុវត្តការចិញ្ចឹមសត្វតាមស្តង់ដារនាំចេញ ហើយការអនុវត្តតាមស្តង់ដារនាំចេញនេះ មានតែកសិដ្ឋានចិញ្ចឹមខ្នាតធំៗ និងក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចធ្វើការនាំចេញបាន។

លោកថ្លែងដូច្នេះថា៖«មានតែក្រុមហ៊ុន និងកសិដ្ឋានខ្នាតធំៗទេ ដែលគាត់អាចនាំចេញបាន ហើយនៅពេលដែលគាត់អាចនាំចេញបានមួយចំនួនទៅ វាក៏ល្អ ដល់កសិករខ្នាតតូចដែរ។ បើកសិដ្ឋានខ្នាតធំនាំចេញទៅបាន កសិករខ្នាតតូច ក៏អាចរកទីផ្សារនៅក្នុងស្រុកងាយស្រួលផងដែរ យើងរំពឹងថា វានឹងមានទីផ្សារល្អ បើសិនជាអាចនាំចេញបាន»។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី២៣ កញ្ញាបានចេញលិខិតអំនាវបានអំពាវនាវដល់អ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញសត្វ និងផលិតផលសត្វដូចជា ជ្រូករស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែកគោ ស្បែកជ្រូក និងផលិតផលផ្សេងទៀតអាចដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត កម្មសត្វ ដោយបញ្ជាក់ពីប្រភេទសត្វ និងផលិតផលសត្វឱ្យបានច្បាស់លាស់ទៅតាមប្រភេទនីមួយៗចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ការដាក់ពាក្យស្នើសុំនេះ ដើម្បីឱ្យអគ្គនាយកដ្ឋានមានលទ្ធភាពរៀបចំបែបបទពាក់ព័ន្ធផ្សេងៗសុំការអនុញ្ញាតពីភាគីចិន ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃហានិភ័យ និងឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងក្នុងការនាំចេញ។

លោក ហេង យ័ន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ នៅខេត្តតាកែវ បានលើកឡើងដែរថា និតីវិធីការនាំចេញសត្វទៅក្រៅប្រទេសមានបែបបទត្រូវអនុវត្តច្រើន ដែលកសិករខ្នាតតូច មិនអាចនាំចេញបាននោះទេ ព្រោះពួកគាត់គ្មានចំណេះដឹងទាក់ទង នឹងស្តង់ដារអនាម័យ និងច្បាប់នាំចេញផ្សេងៗ។

លោកថ្លែងដូច្នេះថា៖«មុននាំចេញ ត្រូវពិនិត្យសុខភាពសត្វមុន ដល់ពេលចឹងទៅវែងឆ្ងាយណាស់ ហើយកសិករគ្មានក្រុមបច្ចេកទេសក្នុងដៃខ្លួនឯងនោះទេ។ បើក្រុមហ៊ុនគេមានផ្នែកគេគ្រប់សព្វ គេមានពេទ្យ គេមានអ្នកទីផ្សារ»។

លោកបន្តថា បច្ចុប្បន្នមាន់ចិញ្ចឹមក្នុងស្រុកមានតម្លៃជិតប្រាំពាន់រៀលក្នុងមួយគីឡូ ក្រាម ដែលតម្លៃនេះមិនអាចធ្វើឱ្យកសិករខ្នាតតូចចំណេញនោះទេ ប៉ុន្តែបើសម្រាប់កសិដ្ឋានធំៗគេទទួលបានចំណេញ ដោយសារកសិដ្ឋានអាចផលិតចំណី និងបង្កាត់ពូជដោយខ្លួនឯង។

គួរបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបាន កើនឡើង ៣៩ភាគរយ នៅឆ្នាំ២០២១ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំ ជាពិសេសការចិញ្ចឹមជ្រូកដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងអាចនាំចេញទៅក្រៅប្រទេសបាន។

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ត្រីសាច់ បានកើនឡើងដល់ ៩២ ភាគរយ ខណៈការផ្គត់ផ្គង់សាច់ជ្រូកអាចដំណើរការបាន១០០ភាគរយបានជាងប្រាំបួន ខែកន្លងមកហើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img