36 C
Phnom Penh
Tuesday, March 19, 2024

មនុស្សរាប់ពាន់នាក់តវ៉ាប្រឆាំងការវាយប្រហាររបស់តួកគីលើក្រុមឃើដនៅទឹកដីស៊ីរី

បាតុករស៊ីរី និងឃើដលើករូបភាពមនុស្សស្លាប់ក្នុងអំឡុងពេលមានជម្លោះ ខណៈពួកគេតវ៉ាប្រឆាំងនឹងការគំរាមកំហែងរបស់តួកគីនៅតំបន់របស់ពួកគេ នៅក្នុងទីក្រុង Qamishli ភាគឦសាននៃប្រទេសស៊ីរីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ AFP

អ្នកកាសែត AFP ម្នាក់ បាននិយាយថា ប្រជាជនឃើដរាប់ពាន់នាក់ បានធ្វើការតវ៉ាកាលពីថ្ងៃអាទិត្យនៅទីក្រុង Qamishli នៃប្រទេសស៊ីរី ប្រឆាំងនឹងការវាយប្រហារឆ្លងព្រំដែនរបស់ប្រទេសតួកគី ដែលបានកំណត់គោលដៅទៅលើក្រុមឃើដ នៅភាគឦសានប្រទេសនេះ។

កាលពី១សប្តាហ៍មុន ប្រទេសតួកគី បានចាប់ផ្តើមការវាយប្រហារផ្លូវអាកាសប្រឆាំងនឹងតំបន់ឃើដពាក់កណ្តាលស្វយ័តនៅភាគខាងជើង និងភាគឦសាននៃប្រទេសស៊ីរី និងឆ្លងកាត់ព្រំដែនក្នុងប្រទេសអ៊ីរ៉ាក់។

ប្រទេសនេះ ក៏បានគំរាមកំហែង វាយលុកថ្មើរជើងនៅក្នុងតំបន់ទាំងនោះនៃប្រទេសស៊ីរីផងដែរ។

ការវាយប្រហារ បានកើតឡើង បន្ទាប់ពីមានការវាយប្រហារគ្រាប់បែក កាលពីថ្ងៃទី១៣ ខែវិច្ឆិកានៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបណ្តាលឱ្យមនុស្ស ៦ នាក់ស្លាប់ និង ៨១ នាក់រងរបួស ហើយទីក្រុងអង់ការ៉ា បានស្តីបន្ទោសទៅលើគណ បក្សពលករឃើដ (PKK) ដែលខ្លួន និងសម្ព័ន្ធមិត្តលោកខាងលិច ចាត់ទុកថាជាក្រុមភេរវករ។

PKK បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋតួកគី ចាប់តាំងពីឆ្នាំ ១៩៨៤។ តួកគី បានចោទប្រកាន់ថា យុទ្ធជនឃើដ ស៊ីរី គឺជាសម្ព័ន្ធមិត្តរបស់ PKK។

ក្រុមឃើដ បានបដិសេធថា មិនមានការទាក់ទិនក្នុងការវាយប្រហារគ្រាប់បែកក្នុងទីក្រុងអង់ការ៉ានោះទេ។

អ្នកកាសែត AFP នោះ បាននិយាយថា ក្រុមបាតុករនៅក្នុងទីក្រុង Qamishli ដែលគ្រប់គ្រងដោយឃើដនៅក្នុងខេត្ត Hasakeh កាលពីថ្ងៃអាទិត្យ បានបង្ហាញពីរូបភាពនៃមនុស្សដែលត្រូវបានសម្លាប់ ក្នុងអំឡុងពេលនៃការវាយប្រហារចុងក្រោយនៅក្នុងតំបន់ពាក់កណ្តាលស្វយ័តនោះ។

ពួកគេ បានកាន់ទង់ជាតិឃើដ អមជាមួយរូបថតមេដឹកនាំ PKK លោក Abdullah Ocalan ដែលជាប់ពន្ធនា គារក្នុងប្រទេសតួកគី តាំងពីឆ្នាំ ១៩៩៩ ហើយក្រុមអ្នកតវ៉ា បានស្រែកពាក្យស្លោកប្រឆាំងនឹងប្រធានាធិបតីតួកគី រ៉េសិបតៃយីប អេរដូហ្គែន។

ពួកគេក៏បានស្រែកគាំទ្រការតស៊ូនៅក្នុងតំបន់ Rojava ជាឈ្មោះដែលប្រជាជនឃើដនៅស៊ីរីដាក់ឱ្យតំបន់ដែល ពួកគេគ្រប់គ្រង។

អ្នកតវ៉ាឈ្មោះ Siham Sleiman មានអាយុ ៤៩ ឆ្នាំ បានប្រាប់សារព័ត៌មាន AFP ថា៖ «ប្រជាជនឃើដនៅតែមានឆន្ទៈ»។ ឆន្ទៈនោះ នឹងមិនត្រូវបានបំបែក ហើយយើងត្រៀមខ្លួនជានិច្ច។ យើងនឹងមិនចាកចេញពីទឹកដីប្រវត្តិ សាស្ត្ររបស់យើងទេ»។

អ្នកតវ៉ាម្នាក់ទៀតឈ្មោះ Salah el-Dine Hamou មានអាយុ ៥៥ ឆ្នាំ បាននិយាយថា៖ «សារដែលយើងចង់ បង្ហាញទៅកាន់ពិភពលោក គឺថាយើងជាជនរងគ្រោះនៃការលុបបំបាត់។

តើយើងនឹងបន្តស្លាប់ដល់ពេលណា ខណៈប្រទេសផ្សេងទៀតតាមដាននោះ?

ការវាយប្រហាររបស់តួកគី បានបណ្តាលយុទ្ធជនឃើដ និងទាហានស៊ីរីយ៉ាងតិចណាស់ ៥៨នាក់ស្លាប់ រួមទាំងអ្នកកាសែតឃើដម្នាក់ផង។ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលមានបណ្តាញប្រភពទូលំទូលាយនៅក្នុងប្រទេសស៊ីរី។

យោធាតួកគី បានធ្វើការវាយលុកចំនួន៣លើក ប្រឆាំងនឹងក្រុមយុទ្ធជនឃើដ និងក្រុមជីហាដ ចាប់តាំងពីឆ្នាំ ២០១៦ ហើយដណ្តើមយកទឹកដីនៅភាគខាងជើងប្រទេសស៊ីរី ដែលកាន់កាប់ ដោយក្រុមតំណាងស៊ីរី គាំទ្រដោយទីក្រុងអង់ការ៉ា មកគ្រប់គ្រងវិញ។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយអាមេរិកដែលបច្ចុប្បន្នជាកងទ័ពឃើដពិតប្រាកដ នៅក្នុងតំបន់នោះ បានដឹកនាំការប្រយុទ្ធដែលបានបណ្តេញក្រុម IS ចេញពីទឹកដីស៊ីរីរបស់ពួកគេ នៅក្នុងឆ្នាំ ២០១៩៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img