34 C
Phnom Penh
Tuesday, March 19, 2024

ព្រះចៅស៊ុលតង់ ស្នើឱ្យពិភាក្សាអំពីការនាំចេញអង្ករផ្កាម្លិះពីកម្ពុជាទៅព្រុយណេ

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសកម្ពុជា និងព្រុយណេ សហការគ្នាលើវិស័យកសិកម្ម និងពិភាក្សាគ្នាអំពីការនាំចេញអង្ករផ្កាម្លិះពីប្រទេសកម្ពុជា ទៅប្រទេសព្រុយណេ ផងដែរ។

ការស្នើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិក្សាការងារទ្វេភាគីជាមួយព្រះចៅ ស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ នាវិមានសន្តិភាព។

នៅក្នុងជំនួបនោះ ព្រះចៅស៊ុលតង់ បានសម្ដែងនូវព្រះរាជអំណរសាទរ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងល្អ និងជោគជ័យ។

ព្រះចៅស៊ុលតង់ ក៏បានសម្ដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងព្រះរាជដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ជាមួយគ្នានេះ ព្រះចៅស៊ុលតង់ ព្រុយណេ ក៏បានសម្ដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះទាក់ទំនងរវាងព្រះរាជាណា ចក្រទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ព្រះអង្គ ក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការ បន្តលើគ្រប់វិស័យបន្ថែមលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ជាពិសេសព្រះអង្គ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរវាងប្រទេសទាំងពីរ សហការគ្នាលើវិស័យកសិកម្ម និងការនាំចេញអង្ករផ្កាម្លិះពីប្រទេសកម្ពុជា ទៅប្រទេសព្រុយណេ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយផ្ទាល់ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពថ្លែងអំណរគុណ ជូនដល់ព្រះចៅស៊ុលតង់ ចំពោះកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img