33 C
Phnom Penh
Friday, March 29, 2024

លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការចេញដីការរឹបអូសរថយន្តទំនើប ពាក់ព័ន្ធករណីឆរបោក និងចេញសែកស្អុយ

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការឹបអូសជាបណ្តោះអាសន្ន រថយន្តម៉ាក Rang Rover ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2V-6161 ជាកម្មសិទ្ធិរបស់ ឈ្មោះ គឹង វណ្ណៈ មានតួនាទីជាអភិបាលរង ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការឆរបោកប្រាក់ និងចេញសែកស្អុយ ដែលមានទំហំទឹកប្រាក់ ៥០ម៉ឺនដុល្លារអាម៉េរិក។

ការរឹបអូសនេះ បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះ បានដាក់ពាក្យប្តឹងទៅតុលាការរាជធានីភ្នំពេញ ដោយចោទប្រកាន់លោក គឹង វណ្ណៈ ពីបទឆរបោក និងបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ជួញដូរ ដែលបានប្រព្រឹត្តិកាលពីខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច បានឲ្យដឹងថា ការរឹបអូសជាបណ្តោះអាសន្ននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវលេខ៥៩៨ ភូមិទំបន់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កំណត់ហេតុឲ្យដឹងថា ក្នុងការចុះអនុវត្តនេះ គេមិនបានជួប លោក គឹង វណ្ណៈ ដែលជាកូនបំណុលនៃការអនុវត្តនោះទេ ។ ដោយខាងអាជ្ញាធរ បានជួបអ្នកកាន់កាប់ និងប្រើប្រាស់រថយន្តឈ្មោះ អេង សុភាព ភេទប្រុសអាយុ ៤៥ឆ្នាំ ដែលជាកូនចៅរបស់លោក គឹង វណ្ណៈ។ បន្ទាប់ពីការអានដីកាសម្រេចរឹបអូសឲ្យអ្នកដែលចូលរួមស្តាប់ ឃើញថា ឈ្មោះ អេង សុភាព ពុំបានតវ៉ាចំពោះការអនុវត្តនេះឡើយ ហើយបានឯកភាព និងសហការជាមួយអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ។

ព្រះរាជអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឈ្មោះ អេង សុភាព ធ្វើការប្រមូល និងរុះរើសម្ភារៈទាំងអស់ចេញពីក្នុងរថយន្តដែលជាកម្មវត្ថុនៃការអនុវត្ត និងប្រគល់សោរថយន្ត រួមទាំងរថយន្ត មកព្រះរាជអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញរឹបអូសជាបណ្តោះអាសន្នតាមនីតិវិធីច្បាប់ជាធរមាន។

គួរបញ្ជាក់ផងដែរថា សេចក្តីសម្រេចអនុវត្តតាមខ្លឹមសារនៃដីការសម្រេចរឹបអូសជាបណ្តោះអាសន្ន លេខ១៦៨ ក.ដ.រ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយសម្រេចធ្វើការរឹបអូសជាបណ្តោះអាសន្ននូវរថយន្តម៉ាក Rang Rover ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2V-6161 ជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះសុខ ស្រីនី ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា “កាលពីអំឡុងខែមីនា ឆ្នាំ២០២២ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស ដែលជាមនុស្សរាប់អានស្គាល់ជាមួយគ្រួសារនាងខ្ញុំ បានមកនិយាយលួងលោមសុំខ្ចីប្រាក់ពីនាងខ្ញុំចំនួន ៥០០ ០០០ (ហាសិបម៉ឺនដុល្លារ) ដើម្បីយកទៅធ្វើការងាររកស៊ីរបស់គាត់។ នៅពេលឈ្មោះ តឹង វណ្ណៈ មកសុំខ្ចីប្រាក់ពីនាងខ្ញុំនោះ គាត់បាននិយាយអះអាងប្រាប់នាងខ្ញុំ ថា គាត់សុំខ្ចីប្រាក់ពីនាងខ្ញុំនេះរយៈពេលតែមួយខែទេ គាត់នឹងបង្វិលសងប្រាក់មកខ្ញុំវិញគ្រប់ចំនួន។ ដោយជឿលើការអះអាង និងមានការទុកចិត្ត ព្រោះជាមនុស្សស្គាល់រាប់អានគ្នាផងនោះ នាងខ្ញុំក៏បានឯកភាពយល់ព្រម ឱ្យឈ្មោះ គឹង វណ្ណៈ ខ្ចីប្រាក់ចំនួន ៥០០.០០០ (ហាសិបម៉ឺនដុល្លារ) ដោយពេលនោះនាងខ្ញុំបានប្រគល់ប្រាក់ឱ្យ ទៅឈ្មោះ គឹង វណ្ណៈ តាមរយៈ ABA របស់នាងខ្ញុំ និងប្ដីរបស់នាងខ្ញុំ ទៅលេខគណនី ABA របស់ឈ្មោះ គឹង វណ្ណៈ”។

ពាក្យបណ្តឹងបន្តថា លុះដល់ថ្ងៃកំណត់សងប្រាក់ឈ្មោះ គឹង វណ្ណៈ បានចេញមូលប្បទានប័ត្រចំនួនពីរសន្លឹកប្រគល់មកឲ្យ នាងខ្ញុំដើម្បីទូទាត់សងប្រាក់ដែលជំពាក់នាងខ្ញុំកន្លងមកនោះ ដោយមូលប្បទានប័ត្រទាំងពីរនោះលេខ ៧៤៤៩៣៥ មានទឹកប្រាក់ចំនួន ២០០.០០០$ (ម្ភៃម៉ឺនដុល្លារអាមេរិក) បើកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ និងមូលប្បទានប័ត្រមួយសន្លឹកទៀតលេខ ៧៤៤៩៣៤ មានទឹកប្រាក់ចំនួន ៣០០.០០០$ (សាបសិបម៉ឺនដុល្លារអាមេរិក) បើកនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ក្រោយពីនាងខ្ញុំបានទទួលមូលប្បទានប័ត្រទាំងពីរសន្លឹកខាងលើនោះមក នៅពេលដល់ថ្ងៃកំណត់បើកប្រាក់ នាងខ្ញុំបានយកមូលប្បទានប័ត្រទាំងពីរសន្លឹកខាងលើទៅបើកប្រាក់ ពេលនោះស្រាប់តែភ្នាក់ងារធនាគារបានបញ្ជាក់ថាមូលប្បទានប័ត្រទាំងពីរសន្លឹកនោះគ្មានមូលនិធិ ឬ មូលនិធិមិនគ្រប់គ្រាន់ ។ នៅពេលនាងខ្ញុំបានទទួលព័ត៌មានខាងលើនោះភ្លាម នាងខ្ញុំក៏បានទំនាក់ទំនងជាមួយ ឈ្មោះ គឹង វណ្ណៈ ឲ្យចូលមកដោះស្រាយនូវបំណុលដែលបានជំពាក់នាងខ្ញុំកន្លងមក តែឈ្មោះ គឹង វណ្ណៈ នេះ បានព្យាយាមសុំពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្រោយមកទៀតឈ្មោះនេះក៏បានគេចវេសពុំបានចូលមកដោះស្រាយជាមួយនាងខ្ញុំឡើយ ដែលទង្វើ និងសកម្មភាពរបស់ឈ្មោះ គឹង វណ្ណៈ បានធ្វើឲ្យបាត់បង់ផលប្រយោជន៍ របស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ ទើបនាងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្ដឹងលើឈ្មោះ គឹង វណ្ណៈ នោះតាមផ្លូវច្បាប់។

ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពីលោក គឹង វណ្ណៈ បាននៅឡើយទេ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img