31 C
Phnom Penh
Friday, April 19, 2024

យោធាចិនត្រូវកសាងខ្លួនជា «មហាកំផែងដែកថែប» ដើម្បីសន្តិសុខជាតិ

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនត្រូវការពង្រឹងសន្តិសុខដោយការអភិវឌ្ឍ ហើយត្រូវតែធ្វើទំនើបកម្មយោធារបស់ខ្លួនដើម្បីឲ្យក្លាយជា «មហាកំផែងដែកថែប» ចំពេលមានការកើនឡើងនូវភាពតានតឹងជាមួយសហរដ្ឋអាមេរិក។

ថ្លែងសុន្ទរកថាជាលើកដំបូងចាប់តាំងពីសភាចិនបោះឆ្នោតជ្រើសរើសរូបលោកជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ លោក ស៉ី បានអំពាវនាវឲ្យចិនបង្កើនសមត្ថភាពការពារសន្តិសុខជាតិ និងគ្រប់គ្រងសន្តិសុខសាធារណៈ។ លោក ស៉ី បានគូសបញ្ជាក់ ក្នុងពិធីបិទសម័យប្រជុំសភាប្រចាំឆ្នាំ យ៉ាងដូច្នេះថា «កត្តាសន្តិសុខជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ចំណែកឯ ស្ថិរភាពគឺ ជាតម្រូវការចម្បងសម្រាប់ភាពចម្រុងចម្រើន របស់ប្រទេសជាតិ»។

លោក ស៉ី ក៏បានលើកឡើងផងដែរថា ប្រទេសចិនត្រូវតែសម្រេចបាននូវភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង និងភាពរឹងមាំនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំពេលដែលសហរដ្ឋអាមេរិក បង្កើនការរារាំងចិនពីការចូលទៅក្នុងទីផ្សារលក់ឧបករណ៍ផលិតបន្ទះឈីប និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។

គួរបញ្ជាក់ថា គណបក្សកុម្មុយនិស្តចិនត្រូវបានគេរំពឹងថានឹងរឹតបន្តឹងការត្រួតពិនិត្យលើបញ្ហាសន្តិសុខ ដែលជាវិធានការពង្រឹងថ្មីទៀត បន្ទាប់ពីលោក ស៉ី ទើបនឹងបានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី គឺលោក លី សាងហ្វូ (Li Shangfu) ជាអតីតមេទ័ពចិនម្នាក់ដែលរងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img