33 C
Phnom Penh
Friday, March 29, 2024

សិង្ហបុរីវ៉ាទីក្រុងហុងកុងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកក្នុងតំបន់អាស៊ី

(ញូវយ៉ក)៖ របាយការណ៍ថ្មីមួយបានបង្ហាញថា ប្រទេសសិង្ហបុរីបានវ៉ាទីក្រុងហុងកុងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់អាស៊ី និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ទីបីក្នុងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សន្ទស្សន៍ Global Financial Centers Index (GFCI) ថា ទីក្រុងញូវយ៉កបានជាប់ចំណាត់ថ្នាក់ទីមួយ ទីក្រុងឡុងដ៍ជាប់ចំណាត់ថ្នាក់ទីពីរ ហើយទីក្រុងហុងកុងបានធ្លាក់ទៅចំណាត់ថ្នាក់ទី៤ វិញ ដែលវ៉ាដោយសិង្ហបុរី ខណៈទីក្រុង San Francisco បានកើនឡើង ២ចំណាត់ថ្នាក់មកកាន់ចំណាត់ថ្នាក់ទី ៥។

ការធ្លាក់ចុះចំណាត់ថ្នាក់របស់ទីក្រុងហុងកុងនេះ គឺដោយសារវិធានការរឹតបន្តឹងទប់ស្កាត់ជំងឺឆ្លង និងការចាកចេញរបស់អ្នកមានទេពកោសល្យ។

ទីក្រុងហុងកុងកំពុងព្យាយាមស្តារឡើងវិញនូវតួនាទីរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ខណៈដែលទីក្រុងនេះនៅតែបន្តដើរតាមការដឹកនាំរបស់ប្រទេសចិនក្នុងការព្យាយាមរក្សាករណីជំងឺកូវីដឱ្យនៅកម្រិតអប្បបរមា ខណៈប្រទេសផ្សេងទៀតក្នុងពិភពលោកផ្សេងទៀតកំពុងបើកចំហឡើងវិញ។

កិច្ចប្រជុំកំពូលនៅខែវិច្ឆិកាឆ្នាំនេះដែលនឹងប្រមូលផ្តុំធនាគារិកលំដាប់ពិភពលោកដែលរៀបចំឡើងដើម្បីស្ដារទំនុកចិត្តនៅក្នុងទីក្រុងនេះឡើងវិញ បានទទួលបានការសន្យាពីក្រុមហ៊ុនឈានមុខចំនួន២០ ថានឹងបញ្ជូនមន្ត្រីប្រតិបត្តិរបស់ខ្លួនឱ្យទៅចូលរួមក្នុងកិច្ចប្រជុំនេះក្នុងទីក្រុងហុងកុង។ ប៉ុន្តែភាពមិនច្បាស់លាស់ជុំវិញការបន្ធូរបន្ថយច្បាប់ធ្វើចត្តាឡីស័កនៅតែមាន ដែលបានធ្វើឱ្យចំនួនភ្ញៀវទេសចរចូលទៅកាន់ទីក្រុងនេះមានកម្រិតទាប និងនៅតែគំរាមកំហែងប៉ះពាល់ដល់ចំនួនអ្នកទៅទស្សនាទីក្រុងនេះ។

ម៉្យាងវិញទៀត សិង្ហបុរីរំពឹងថានឹងមានអ្នកទស្សនាច្រើនជាង ៤លាននាក់នៅឆ្នាំ២០២២។ ព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅសិង្ហបុរីរួមមាន កិច្ចប្រជុំកំពូលអាស៊ីរបស់វិទ្យាស្ថានមីលខេន (Milken Institute Asia Summit) សន្និសីទនាយកប្រតិបត្តិសកលរបស់ទស្សនាវដ្ដី Forbes និងកម្មវិធី Singapore Grand Prix នឹងជួយលើកកម្ពស់មុខមាត់របស់ទីក្រុងនេះឱ្យក្លាយជាទិសដៅទេសចរណ៍។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទីក្រុងនានារបស់ប្រទេសចិនដូចជា សៀងហៃ ប៉េកាំង និងហ្សិនចិន បានរក្សាចំណាត់ថ្នាក់របស់ខ្លួននៅក្នុងចំណាត់កំពូលទាំង១០ នៅក្នុងសន្ទស្សន៍ GFCI បើទោះបីជាមានវិធានការទប់ស្កាត់ជំងឺកូវីដដ៏តឹងរ៉ឹងដែលបានកាត់ផ្តាច់ប្រទេសចិនចេញពីពិភពលោកយ៉ាងមានប្រសិទ្ធភាពក៏ដោយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img