35 C
Phnom Penh
Thursday, April 25, 2024

រុស្ស៊ី​បន្ទោស​អ៊ុយក្រែន ចំពោះការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​ ធ្វើឲ្យឆេះ​ឃ្លាំង​ស្តុក​ប្រេងនៅ​គ្រីមៀ

មូស្គូ៖​ អភិបាលក្រុងលើកបន្តុបដោយរុស្ស៊ី បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនបានបណ្តាលឲ្យមានអគ្គីភ័យឆេះឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី នៅកំពង់ផែគ្រីមៀក្នុងទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដោយធ្វើឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ដ៏ធំមួយងងឹតមេឃតែម្តង។

លោក មីខាអ៊ែល រ៉ាសវ៉ូឆេវ (Mikhail Razvozhaev) អភិបាលក្រុងសេវ៉ាស្តូប៉ូល បាននិយាយកាលពីថ្ងៃសៅរ៍ថា «អ្នកជំនាញបានពិនិត្យទីតាំងជាក់ស្តែង ហើយដឹងយ៉ាងច្បាស់ថា មានតែយន្តហោះដ្រូនមួយប៉ុណ្ណោះ ដែលអាចវាយប្រហារដល់ឃ្លាំងស្តុកប្រេងនេះបាន»។

លោក​បាន​និយាយទៀត​ថា គ្មាន​នរណា​ម្នាក់​រង​របួស​ក្នុង​អគ្គិភ័យ​នេះ​ទេ ហើយ​យន្តហោះ​ដ្រូន​មួយ​ទៀត​ ត្រូវ​បាន​​បាញ់​ទម្លាក់ បំណែក​របស់​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នេរ​សមុទ្រ​ខ្មៅ ស្ថិតក្បែរ​ស្ថានីយស្តុកប្រងនេះ។

សារព័ត៌មានអ៊ុយក្រែន បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីចារកម្មយោធាអ៊ុយក្រែនម្នាក់ បាននិយាយថា ឃ្លាំងស្តុកប្រេងជាង១០កន្លែង មានប្រេសងរុបប្រហែល៤០ ០០០តោន សម្រាប់ប្រើផ្គត់ផ្គង់ឲ្យកងនាវាចម្បាំងរបស់រុស្ស៊ីប្រចាំសមុទ្រខ្មៅ ត្រូវបានបំផ្លាញទាំងស្រុង។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ុយក្រែនដដែលនេះ មិនបានអះអាងថា អ៊ុយក្រែនជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារបំផ្លាញឃ្លាំងស្តុកប្រេងនេះទេ ប៉ុន្តែបានពណ៌នាការបំផ្ទុះនេះថា ជាការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ចំបោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើទីក្រុងនានារបស់អ៊ុយក្រែន កាលពីព្រលឹមថ្ងៃទ២៦ ខែមេសា ឆ្នាំ២០២៣។

លោកបាននិយាយដូច្នេះថា «ទណ្ឌកម្មបែប​នេះ​នឹង​មាន​រយៈពេល​យូរសម្រាប់រុស្ស៊ី។ នៅពេលអនាគតដ៏ខ្លី វានឹងកាន់តែល្អសម្រាប់អ្នករស់នៅក្នុងតំបន់គ្រីមៀទាំងអស់ មិនត្រូវនៅជិតកន្លែងយោធា និងកន្លែងភស្តុភាសម្រាប់ផ្គត់ផ្គង់ដល់កងទ័ពឈ្លានពានឡើយ។”

ភ្លាមៗក្រោយការបំផ្ទុះឃ្លាំងស្រុកប្រេង អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា លោកមិនមានព័ត៌មានណាមួយ ដែលបង្ហាញអ៊ុយក្រែន គឺជាអ្នកទទួលខុសត្រូវចំពោះការឆេះនេះទេ។

បន្ទាយទាហានរុស្ស៊ី នៅក្នុងទីក្រុងសេវ៉ាស្តូប៉ូល ធ្លាប់ទទួលរងការវាយប្រហារតាមអាកាសម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ីលើកទ័ពចូលឈ្នានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ចំណែករដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសម្តងហើយម្តងទៀតអំពីចេតនារបស់ខ្លួនក្នុងការដណ្តើមយកឧបទ្វីបគ្រីមៀមកវិញ ដែលរុស្ស៊ីបានលេបត្របាក់យកដោយខុសច្បាប់ នៅក្នុងឆ្នាំ២០១៤។

បន្ទាប់ពីការវាយប្រហារលើកមុន អ៊ុយក្រែនឈប់ប្រកាសទទួលខុសត្រូវដោយបើកចំហ ប៉ុន្តែបានសង្កត់ធ្ងន់ថា ខ្លួនមានសិទ្ធិវាយប្រហារលើគោលដៅណាមួយ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី។

