27.4 C
Phnom Penh
Thursday, April 25, 2024

រុស្ស៊ី លែងឲ្យអាមេរិក ត្រួតពិនិត្យអាវុធរបស់ខ្លួន ក្រោមសន្ធិសញ្ញា New START ទៀតហើយ

ប្រទេសរុស្ស៊ីបានប្រាប់សហរដ្ឋអាមេរិកថា ចាប់ពីពេលនេះទៅ ខ្លួននឹងមិនអនុញ្ញាតឲ្យមានការត្រួតពិនិត្យអាវុធរបស់ខ្លួន ក្រោមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ទៀតទេ ដោយសារតែបម្រាមធ្វើដំណើរដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសទីក្រុងមូស្គូ និយាយថា លក្ខខណ្ឌអធិការកិច្ច ដែលស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន បានបង្កើតគុណសម្បត្តិជាឯកតោភាគីសម្រាប់សហរដ្ឋអាមេរិក និងបានដកហូតសិទ្ធិសហព័ន្ធរុស្ស៊ី ក្នុងការធ្វើអធិការកិច្ចលើទឹកដីអាមេរិកយ៉ាងមានប្រសិទ្ធភាព។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានបន្ថែមថា រុស្ស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការអនុវត្តតាមបទប្បញ្ញត្តិទាំងអស់នៃសន្ធិសញ្ញានេះ។

សន្ធិសញ្ញា New START ដែលចូលជាធរមានក្នុងឆ្នាំ២០១១ បានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិក និងរុស្ស៊ីអាចដាក់ពង្រាយ និងកំណត់ការដាក់ពង្រាយមីស៊ីលបាញ់ចេញពីដី និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក ព្រមទាំងយន្តហោះដែលផ្ទុកក្បាលគ្រាប់។

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍មុនថា រដ្ឋបាលរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាក្របខ័ណ្ឌមួយដើម្បីជំនួស New START ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៦ ប្រសិនបើទីក្រុងមូស្គូបង្ហាញឆន្ទៈក្នុងការបន្តការងារលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។

ប៉ុន្តែបេសកកម្មរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនិយាយថា ទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចពិភាក្សាដាច់ដោយឡែកជាមួយទីក្រុងមូស្គូ ស្តីពីស្ថិរភាពជាយុទ្ធសាស្រ្តជុំវិញជម្លោះអ៊ុយក្រែន ហើយចាំបាច់ត្រូវសម្រេចចិត្តថាតើខ្លួនចង់បានអ្វី។

នៅថ្ងៃបន្ទាប់ វិមានក្រឹមឡាំងប្រកាសថា ពេលវេលាអស់ហើយ ដើម្បីចរចាអំពីសន្ធិសញ្ញាជំនួស New START ដែលជាហេតុធ្វើឲ្យសន្តិសុខពិភពលោកប្រឈមនឹងហានិភ័យ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img