36 C
Phnom Penh
Friday, March 29, 2024

ផែនការអភិវឌ្ឍន៍ធំៗរវាងបឹងកេត និងក្លិបលីគកំពូលជប៉ុន Shonan Bellmare

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ លោក KIYOSHI SEKIGUCHI នាយកបច្ចេកទេស ក្លិប Shonan Bellmare បាន ធ្វើដំណើរទស្សនកិច្ចផ្លូវការ ក្លិបបាល់ទាត់បឹងកេត ដោយមានការទទួលស្វាគមន៍ពី អ្នកស្រី ពុធ ធីតា ប្រធានក្លិប និងលោក បែ មករា អគ្គលេខាធិកា ដើម្បីពិនិត្យ និងពិភាក្សាលើ ការងារសហប្រតិបត្តិការរវាងក្លិបទាំង២។

ជុំវិញការចុះមកទស្សនកិច្ច ក៏ដូចជាពិនិត្យពិភាក្សាលើកិច្ចសហប្រត្តិបត្តិការនេះ ក្លិបទាំងពីរ បាន និងកំពុងត្រៀមក្នុងការធ្វើការរួមគ្នាមួយចំនួន ក្នុងគោលដៅផ្លាស់ប្តូរបទពិសោធ និង អភិវឌ្ឍន៍ បាល់ទាត់រួមគ្នាជាច្រើន ដែលនឹង លេចចេញជាផ្លូវការនាពេលអនាគត។

លោក លោក KIYOSHI SEKIGUCHIមានប្រសាសន៍ថា “៖ យើងបានស្រាវជ្រាវពីក្លិបនេះ ហើយបានដឹងថា ជាក្លិបមានសក្ដានុពល ហើយកីឡាករវ័យក្មេងក៏មានសក្ដានុពលថែមទៀត។ យើងបានមើលការប្រកួតរបស់ពួកគេ ហើយក៏ភ្ញាក់ផ្អើលចំពោះសមត្ថភាពកីឡាករ។ អ៊ីចឹងហើយបានជាយើងសម្រេចចិត្តសហការជាមួយបឹងកេត។ យើងមាន ផែនការសហការចំនួន៣ ទី១ គឺអញ្ជើញក្រុមក្មេងៗបឹងកេតទៅចូលរួមការប្រកួតយុវជន។ ទី២ គឺការប្រកួតមិត្តភាពនៅកម្ពុជាក្នុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំនេះ ដោយយើងនឹងបញ្ជូនក្រុមអាយុក្រោម២៣ឆ្នាំរបស់យើងមកប្រកួតជាមួយបឹងកេត។ គម្រោងចុងក្រោយ តែគ្រាន់ស្ថិតក្នុងពិភាក្សាសិនទេ គឺការផ្លាស់ប្ដូរកីឡាករទៅវិញទៅមក។ យើងមានកីឡាករវ័យក្មេងៗល្អៗ តែអត់មានឱកាសលេងនៅ J-League។ យើងចង់ឲ្យពួកគេបានលេង តែមិនមែនផ្ទេរផ្ដាច់ទេ គឺឲ្យខ្ចី។ ហើយបើបឹងកេតចង់ឲ្យកីឡាករខ្លួនទៅលេងនៅក្រុមយើង ក៏អាចបានដូចគ្នា តែក្នុងការពិភាក្សានៅឡើយទេ។ ក្រៅពីហ្នឹង យើងសង្ឃឹមថា ក៏អាចសហការគ្នាបានច្រើនពីហ្នឹងទៀត មិនមែនតែកីឡាករទេ អាចជាគ្រូបង្វឹក ហើយការសហការលើពាណិជ្ជកម្មថែមទៀត មិនមែនតែលើទីលានទេ។”

ជុំវិញចំណាប់អារម្មណ៍លើការប្រកួតបាល់ទាត់នៅកម្ពុជា លោក KIYOSHI SEKIGUCHI មើលឃើញថា ពិតជាមានភាពតានតឹង ដោយក្រុមចង់ឈ្នះរៀងៗខ្លួន។ តែអ្វីដែលលោកនឹកស្មានមិនដល់នោះ ទោះបីការប្រកួតបែប aggressive បន្តិចមែន តែពេលចប់ ក្រុមនៅតែបង្ហាញការគោរពគ្នាទៅវិញទៅមក និងចំពោះអ្នកគាំទ្រថែមទៀត។

ជាមួយគ្នានោះ លោក KIYOSHI ក៏បានចូលរួមធ្វើបទបង្ហាញអំពី បច្ចុប្បន្នភាព នៃក្លិបបាល់ទាត់ Shonan Bellmare និងបង្ហាត់បង្ហាញដល់ យុវជនអាយុក្រោម ១៨ឆ្នាំ និងសិស្សសាលាបាល់ទាត់បឹងកេត ផងដែរ ដោយលោកបានសង្កេតឃើញពីបច្ចេកទេស ក៏ដូចជាភាពប៉ិនប្រសព្វរបស់យុវជន បឹងកេតថែមទៀតផង។

គួរដឹងដែរថា បឹងកេត និង Shonan Bellmare ចាប់ផ្ដើមសហការគ្នា ដើមឆ្នាំ២០២២នេះ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img