35 C
Phnom Penh
Friday, March 29, 2024

រុស្ស៊ី ចិន និងអ៊ីរ៉ង់ ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា កងទ័ពជើងទឹករបស់រុស្ស៊ី ចិន និងអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នានៅឈូងសមុទ្រអូម៉ង់ក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក ។

ក្រសួងបាននិយាយថា សមយុទ្ធកំពុងធ្វើឡើងនៅក្នុងដែនទឹកនៃឈូងសមុទ្រអូម៉ង់ក្បែរកំពង់ផែ Chabahar ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ហើយក៏មានការចូលរួមពីនាវាបំពាក់ដោយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង Zircon របស់រុស្ស៊ី និងនាវាពិឃាតរបស់ចិនផងដែរ ។

ទន្ទឹមនោះ ក្រសួងការពារជាតិចិនក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា “សមយុទ្ធនេះនឹងជួយឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំង ៣ កាន់តែស៊ីជម្រៅ និងបង្ហាញពីភាពវិជ្ជមាននៃសន្តិភាព និងស្ថិរភាពក្នុងតំបន់” ។

ស្របពេលជាមួយគ្នានេះ សមយុទ្ធដែលធ្វើឡើងកាលពីថ្ងៃពុធ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យបានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាជាច្រើន រួមទាំងការបដិសេធរបស់ចិនក្នុងការរិះគន់ទីក្រុងមូស្គូ ជុំវិញសង្គ្រាមលុកលុយលើអ៊ុយក្រែន និងការបន្តគាំទ្រសេដ្ឋកិច្ចរុស្ស៊ីជាដើម ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរុស្ស៊ី ចិន និងអ៊ីរ៉ង់បានធ្វើសមយុទ្ធបែបនេះនោះ ពោលប្រទេសទាំងបីធ្លាប់ធ្វើសមយុទ្ធស្រដៀងគ្នាកាលពីឆ្នាំមុន និងក្នុងឆ្នាំ ២០១៩ ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងផ្នែកយោធា និងនយោបាយដែលកំពុងកើនឡើងរបស់ចិន ជាមួយសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img