32 C
Phnom Penh
Friday, March 29, 2024

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ទីក្រុងគៀវ៖ កាលពីមួយឆ្នាំមុន នាយទាហានអ៊ុយក្រែនឈ្មោះ វ៉ូឡូឌីមៀ (Volodymyr) និងយុទ្ធមិត្តរបស់លោកបានបាញ់គ្រាប់រ៉ុក្កែតហ្វូង BM-21 Grad ទាំង៤០កាណុង ក្នុងពេលតែមួយ។ ប៉ុន្តែឥឡូវនេះ ពួកលោកអាចបាញ់បានត្រឹមតែពីរបីកាណុងប៉ុណ្ណោះក្នុងមួយលើក តម្រង់ចំគោលដៅឈរជើងរបស់ទាហានរុស្ស៊ី។

លោកបានពន្យល់ថា «យើងមិនមានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់បាញ់ទេ»។

អង្គភាពរបស់លោក ដែលជាកងវរសេនាតូចរថក្រោះលេខ១៧ នៅតែជួយបាញ់គាំទ្រដល់កងកម្លាំងអ៊ុយក្រែន ដែលកំពុងការពារទីក្រុងបាក់មុត (Bakhmout) នាទឹកចុងក្រោយ លើសមរភូមិស្ថិតនៅភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៊ីបានចំណាយពេលជាច្រើនខែ ដើម្បីដណ្តើមយកទីក្រុងយុទ្ធសាស្ត្រមួយនេះ។

កងកម្លាំងរុស្ស៊ី កាន់តែរុលខិតជិតដល់គោលដៅដណ្តើមយកទីក្រុងនេះហើយ ប៉ុន្តែត្រូវចំណាយជីវិតកងទ័ពច្រើនសម្បើមណាស់។

ខណៈពេលកំពុងរង់ចាំនៅក្រោមដើមឈើ ដើម្បីលាក់ពីភ្នែកទាហានរុស្ស៊ី លោក វ៉ូឡូឌីមៀ ទទួលបានបញ្ជាឲ្យបាញ់គ្រាប់រ៉ុក្កែតរបស់លោក សំដៅទីតាំងកាំភ្លើងត្បាល់របស់រុស្ស៊ី ដែលមានចម្ងាយប្រហែល១៥គីឡូម៉ែត្រ។

យុទ្ធមិត្តរបស់លោក បានលើកកាណុងរ៉ុក្កែតហ្វូង តម្រង់ទៅរកគោលដៅ ខណៈពេលដ្រូនរបស់អ៊ុយក្រែនកំពុងតែហោះពីលើ ដើម្បីវាយតម្លៃពីភាពត្រឹមត្រូវរបស់គ្រាប់ធ្លាក់។

ក្រុមរបស់លោកទទួលដំណឹងមកវិញថា គ្រាប់​រ៉ុក្កែត​ដំបូងធ្លាក់ខុសគោលដៅប្រហែល៥០ម៉ែត្រ ដូច្នេះត្រូវកែសម្រួល​កម្ពស់ និង​បាញ់​ពីរ​គ្រាប់​ទៀត ហើយ​ត្រឡប់​យ៉ាង​លឿន ទៅ​លាក់ខ្លួនក្រោមដើមឈើ​វិញ​ ​ ដើម្បីបំបាំងភ្នែកពីដ្រូនរបស់រុស្ស៊ី។ លើក​នេះ​គេ​ប្រាប់​ថា​ គ្រាប់ទាំងពីរនេះបានធ្លាក់ចំគោលដៅល្អណាស់។

ទោះបីយ៉ាងណាក៏ដោយ លោក វ៉ូឡូឌីមៀ មានការខកចិត្តយ៉ាងខ្លំង ដែលពួកគាត់មិនអាចបាញ់បានច្រើនជាងនេះ។

លោករអ៊ូថា «យើងអាចផ្តល់ការគាំទ្របន្ថែមទៀតដល់យុទ្ធមិត្តរបស់យើង ដែលបានពលីជីវិតនៅទីនោះ»។

