35 C
Phnom Penh
Thursday, April 25, 2024

អង់គ្លេសព្រមានថា ហានិភ័យនៃការគណនាខុស គឺជាសោកនាដកម្ម ពីការរក្សាសម្ងាត់ផ្នែកយោធារបស់ប្រទេសចិន

ទីក្រុងឡុងដ៍៖ រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស នៅថ្ងៃនេះ បានជំរុញឲ្យប្រទេសចិនមានតម្លាភាពបន្ថែមទៀតអំពីការកសាងកម្លាំងយោធាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រនៃពេលវេលាមានសន្តិភាព ដោយលោកព្រមានពីភាពសម្ងាត់អំពីសកម្មភាពយោធារបស់ចិន អាចនាំមកនូវហានិភ័យនៃសោកនាដកម្មដោយសារគណនាខុស។

លោក ចេម ក្លេវើលី (James Cleverly) រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានលើកឡើងតាមរយៈសុន្ទរកថា ក្នុងពិធីជប់លៀងមួយ នាទីក្រុងឡុងដ៍ ដើម្បីផ្ញើសារទៅកាន់ប្រទេសចិន ដោយលោកបង្ហាញទស្សនៈ អំពីទំនាក់ទំនង ដែលបានបន្សល់ទុកជាយូរមកហើយនូវយុគសម័យមាស ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ កាម៉ារូន (David Cameron)។

លោកបានកត់សម្គាល់ថា នៅចន្លោះឆ្នាំ២០១៤ និង២០១៨ ប្រទេសចិនបានដាក់ឲកយដំណើរការនាវាចម្បាំងថ្មីដ៏ធំសម្បើម ហើយចិនយោធាចិនកំពុងតែបង្កើតមូលដ្ឋានយោធា នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។

ដោយព្រួយបារម្ភពីឥទ្ធិពលយោធាចិន លោក ចេម ក្លេវើលី ​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​បើក​ចំហ​បន្ថែម​ទៀត​អំពីគំនិតគោល និង​ចេតនាចម្បង ​នៅ​ពី​ក្រោយ​ការ​ពង្រីក​យោធា​របស់​ខ្លួន។

លោក​បាន​និយាយ​ថា​ «​តម្លាភាព​ គឺ​​ជា​​ផលប្រយោជន៍​របស់មនុស្សគ្រប់​គ្នា ​ហើយ​ការ​សម្ងាត់​អាច​បង្កជា​ហានិភ័យ​នៃសោកនាដកម្មដោយសារ​ការ​គណនា​ខុស​»។

លោកក៏បានព្រមានអំពីផលប៉ះពាល់ដ៏មហន្តរាយ ដែលអាចកើតមានពីជម្លោះណាមួយ នៅលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថា ជាខេត្តរបស់ខ្លួន។

លោកបាននិយាយដូច្នេះទៀតថា «គ្មានប្រទេសណាអាចការពារខ្លួនពីផលប៉ះពាល់បានទេ។ ការដាក់ខ្លួនឯងនៅឯកោងមិនជួយការពារគ្រោះមហន្តរាយចំពោះសេដ្ឋកិច្ចពិភពលោកទេ ហើយភាគច្រើនបំផុតគឺប្រទេសចិនក៏រងផលប៉ះពាល់ដែរ។ ខ្ញុំ​តក់ស្លុត​ណាស់នៅពេលសញ្ជឹង​គិត​ពី​ការ​បំផ្លិចបំផ្លាញ​ផ្នែកធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ​ ដែល​អាចកើត​មាន​ព្រមគ្នាដែរនោះ។ វា​សំខាន់​ណាស់​ ដែល​គ្មាន​ភាគី​ណា​មួយអាចចាត់​វិធានការជា​ឯកតោភាគី ​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បានទេ»។

នាពេលថ្មីៗកន្លងមកនេះ ប្រទេសចិនមិនបានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដីកោះតៃវ៉ាន់ទេ ហើយនៅក្នុងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសចិនបានរៀបចំល្បែងសង្រ្គាមជាហូរហែ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានជួបពិភាក្សាជាមួយប្រធានសភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) នៅពេលឈប់សម្រាកលើទឹកដីសហរដ្ឋអាមេរិក។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកលោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ថា ជាមេខ្លោងបំបែកខ្លួន ដែលចង់ឲ្យកោះតៃវ៉ាន់មានឯករាជ្យភាព ដោយលោកស្រីអះអាង​ថា ​គួរតែទុកឲ្យ​ប្រជាជន​តៃវ៉ាន់ ​ជាអ្នកសម្រេចចិត្ត​អំពី​អនាគត​របស់​កោះតៃវ៉ាន់ ព្រោះវាល្អជាជាងចូលរួមជាមួយប្រទេសចិនដីគោក​។

