34 C
Phnom Penh
Thursday, April 25, 2024

សត្វផ្សោតមួយក្បាលទៀតប្រទះឃើញងាប់នៅទន្លេមេគង្គ

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WWF មានការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់នៃសត្វផ្សោតទន្លេមេគង្គឈ្មោលពេញវ័យមួយក្បាល មានទម្ងន់៩៣គីឡូក្រាម មានប្រវែង២១៥ ស.ម. ដែលត្រូវបានគេប្រទះស្លាប់អណ្តែតនៅចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ។

យោងតាមសេចក្តីថ្លែងការណ៍រួម របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WWF កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រោយពីបានពិនិត្យសាកសពរបស់សត្វផ្សោត អ្នកជំនាញវិទ្យាសាស្ត្រនៃក្រុមអ្នកស្រាវជ្រាវសត្វផ្សោតនៃរដ្ឋបាលជលផល និងអង្គការ WWF បានឱ្យដឹងថា សត្វផ្សោតដែលបានស្លាប់មួយក្បាលនេះមានស្នាមរបួសនៅលើកន្ទុយរបស់វា និងមានស្នាមឆូតវែងមួយនៅផ្នែកខាងក្រោមនៃព្រុយខ្នងរបស់វា។ ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា សត្វផ្សោតនេះបានស្លាប់រយៈពេលពីរថ្ងៃហើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចសន្និដ្ឋានបានថា តើការស្លាប់នេះអាចបណ្តាលមកពីការជាប់នឹងមងអ្នកនេសាទ ឬយ៉ាងណានោះនៅឡើយទេ។

ខណៈចំនួនសរុបរបស់សត្វផ្សោតទន្លេមេគង្គកំពុងនៅសេសសល់តិចតួច ការស្លាប់របស់សត្វផ្សោតពេញវ័យដែលមានសុខភាពល្អមួយក្បាលនេះ គឺជាពិតជាការសោកស្ដាយមួយយ៉ាងខ្លាំង ព្រោះវាជាកត្តាមួយប៉ះពាល់ដោយផ្ទាល់ដល់លទ្ធភាពនៃបន្តពូជរបស់ហ្វូងសត្វផ្សោតទន្លេមេគង្គ។ បច្ចុប្បន្នសាកសពសត្វផ្សោតនេះ ត្រូវបានបញ្ជូនទៅ រក្សាទុកនៅការិយាល័យរបស់អង្គការ WWF ក្នុងខេត្ត ក្រចេះ ដើម្បីឱ្យក្រុមអ្នកស្រាវជ្រាវបន្តការពិនិត្យបន្ថែមទៀតក្នុងគោលបំណង កំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់។

គួរបញ្ជាក់ថា នេះជាសត្វផ្សោតពេញវ័យទី៣ហើយដែល បានស្លាប់ក្នុងរយៈពេល៥ខែ ដំបូងក្នុងឆ្នាំ ២០២២នេះ ក្នុងឆ្នាំនេះក្រុមអ្នកស្រាវជ្រាវក៏ បានកត់ត្រាទុកការស្លាប់របស់កូនសត្វផ្សោតចំនួនពីរ ក្បាលផង ដែរ។ ថ្វីបើរដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួចហើយនូវការហាមឃាត់នៃការប្រើប្រាស់មងនេសាទនៅក្នុងដែនជម្រករបស់សត្វផ្សោតទន្លេ និងខណៈដែលអាជ្ញាធរមានសមត្ថកិច្ចនៃខណ្ឌរដ្ឋបាលជលផលថ្នាក់ខេត្តបានបន្តពង្រឹងការអនុវត្តច្បាប់នៃការហាមឃាត់នេះ ហើយក៏ដោយ ចំនួនសត្វផ្សោតពេញវ័យភាគច្រើននៅតែបន្តស្លាប់ដោយសារការជាប់ទៅនឹងមងអ្នកនេសាទដដែល។

សត្វផ្សោតត្រូវបានចាត់ថ្នាក់ថា ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាចំណាត់ថ្នាក់សកលខ្ពស់បំផុតនៃប្រភេទរងការគំរាមកំហែង។ យោងតាមការជំរឿនសត្វផ្សោតទន្លេមេគង្គឆ្នាំ២០២០ បានប៉ាន់ប្រមាណថាសត្វផ្សោតនៅមានចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងតំបន់ទីជម្រកតាមដងទន្លេមេគង្គប្រវែង ១៨០គីឡូម៉ែត្រក្នុងប្រទេសកម្ពុជា៕
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img