លោកបាននិយាយថា អ៊ុយក្រែនបានបាញ់គ្រាប់រ៉ុក្កែតហ្វូង ហ្គ្រាដ (Grad) របស់ខ្លួនអស់ពីឃ្លាំងហើយ ដូច្នេះឥឡូវនេះ គឺពឹងផ្អែកលើគ្រាប់រ៉ុក្កែត ដែលមានប្រភពមកពីប្រទេសផ្សេងៗ ដូចជា​មក​ពី​សាធារណរដ្ឋ​ឆេក ប្រទេសរូម៉ានី និងប្រទេស​ប៉ាគីស្ថាន។ ប៉ុន្តែលោក​បាន​ត្អូញត្អែរ​ថា គ្រាប់​រ៉ុក្កែតផលិតនៅប្រទេស​ប៉ាគីស្ថាន​ គឺ «មិន​មាន​គុណភាព​ល្អទេ»។

ទោះបីជាសព្វាវុធទំនើបៗ ទើបមកដល់នាពេលថ្មីៗនេះ មានដូចជារថក្រោះ និងរថពាសដែកក៏ដោយ អ៊ុយក្រែននៅតែពឹងផ្អែកយ៉ាងខ្លាំងលើគ្រាប់រំសេវផលិតដោយអតីតសហភាពសូវៀត។

ចំណែកប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៊ី ដែលអាចបាញ់ចំគោលដៅយន្តហោះ ដ្រូន និងមីស៊ីល នៅតែជារបស់ដ៏មានតម្លៃដដែល។

នាពេលកន្លងមក សព្វាវុធ​ទំនើប​ៗនេះ​ បាន​ជួយ​រារាំង​រុស្ស៊ី​ មិន​ឲ្យគ្រប់​គ្រងដែនអាកាសអ៊ុយក្រែនទាំងស្រុងបានឡើយ។

ចំណែកលោក ចូសេហ្វ (Josef) មេបញ្ជាការមីស៊ីលការពារដែនអាកាសអ៊ុយក្រែន បាននិយាយថា រ៉ុក្កែតហ្វូងប្រភេទនេះ គឺជាគោលដៅទី១ សម្រាប់ទាហានរុស្ស៊ីតាមបាំញ់កម្ទេចចោល ដូច្នេះការយកចិត្តទុកដាក់ធំបំផុត គឺការពារវាឲ្យបានគង់វង្ស។ រថយន្តផ្ទុករ៉ុក្កែតមានរាងវែង ដែលមានរ៉ាដាស្រាប់ ត្រូវតែលាក់នៅក្នុងលេណដ្ឋានដ៏ជ្រៅ ឬត្រូវគ្របដណ្ដប់ដោយសំណាញ់បិទបាំង។

លោកនិយាយប្រាប់ថា «យើងមិនមានគ្រឿងបន្លាស់គ្រប់គ្រាន់ទេ។ បើខូច​ផ្នែកណាមួយហើយ​ យើង​មិន​មាន​គ្រឿង​បន្លាស់​ទេ ព្រោះ​រោងចក្រផលិតគ្រឿងបន្លាស់មិនមែន​នៅ​ក្នុងប្រទេសអ៊ុយក្រែន​ទេ»។

លោក ចូសេហ្វ មិនត្រឹមតែជំទាស់នឹងខ្លឹមសារមួយចំនួនក្នុងរបាយការណ៍ចារកម្មអាមេរិក ដែលលេចធ្លាយនោះទេ ប៉ុន្តែលោកថែមទាំងចោទ​សួរ​ថា តើ​ពួកគេ​ពិត​ជា​បាន​លាតត្រដាង​អាថ៌កំបាំងមែន ​ឬ​អត់?

លោកសួរទៀតថា «ហេតុអ្វីបានជាយើងគួរតែខឹងអាមេរិក?។ ព្រោះ​តែ​គេ​ផ្តល់​ព័ត៌មានឲ្យយើងនូវព័ត៌មាន ដែល​រុស្សីធ្លាប់​មានជាង​២០​ឆ្នាំកន្លងមក​ហើយ? ពិតជាគួរឲ្យអស់​សំណើច​ណាស់!»។