ត្រង់ចំណុចនេះ លោក ចេម ក្លេវើលី ក៏បានសម្តែងការសោកស្តាយចំពោះការប្រព្រឹត្តរបស់ប្រទេសចិនចំពោះជនជាតិភាគតិច អ៊ុយគួរ នៅក្នុងខេត្ត ហ្ស៊ីនជាំងភាគខាងលិចប្រទេសចិន ដែលអង្គការសហប្រជាជាតិ បាននិយាយចោទប្រកាន់កាលពីឆ្នាំ២០២២ថា រដ្ឋាភិបាលទីក្រុងប៉េកាំងអាចប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅទីនោះ។

លោក​បាន​ថ្លែង​ដោយ​មិន​បញ្ជាក់​លម្អិត​ឲ្យបានច្បាស់លាស់ថា​ «​យើង​នឹង​មិន​ទុក​ឲ្យ​អ្វី​ ដែល​បាន​កើត​ឡើង​នៅខេត្ត​ស៊ីនជាំងត្រូវបំភ្លេចចោល ឬ​លុបចោល​នោះ​ទេ»។

នៅក្នុងសុន្ទរកថានិយាយរិះគន់តែប្រទេសចិននេះ លោក ចេម ក្លេវើលី ក៏បានប្រតិកម្មចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដោយលោក បាននិយាយរំលឹកទីរដ្ឋាភិបាលក្រុងប៉េកាំង ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកមានសិទ្ធិវេតូប្រាំនាក់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យចិនដឹងអំពីច្បាប់ និងកាតព្វកិច្ច របស់ខ្លួន ពេលបានចូលជាសមាជិកអង្គការសហប្រជាជាតិ។

លោកបានមានប្រសាសន៍ថា «ការរួមរស់ដោយសន្តិភាពត្រូវចាប់ផ្តើមដោយការគោរពច្បាប់ និងស្ថាប័នជាមូលដ្ឋាន រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលការពារគ្រប់ប្រទេសឲ្យរួចផុតពីការឈ្លានពានរបស់ប្រទេសដទៃ»។

នៅក្នុងសុន្ទរកថាដ៏វែងនេះ លោក ចេម ក្លេវើលី ក៏បានទទួលស្គាល់ផងដែរនូវជម្រៅ និងភាពស្មុគស្មាញនៃប្រវត្តិសាស្ត្រ និងអរិយធម៌របស់ប្រទេសចិន ក៏ដូចជាជោគជ័យនៃគោលនយោបាយរបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីសម្រាប់មនុស្សជាង៨០០លាននាក់ ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ។

លោកបានសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះមិនអាចមានសង្រ្គាមត្រជាក់ថ្មីទេ ហើយប្រទេសនានា ត្រូវតែធ្វើការជាមួយប្រទេសចិន ដើម្បីធ្វើឲ្យមានវឌ្ឍនភាពលើបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួន ដែលពិភពលោកកំពុងប្រឈមមុខ។

លោករដ្ឋមន្ត្រីការបរទេស​បាន​បន្ថែម​ថា ចក្រភព​អង់គ្លេស​នឹង​ត្រូវ​បង្កើន​ថវិកា​ទ្វេ​ដង​សម្រាប់​គ្រោង​នឹង​សាងសង់​ស្ថានទូត​អង់គ្លេស​ថ្មី​ នៅ​ក្នុងទីក្រុង​ប៉េកាំង ដែលទើបតែទទួល​បាន​ការ​យល់ព្រម​ពីរដ្ឋាភិបាល​ចិន។

លោកបាននិយាយថា «យើងមិនរស់នៅក្នុងពិភពវេទនាសូន្យសុងទេ។ ផលប្រយោជន៍របស់ចិន គឺជាផលប្រយោជន៍របស់យើង។ យើងត្រូវតែប្រឈមមុខនឹងការពិត ដែលមិនអាចគេចផុតបាន ព្រោះគ្មានបញ្ហាសកលណាមួយ ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ការការពារជំងឺរាតត្បាតកូវីដ-១៩ និងចាប់ពីអស្ថិរភាពសេដ្ឋកិច្ចសកលរហូតដល់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលបញ្ហាទាំងនេះមិនអាចដោះស្រាយបានដោយគ្មានប្រទេសចិនបានឡើយ»៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img