29 C
Phnom Penh
Tuesday, March 19, 2024

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កោះហៅការប្រជុំដើម្បីពិនិត្យកិច្ចការរដ្ឋ

ព្យុងយ៉ាង៖ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​ លោក​ គីម​ ជុងអ៊ុន​ បាន​កោះ​ហៅ​​​ឱ្យ​មានកិច្ច​ប្រជុំ​​ ឬ​សន្និសីទ​នយោបាយ​ដ៏​ធំ​មួយ​មុន​ដំណាច់​ឆ្នាំ​ ​ដោយ​​រំពឹង​ថា​នឹង​លើក​ឡើង​​អំពី​ទំនាក់​ទំនង​ដ៏​តាន​តឹង​របស់​លោក​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ និង​ទីក្រុង​សេអ៊ូល ​ជុំ​វិញ​ការ​ពង្រីក​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង​។​ ​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​​កូរ៉េ​ខាង​ជើង​ KCNA ​បាន​​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី​០១ ខែ​ធ្នូ​ នេះ​ថា​ លោក​ គីម​ ​បាន​ធ្វើ​ជា​អធិ​បតី​ក្នុង​កិច្ច​ប្រជុំ​នៃ​ការិយាល័យ​នយោបាយ​របស់​គណបក្ស​កម្មករ ដែល​កំពុង​កាន់​អំណាច​។ ​ក្នុង​កិច្ច​ប្រជុំ​នោះ​ ​​សមាជិក​បាន​ពិនិត្យ​មើល​ការ​អនុវត្ត​គោល​នយោបាយ​រដ្ឋ​នៅ​ឆ្នាំ​ ២០២២ ​​ហើយ​បាន​សម្រេច​ចិត្ត​រៀប​ចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​ធំ​ជាង​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស ​នៅ​ចុង​ខែ​ធ្នូ​ ដោយ​មិន​បញ្ជាប់​ថា​​ពេល​ណា​ឱ្យ​ច្បាស់​នៅ​ឡើយ​ទេ​។ ​

សូមបញ្ជាក់ដែរ​ថា មេដឹកនាំ​កូរ៉េខាង​ជើង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ននេះ​ ​​បាន​ប្រើ​ប្រាស់​សន្និសីទ​នយោបាយ​នៅ​ចុង​ខែ​ធ្នូ​ ឬ​ដើម​ខែ​មករា​ ដើម្បី​ពិនិត្យ​មើល​កិច្ចការ​រដ្ឋ​ និង​បង្ហាញ​ពី​គោល​ដៅ​សំខាន់​បំផុត​របស់​​លោក​​​លើ​​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ការ​បរទេស​ និង​ការ​អភិវឌ្ឍ​អាវុធ​។​ ​វា​អាច​ទៅ​រួច​ដែល​ថា​ កិច្ច​ប្រជុំ​​ធំ​ដូច្នេះ​ កំពុង​ជំនួស​មុខងារ​នៃ​​ការ​ថ្លែង​សុន្ទរកថា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ លោក​ គីម ​ជា​អ្វី​ដែល​លោក​ខាន​ធ្វើ​ចាប់​តាំង​​ពី​ឆ្នាំ​ ២០២០​មក​។

KCNA រាយការណ៍​ថា​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ព្យុងយ៉ាង​ លោក​គីម​បាន​ទទូច​ថា​​កូរ៉េ​ខាង​ត្បូង​​​នៅ​ឆ្នាំ​នេះ​បាន​យក​ឈ្នះ​លើ​​​ភាព​លំបាក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ​ទាំង​ក្នុង​ និង​ខាង​ក្រៅ​​ប្រទេស​ ដើម្បី​សម្រេច​បាន​នូវ​វឌ្ឍនភាព​ក្នុង​ការ​អភិវឌ្ឍន៍​ជាតិ ​និង​លើក​កំពស់​​កិត្យានុភាព​ និង​កិត្តិយស​របស់​ប្រទេស​​​។

សូម​​រំឭក​ថា​ ក្នុង​ឆ្នាំ​ ២០២២ នេះ​ កូរ៉េខាង​ជើង​បាន​បង្កើន​ការ​បាញ់​សាកល្បង​​អាវុធ​របស់​ខ្លួន​ក្នុង​ល្បឿន​​មិន​ធ្លាប់​មាន​ពី​មុន​មក​ ​រួម​ទាំង​ការ​បាញ់​មីស៊ីល​រំលង​ប្រទេស​ជប៉ុន​ និង​មីស៊ីល​ផ្លោង​​អន្តរ​ទ្វីប​ដែល​មាន​សមត្ថភាព​ដើរ​ដល់​សហរដ្ឋ​អាមេរិក​។ សកម្មភាព​នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ និង​ក្នុង​តំបន់​ និង​ធ្វើ​ឱ្យ​មាន​ការ​ប្រទាញ​ប្រទង់​បាក់​​បាក់​បែក​គ្នា​​នៅ​​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​មាន​រុស្ស៊ី​ និង​ចិន​កាន់​ជើង​កូរ៉េ​ខាង​ជើង​។ ​

​បើ​តាម​សេចក្ដីរាយការណ៍​របស់​ KCNA ​លោក​ គីម​ បាន​ពណ៌នា​ឆ្នាំ​ ២០២៣​ ខាង​មុខ​ថា​ជា​​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​ការ​សម្រេច​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់​ក្រោម​ផែន​ការ​រយៈ​ពេល​ ៥​ ឆ្នាំ​ ដែល​​បង្កើត​ឡើង​ក្នុង​អំឡុង​សមាជបក្ស​កាន់​អំណាច​ក្នុង​ខែ​មករា​ ឆ្នាំ​​២០២១​ ​ពោល​គឺ​នៅ​ពេល​ដែល​លោក​​​ប្តេជ្ញា​ថា​នឹង​កែប្រែ​សេដ្ឋកិច្ច​​កូរ៉េខាង​ជើង​ ហើយ​ជំរុញ​​ការ​ទប់​ទល់​ផ្នែក​​នុយក្លេអ៊ែរ​នៅ​ចំពោះ​មុខ​សហរដ្ឋ​អាមេរិក​ ដែល​ដឹក​នាំ​ការ​ដាក់​ទណ្ឌកម្ម​​ប្រឆាំង​នឹង​ក្រុង​ព្យុងយ៉ាង​។ 

​ក្នុង​អំឡុង​​សមាជ​នាពេល​នោះ​ លោក ​គីម ​បាន​ចេញ​បញ្ជី​​ផែនការ​​​​ដ៏​វែង​​​​នៃ​​ការ​បង្កើត​​សព្វា​វុធ​ទំនើប​ៗ​ រួម​ទាំង​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដ៏​មាន​ឥទ្ធិពល​ អាវុធ​លឿន​ជាង​សំឡេង ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​ផ្កាយ​រណប​ចារកម្ម ​និង​អាវុធ​នុយក្លេអ៊ែរ​​តាកទិក​៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img