36 C
Phnom Penh
Friday, March 29, 2024

រដ្ឋាភិបាលស្រមោល មីយ៉ាន់ម៉ា អង្វររកជំនួយអាវុធដូច អ៊ុយក្រែន ដើម្បីតតាំងជាមួយយោធា

លោក Du Wah Lachi La ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្តឲ្យ​ផ្តល់ជំនួយផ្នែក​យោធាដូចអ៊ុយក្រែន ស្របពេលដែលអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ាយ៉ាងហោចណាស់ ២,០០០ នាក់ត្រូវបានសម្លាប់ ក្នុងការតស៊ូប្រឆាំងនឹងយោធាដែលធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីឆ្នាំមុន ។

លោក Du Wah Lachi La បាននិយាយថា “យើងចាត់ទុក ការស្លាប់របស់តស៊ូ គឺជាតម្លៃដែលយើងត្រូវបាត់បង់” ។ យោធាបានហៅលោក និងសហការីរបស់លោកថា ជាភេរវករ និងហាមប្រជាជនមិនឲ្យទំនាក់ទំនងជាមួយ ប៉ុន្តែរដ្ឋាភិបាលស៊ីវិល (រដ្ឋាភិបាលស្រមោល) មានការគាំទ្រយ៉ាងទូលំទូលាយ ហើយ​ក្រុម​ប្រដាប់​អាវុធដែលជា​សម្ព័ន្ធមិត្ត​ដែល​គេ​ស្គាល់ថា ​ជាកងការពារ​ប្រជាជន​បាន​បង្កើត​ឡើង​នៅ​ទូទាំង​ប្រទេស ។

លោក Du Wah Lachi La ក្នុងវ័យ ៧០ ឆ្នាំបានបញ្ជាក់ទៀតថា “ខ្ញុំមិនដឹងថា ខ្ញុំនឹងស្លាប់នៅពេលណានោះទេ វាអាស្រ័យលើពេលវេលា ប៉ុន្តែខ្ញុំ​ប្តេជ្ញា​ចិត្ត​នឹងលះបង់​គ្រប់​យ៉ាង​ដើម្បី​ប្រទេស​របស់ខ្ញុំ” ។ លោកបន្តថា កងកម្លាំងដែលតស៊ូប្រឆាំង​នឹង​​យោធា រួមទាំងអតីតនិស្សិត និងអ្នកជំនាញផ្សេងៗ ​ត្រូវ​បានរត់ភៀសខ្លួនចូលទៅ​​ក្នុង​ព្រៃ​ ដោយ​សារ​ការ​គាប​សង្កត់​របស់​ពួកយោធា ។

ក្រៅ​ពី​មនុស្ស ២,០០០ ​នាក់ដែល​ស្លាប់​ក្នុង​ការ​ប្រយុទ្ធគ្នាហើយនោះ ក៏នៅមានជន​ស៊ី​វិល​ជាង​ ២,៥០០ ​នាក់ទៀត​ត្រូវ​បាន​សម្លាប់​នៅ​កន្លែង​ផ្សេង​ទៀតផង​ដែរ ដែលភាគ​ច្រើន​ជា​ការ​បង្ក្រាប​ការ​តវ៉ា ។ ពួកអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ​ ចាញ់ប្រៀប​ផ្នែក​សព្វាវុធដើម្បី​ប្រឆាំង​នឹង​យោធាដែលមានជំនួយពី​រុស្ស៊ី ចិន និង​ឥណ្ឌា និង​ប្រើ​យន្តហោះ​​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក ហើយរហូតមកដល់ពេលនេះប្រជាជនជាង ១.៣ លាននាក់ត្រូវបានរត់ភៀសខ្លួនចាកចេញពីផ្ទះសម្បែង ចាប់តាំងពីរដ្ឋប្រហារ ។

លោក Du Wah Lachi La បានអះអាងថា ក្រុមប្រឆាំងបានសម្លាប់ពួកយោធារដ្ឋាភិបាលប្រហែល ២០,០០០​នាក់ផងដែរ ប៉ុន្តែតួលេខនេះមិនអាចបញ្ជាក់ឲ្យច្បាស់លាស់បានឡើយ ។

ជាចុងក្រោយប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលស្រមោលបញ្ជាក់បន្ថែមថា “ប្រសិនបើយើងមានអាវុធប្រឆាំងយន្តហោះ អាចនិយាយបានថា យើងអាចឈ្នះតែក្នុងរយៈពេល ៦ ខែប៉ុណ្ណោះ ហើយប្រសិនបើយើងមានការគាំទ្រដូចគ្នា ដូចដែលអ៊ុយក្រែនទទួលបានពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នោះទុក្ខ​វេទនា​របស់​ប្រជាជន​ដែល​ត្រូវ​គេសម្លាប់​នឹង​ត្រូវ​រលត់​ភ្លាម​ជាមិនខាន” ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img