36 C
Phnom Penh
Thursday, March 28, 2024

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានទទូចដល់ពលរដ្ឋទូទាំងប្រទេសបដិសេធចំពោះការហូបសាច់សត្វព្រៃ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវយ៉ាងទទូចដល់ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបដិសេធចំពោះការទទួលទានសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាព អភិរក្សឱ្យនៅស្ថិតស្ថេរគង់វង្ស។ ជាមួយគ្នានេះ ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួម ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ការដាក់អន្ទាក់ ការប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ។

ការអំពាវនាវនេះ បន្ទាប់ពីមន្ត្រីឧទ្យានុរក្ស កាលពីឆ្នាំ២០២១ បានរកឃើញ និងដោះអន្ទាក់ ដែលជនល្មើស ដាក់ពង្រាយដើម្បីចាប់សត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិ បានជាង៦ម៉ឺនអន្ទាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានយុទ្ធនាការអន្ទាក់សូន្យនាស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែឧសភា ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ធនធានសត្វព្រៃរបស់ ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ជាមធ្យម ក្នុងមួយ ឆ្នាំ មានអន្ទាក់សរុបចំនួនប្រមាណជាង ៤ម៉ឺនអន្ទាក់ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ។ ឯកឧត្តម មានប្រសាសន៍ថា “ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិ ជាដៃគូក្នុងវិស័យបរិស្ថានបានរួមគ្នាធ្វើយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ក្នុងគោលដៅឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ”។

លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS ប្រចាំនៅកម្ពុជា រំពឹងថា តាមរយៈយុទ្ធនាការនេះ នឹងអាចឈានដល់ការរៀបចំលិខិតបទដ្ឋានបន្ថែម ដើម្បីកំណត់លើការ ប្រើប្រាស់អន្ទាក់សម្រាប់ដាក់សត្វព្រៃ ក៏ដូចជាជំរុញទៅលើការអនុវត្តន៍ច្បាប់ និងការផ្សព្វផ្សាយពីផល ប៉ះពាល់ពីការដាក់អន្ទាក់ក្នុងតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដែលមានរយៈពេល៦ខែ បាននិងកំពុងធ្វើនៅក្នុងខេត្តចំនួន៦ មានដូចជា៖ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ សំដៅកែប្រែ និងផ្លាស់ប្តូរ ឥរិយាបថពលរដ្ឋមួយចំនួន ដែលនិយមហូបសាច់សត្វ ឱ្យងាកមកចូលរួមរកការពារសត្វព្រៃ ដែលមាននៅ សេសសល់ក្នុងប្រទេសកម្ពុជា។យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីខេត្តទាំង៦នេះ មានសកម្មភាពលក់សាច់ សត្វព្រៃដោយខុសច្បាប់នៅតាមទីផ្សារ និងនៅតាមតំបន់នានានាពេលកន្លងមក។

របាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថា កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃចំនួន៦២៥លើក ដោយ សង្គ្រោះសត្វព្រៃបានចំនួន១.២៧១ក្បាល និងបានរឹបអូសសាច់សត្វព្រៃ ដែលបានសម្លាប់រួចចំនួន៣.៦០៩ក្បាល។ ក្នុងប្រតិបត្តិការបង្ក្រាបកាលពីឆ្នាំទៅនេះដែរ ក៏បានដោះលែង សត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន៨៦៤ក្បាល ខណៈបទល្មើសចំនួន១១ករណី ត្រូវបានបញ្ជូន សំណុំរឿងទៅតុលាការ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img