36 C
Phnom Penh
Thursday, March 28, 2024

អាមេរិក ងាកទៅបញ្ចុះបញ្ចូល ឥណ្ឌា ចំពេលតានតឹងជាមួយ ចិន

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានរៀបចំកិច្ចប្រជុំមួយ កាលពីថ្ងៃចន្ទទី២៦ខែកញ្ញា នៅឯមន្ទីរបញ្ចកោណជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ដោយអ្នកទាំង២ បានពិភាក្សាគ្នាអំពីវិធីធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី កាន់តែស៊ីជម្រៅ។

មន្ទីរបញ្ចកោណនិយាយថា រដ្ឋមន្ត្រីទាំង២ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការរួមគ្នាជាដៃគូដ៏ខ្ជាប់ខ្ជួន ដើម្បីជំរុញចក្ខុវិស័យរួមគ្នារបស់សហរដ្ឋអាមេរិក និងឥណ្ឌាសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ និងច្បាស់លាស់។

យោងតាមទីក្រុងវ៉ាស៊ីនតោន, បញ្ហាប្រឈមចម្បងចំពោះចក្ខុវិស័យនោះ គឺប្រទេសចិន ដែលបានបង្កជម្លោះទឹកដីជាមួយប្រទេសផ្សេងៗនៅសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងក៏បានប្តេជ្ញាថានឹងបង្រួបបង្រួមជាមួយតៃវ៉ាន់ឡើងវិញ ដែលខ្លួនមើលឃើញថាជាខេត្តបំបែកខ្លួនផងដែរ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin
ប្រទេសចិន និងសហរដ្ឋអាមេរិក បានប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងលើបញ្ហាកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសបន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ចទីក្រុងតៃប៉ិកាលពីខែសីហា ដែលជាទង្វើមួយ ត្រូវបានទីក្រុងប៉េកាំងមើលឃើញថាជាការបំផ្លាញអធិបតេយ្យភាពរបស់ខ្លួន។

ប្រទេសចិន បានឆ្លើយតបដោយការកាត់ផ្តាច់ទំនាក់ទំនងយោធា និងអាកាសធាតុជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានធ្វើសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់។

លោក Austin និយាយថា “សន្តិសុខក្នុងតំបន់ គឺមានសារសំខាន់ជាពិសេសនៅពេលនេះ ដោយសារតែការប្រមាថកាន់តែខ្លាំងរបស់ប្រទេសចិន ជាពិសេសទាក់ទងនឹងតៃវ៉ាន់។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ យើងបានឃើញ ប្រទេសចិន បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រកួតប្រជែងនឹងសណ្តាប់ធ្នាប់អន្តរជាតិ”។

លោកស្រី Nancy Pelosi អំឡុងដំណើរទស្សនកិច្ចទីក្រុងតៃប៉ិកាលពីខែសីហា
លោក Austin បន្ថែមថា សហរដ្ឋអាមេរិក និងឥណ្ឌា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពជុំវិញពិភពលោក។ លោក​ក៏​បាន​ស្តីបន្ទោស​ក្រុង​ប៉េកាំង​ដែល​​បដិសេធ​​ថ្កោលទោស​រុស្ស៊ី ​ជុំវិញ​ជម្លោះ​អ៊ុយក្រែនផងដែរ។

លោកនិយាយថា “ប្រទេសចិន បន្តគាំទ្ររុស្ស៊ី ចំពេលមានការលុកលុយនៅអ៊ុយក្រែន”។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏មិនអាចបញ្ចុះបញ្ចូលទីក្រុងញូវដែលី ឱ្យឈប់ធ្វើជំនួញជាមួយរុស្ស៊ីបានដែរ។ ជាក់ស្តែង ឥណ្ឌា បានបង្កើនការនាំចូលប្រេង និងធ្យូងថ្មពីរុស្ស៊ីយ៉ាងខ្លាំងក្នុងឆ្នាំនេះ៕

ដោយ៖ ពុទ្ធិញូវ

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img