34 C
Phnom Penh
Thursday, March 28, 2024

រុស្ស៊ី​ចោទ​អ៊ុយក្រែន​ថា ​ប៉ុនប៉ង​សម្លាប់​លោក ពូទីន ដោយប្រើ​យន្តហោះ​ដ្រូនវាយប្រហារវិមានក្រឹមឡាំង

មូស្គូ៖ មន្ត្រីរដ្ឋាភិបាលរុស្ស៊ី បានចោទ្រប្រកាន់អ៊ុយក្រែនថា ប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ពេញមួយយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការប្រហារដោយយន្តហោះដ្រូន
លើវិមានក្រឹមឡាំង ដែលនេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតពីរដ្ឋាភិបាលទីក្រុងម៉ូស្គូចំពោះរដ្ឋាភិបាលទីក្រុងគៀវ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីយន្តហោះដ្រូនមួយគ្រឿងបានបំបុកអគារ ប៉ុន្តែមិនមានការខូចខាតសម្ភារៈរបស់វិមានក្រឹមឡាំងឡើយ ហើយមន្ត្រីរុស្ស៊ីបាននិយាយព្រមានថា ខ្លួនមានសិទ្ធិក្នុងការសងសឹកចំពោះទង្វើរបស់អ៊ុយក្រែន។

សារព័ត៌មានផ្លូវការរបស់រុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ថា «វិមានក្រឹមឡាំងបានវាយតម្លៃសកម្មភាពទាំងនេះថា ជាសកម្មភាពភេរវកម្មគ្រោងទុក និងជាការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី នៅមុនថ្ងៃដង្ហែក្បួនអបអរសាទរទិវាជ័យជំនះ ថ្ងៃទី០៩ ខែឧសភា»។

សារព័ត៌មានដដែលបានបញ្ជាក់ទៀតថា បានរាយការណ៏បន្ថែមថា លោក វ៉្លាឌីមៀ ពូទីន មិនបានផ្លាស់ប្តូរកាលវិភាគរបស់លោកទេ និងកំពុងធ្វើការនៅឯលំនៅដ្ឋានរបស់លោក ស្ថិតនឲនៅខាងក្រៅទីក្រុងម៉ូស្គូ។

ទីក្រុងមូស្គូបានប្តេជ្ញាថា ក្បួនដង្ហែនឹងដំណើរការទៅជាធម្មតាដូចការគ្រោងទុក ទោះបីជាមានការអំពាវនាវឲ្យចាត់វិធានការប្រតិកម្មដ៏ខ្លាំងប្រឆាំងនឹងអ៊ុយក្រែនក៏ដោយ។

អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានអំពាវនាវឲ្យចាត់វិធានការកម្ទេចចោល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ។

ចំណែកប្រធានសភាឌូម៉ារបស់រុស្ស៊ី លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) បាននិយាយថា «យើងនឹងទាមទារឲ្យមានការប្រើប្រាស់អាវុធធុនខ្លាំងបំផុត ដើម្បីបញ្ឈប់ និងកម្ទេចចោលរបបភេរវករទីក្រុងគៀវ»។

គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី ដែលតែងតែស៊ើបអង្កេតបទឧក្រិដ្ឋកម្មធំៗ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបើកការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌនេះ ស្តីពីអំពើភេរវកម្ម។

ប្រតិកម្មចំពោះការចោទ្រប្រកាន់ពីប្រទេសរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី នៅសន្និសីទសារព័ត៌មាននៅក្នុងប្រទេសហ្វាំងឡង់ បានបច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា «យើងមិនបានវាយប្រហារដាក់លោក ពូទីន ឬវាយប្រហារលើទីក្រុងមូស្គូឡើយ។ យើងការពារតែភូមិឋាន និងទីក្រុងរបស់យើង»។

ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo) Podolyak បាននិយាយថា រដ្ឋាភិបាលទីក្រុងគៀវមិនមានអ្វីពាក់ព័ន្ធនឹងឧប្បត្តិហេតុ ដូចការចោទប្រកាន់នោះទេ។

លោកបាននិយាយទៀតថា ការអះអាងរបស់រុស្ស៊ី គឺជារឿងក្លែងក្លាយ ដោយរុស្ស៊ីកំពុងរៀបចំយ៉ាងច្បាស់លាស់នូវការវាយប្រហារបែបភេរវកម្មជាទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន។

មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានធ្វើរបាយការណ៍ថា ប្រព័ន្ធការការពារដែនអាកាសអ៊ុយក្រែនសម្រាប់ប្រឆាំងយន្តហោះចម្បាំងរុស្ស៊ី ចាប់ផ្តើមដំណើរការ ហើយសំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមផ្លូវអាកាសបានបន្លឺសំឡេងរោរ៍ នៅទៅទាំងប្រទេសអ៊ុយក្រែន នាវេលាព្រឹកព្រលឹម ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​របស់អ៊ុយក្រែន បាន​រាយការណ៍​ថា​ អំពី​សំឡេង​ផ្ទុះ​នៅ​ភាគខាងត្បូងនៃទីក្រុង ហ្សាប៉ូរីហ្សា (Zaporizhzhia) និងនៅកំពង់ផែសមុទ្រខ្មៅនៃទីក្រុងអូដេសា (Odesa)។

រីឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនថូនី ប្លីងគិន (Antony Blinken) បានសង្ស័យចំពោះការចោទប្រកាន់ពីរុស្ស៊ី ចំពោះការវាយប្រហារដោយយន្តដ្រូនលើវិមានក្រឹមឡាំងនេះ។

លោកបាននិយាយាថា «ខ្ញុំ​បាន​ឃើញ​របាយការណ៍។ ខ្ញុំ​មិន​អាចបញ្ជាក់ពីការពិត​បាន​ទេ ព្រោះយើង​មិន​ដឹង​ទេ។ ខ្ញុំនឹងប្រមូលព័ត៌មានចេញពីវិមានក្រឹមឡាំងទាំងអស់ ទោះជាព័ត៌មានបែបណាក៏ដោយ»។

លោក ប៉ាវែល ហ្វែលជែនហាវអើ (Pavel Felgenhauer) អ្នកវិភាគផ្នែកវិស័យការពារជាតិរុស្ស៊ី ដែលបម្រើការជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសូវៀត បាននិយាយថា ប្រសិនបើការចោទប្រកាន់របស់វិមានក្រឹមឡាំង គឺជាការពិត វានឹងពិបាកទាយទុកមុនថា តើយន្តហោះដ្រូនប្រភេទណា ដែលគេប្រើក្នុងពេលវាយប្រហារនោះ។

លោកបានលើកឡើងដូច្នេះថា «នៅពេលយប់នោះ លោក ពូទីន ហាក់ដូចជាមិននៅក្នុងវិមានក្រឹមឡាំងទេ។ លោក​ទៅ​ទីនោះ​តែក្នុង​ម៉ោង​ធ្វើ​ការ ហើយ​ស្នាក់​​នៅ​ទី​នោះ​ដែរ»។

លោកបាននិយាយថា នៅក្នុងការសងសឹកវិញ រុស្ស៊ីអាចធ្វើបាន ដោយគ្រាន់តែបញ្ជាកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ឲ្យវាយប្រហារការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅកណ្តាលទីក្រុងគៀវ។

ប្រធានសភាឌូម៉ារបស់រុស្ស៊ី លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន បានអំពាវនាវថា «កម្ទេចចោលរបបទីក្រុងគៀវទៅ ដោយគ្មានការចរចាណាមួយជាមួយរបបលោក ហ្សឺឡឹនស្គី ឡើយ»៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img