មន្ត្រីអ៊ុក្រែនបានរាយការណ៍ទៀតថា យោធារុស្ស៊ីបានបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែន នៅលើផ្ទៃសមុទ្រ ដែលប៉ុនប៉ងវាយប្រហារកំពង់ផែគ្រីមៀ។ លោក​បាន​បន្ត​ថា ការ​បំផ្ទុះ​នេះ​បាន​បំផ្លាញ​បង្អួច​នៅ​ក្នុង​អគារ​អាផាតមិន​មួយ​ចំនួន ប៉ុន្តែ​មិន​បាន​រង​ការ​ខូច​ខាត​អ្វី​ផ្សេង​ទៀត​ទេ។

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេងនៅក្រុងសេវ៉ាស្តូប៉ូល កើតឡើងមួយថ្ងៃបន្ទាប់ពីមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារតំបន់លំនៅដ្ឋានជាច្រើនស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស២៥នាក់ ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បានទាមទរឲ្យសម្ព័ន្ធមិត្តលោកខាងលិចផ្តល់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនឲ្យល្អជាងមុន រួមទាំងយន្តហោះចម្បាំងផងដែរ។

លោកបាននិយាយថា «ការការពារដែនអាកាស កម្លាំងទ័ពអាកាសទំនើប ដែលគ្មានការការពារដែនអាកាសមានប្រសិទ្ធភាព គឺមិនអាចទៅរួចទេ បើមានតែកាំភ្លើងធំ និងរថពាសដែកនោះ។ អ្វីគ្រប់យ៉ាង ដែលចាំបាច់ដើម្បីផ្តល់សន្តិសុខដល់ទីក្រុងរបស់យើង ដល់ភូមិរបស់យើង ទាំងនៅតំបន់ព្រំដែន និងនៅសមរភូមិជួរមុខ គឺសព្វាវុធទំនើបៗ»។

លោកបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊លើទីក្រុងអ៊ុយក្រែន  កាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយលោកបាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ រួមទាំងកុមារតូចៗបួននាក់ផងដែរ។

ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយទៀតថា អគារលំនៅដ្ឋានចំនួន១០កន្លែង នៅក្នុងទីក្រុង អ៊ូម៉ាន (Uman) ត្រូវរងការវាយប្រហារពីគ្រាប់មីស៊ីលរុស្ស៊ី ដោយធ្វើឲ្យផ្ទះល្វែងមួយល្វែងត្រូវបានបំផ្លាញទាំងស្រុង។ រីឯមនុស្ស​១៨​នាក់​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ក្នុង​នោះ​។

ចំណែកនៅក្នុងតំបន់ ឌីនីប្រូ របស់អ៊ុយក្រែនវិញ ស្ត្រីម្នាក់ និងកូនស្រីពីរនាក់ ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់រុស្ស៊ី នៅពេលយប់នោះផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន បានថ្កោលទោសរុស្ស៊ីថា «អំពើអាក្រក់របស់រុស្ស៊ីអាចត្រូវបានបញ្ឈប់ដោយអាវុធ – អ្នកការពាររបស់យើងកំពុងតែតស៊ូ។ ទង្វើរបស់​អាច​ត្រូវ​បាន​បញ្ឈប់​ដោយ​ទណ្ឌកម្ម – ទណ្ឌកម្ម​ជា​សាកល​ត្រូវ​តែ​ដាក់ថែមទៀតលើរុស្ស៊ី»។

មេបញ្ជាការកងទ័ពអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានប្រាប់ចំនួនមីស៊ីលសរុប ដែលរុស្ស៊ីបានបាញ់ផ្លោងដាក់ទីក្រុងនានារបស់អ៊ុយក្រែននៅពេលយប់ ដែលមានមីស៊ីលចំនួន២១គ្រាប់ ត្រូវបានបាញ់ទម្លាក់ រួមជាមួយនឹងយន្តហោះដ្រូនពីរគ្រឿងទៀត។

មេទ័ពយោធាអ៊ុយក្រែន បាននិយាយទៀតថា មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ជាច្រើនគ្រាប់ក៏បានបាញ់សំដៅទីក្រុងគៀវផងដែរ ប៉ុន្តែប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់អស់ចំនួន១១គ្រាប់។

អាជ្ញាធរក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃទី២៦ ខែមេសាថា ការបាញ់ផ្លោងនៅទីក្រុងដូណែត (Donetsk) ភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៊ីកំពុងត្រួតត្រា បានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់ និងរបួស១៩នាក់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img