32 C
Phnom Penh
Friday, March 29, 2024

មន្រ្តី ក.ប.ប . ខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី ក្នុងឱកាសចូលឆ្នាំចិន

ស្តាប់អត្ថបទជាសំឡេង

ប៉ៃលិន៖ ដើម្បីទប់ស្កាត់ចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ទំនិញហួសសុពលភាព និងខូចគុណភាព និងដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើម្ហូបអាហារ ព្រមទាំងណែនាំដល់អាជីវករ ដែលដាក់តាំងលក់ម្ហូបអាហារ និងទំនិញផ្សេងៗទៀតនៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ទំនិញដែលមន្រ្តីរបស់លោក តែងតែធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវេចខ្ចប់ រួមទាំងធ្វើតេស្តបឋម ពិនិត្យរកសារជាតិគីមីនៅលើគ្រឿងសមុទ្រ ប្រហិត សរសៃមីគុយទាវ បន្លែ ត្រីសាច់ ជាដើម ដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ ពលរដ្ឋ និងអាជីវករទាំងអស់ ឱ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។

លោកប្រធានសាខា បានបញ្ជាក់ទៀតថា៖ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ដែលជនខិលខូច បានក្លែងបន្លំចរាចរណ៍លក់នៅលើទីផ្សារ និងម្ហូបអាហារដែលខូចគុណភាពមានសារធាតុគីមី ហើយយើងក៏បានអប់រំផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ ដូច្នេះហើយសូមឱ្យ បងប្អូនអាជីវករ លក់នៅតាមបណ្តាតូបនានា មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែផលចំណេញជាធំ និងសុំឱ្យទាំងអស់គ្នា រួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូបអាហារលើទីផ្សារ។

សូមបញ្ជាក់ថា៖ ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រី (ក.ប.ប.)ខេត្ត បានធ្វើតេស្តឃីត ត្រួតពិនិត្យលើចំណីអាហារសំខាន់ៗរួមមាន៖ គ្រឿងសមុទ្រ ពពុះសណ្តែក បាញ់កាញ់ គុយទាវ ប្រហិត គ្រឿងទេស ជាលទ្ធផលអវិជ្ជមាន គឺមិនមានផ្ទុកសារធាតុគីមីធ្វើឱ្យប៉ះពាល់សុខភាពនោះទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img