លោក​ ចូសេហ្វ ជឿជាក់​ថា រុស្ស៊ី​តែងតែ​ដឹងច្បាស់​ពី​សមត្ថភាព​របស់​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែន។ ប៉ុន្តែ​រុស្ស៊ី​នៅ​មិន​ទាន់​ដឹងច្បាស់​ពី​ពេលវេលា ឬ​ទីកន្លែង​ ដែលកងទ័ពអ៊ុយក្រែន ត្រៀមវាយបកទៅវិញ​នៅឡើយ​ទេ។ ចំណុចនេះនឹងក្លាយជាគន្លឹះក្នុងការដណ្តើមយកទឹកដីមកវិញ និងបន្ធូរបន្ថយសម្ពាធមួយចំនួននៅតាមខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន ដែលមានប្រវែង១ ៣០០គីឡូម៉ែត្រ។ ដូច្នេះ ប្រសិនបើការវាយបកនេះផ្ទុះចេញពីកន្លែងណាមួយភ្លាម រុស្សីនឹងបង្វែរទិសដៅនៃក្បួនទ័ពរបស់ខ្លួនសំដៅទៅចំណុចនោះ។

ប៉ុន្តែ​អ៊ុយក្រែន​ក៏​ត្រូវ​បំពាក់​អាវុធ និង​បំពាក់​គ្រឿង​បរិក្ខារ​ថ្មីដល់កងទ័ពនៅខ្សែត្រៀមជួរមុខរបស់ខ្លួនដែរ ​ដើម្បី​​វាយបក​ទៅលើកងទ័ពរុស្ស៊ី ដែលត្រង់ចំណុចនេះហើយ ភាគីទាំងពីរកំពុងតែប្រឹងផ្គត់ផ្គង់ស្បៀងអាហារ និងគ្រាប់រំសេវដល់សមរភូមិមុខ។ ចំណែកកងទ័ពអ៊ុយក្រែនវិញ ​កំពុងតែ​ប្រើប្រាស់​សព្វាវុធ​មួយ​ចំនួន ​ដែល​បានមកពីបណ្តាប្រទេស​លោកខាងលិច​។

លោក ចូសេហ្វ បាននិយាយដោយទុកចិត្តថា «យើងមានកងទ័ពគ្រប់គ្រាន់សម្រាប់ប្រយុទ្ធនៅពេលនេះ។ ប៉ុន្តែយើងត្រូវការគ្រាប់រំសេវ។ គ្រាប់រំសេវ គឺសំខាន់បំផុត»។

ចំណែកយុទ្ធជនអ៊ុយក្រែនម្នាក់ទៀត បានលើកជាសំណួរថា «តើពេលនេះជាឆ្នាំត្រូវប្រយុទ្ធ ឬជាឆ្នាំឈប់សម្រាកសម្រាប់អ៊ុយក្រែន។ ប្រសិន​បើ​យើង​ចាប់ផ្តើម​វាយបក​នៅ​ឆ្នាំ​នេះ ហើយ​ដណ្តើម​យក​ដី​របស់​យើងមក​វិញ នោះ​យើង​នឹង​ឈ្នះ។ ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​មិន​បាន​ទេ នោះ​យើងនឹង​មិន​មាន​កងទ័ព​សម្រាប់បន្តធ្វើ​សង្រ្គាម​​រយៈ​ពេល៥ ទៅ១០ ឆ្នាំ​ទៀត​ឡើយ»។

ងាកទៅស្តាប់ការព្រួយបារម្ភរបស់លោក វ៉ូឡូឌីមៀ មេបញ្ជាការកងវរសេនាតូចរថក្រោះលេខ១៧ ផ្នែករ៉ូក្កែតហ្វូងឈ្មោះ ហ្គ្រាដ គឺរិតតែមិនច្បាស់ទៅទៀត ដោយលោកនិយាយ​ថា​ «​ប្រទេស​នេះ​អស់កម្លាំង​ហើយ ចំណែក​សេដ្ឋកិច្ច​វិញក៏​ចុះខ្សោយអស់​ដែរ»។

​លោកបានសម្តែងក្តី​បារម្ភទៀត​ថា ប្រសិនបើ​សកម្មភាព​របស់​អ៊ុយក្រែន ​នៅ​សមរភូមិ​មិនអាច​​សម្រេចជោគជ័យនៅ​ក្នុង​ឆ្នាំ​នេះទេ នោះ​ការ​គាំទ្រ​របស់​លោកខាងលិចក៏​អាច​នឹង​ធ្លាក់ចុះដែរ។

លោកមេបញ្ជាការកងវរសេនាតូចរថក្រោះ ត្អូញត្អែយ៉ាងខ្លីថា «យើង​ក៏​បារម្ភ​ដែរ​ ខ្លាចសម្ព័ន្ធមិត្ត​លោក​ខាង​លិច​របស់​យើង ក៏​អស់ទឹកចិត្ត​​ជួយ​យើងបន្តទៀត»៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img