ក្លិបបាល់ទាត់បឹងកេតបានចុះហត្ថលេខាក្នុងកិច្ចសហការរួមគ្នាជាមួយក្រុមហ៊ុន Kofi នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា។ កម្មវិធីនេះមានការចូលរួមជាមួយអធិបតីពីអ្នកស្រី ឃឹម ឈាន ប្រធានក្រុមហ៊ុន Kofi, អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និងលោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត។
អ្នកស្រី ឃឹម ឈាន ប្រធានក្រុមហ៊ុន Kofi មានប្រសាសន៍ថា អ្នកស្រីពិតជារីករាយដែលបានសហការជាមួយក្លិបបឹងកេតដើម្បីរួមចំណែកអភិវឌ្ឍបាល់ទាត់ឱ្យកាន់តែរីកចម្រើន។ ម្យ៉ាងទៀតក្រុមហ៊ុន Kofi និងក្លិបបាល់ទាត់បឹងកេតមានចក្ខុវិស័យដូចគ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងគាំទ្រផលិតផលជាតិ។ ចំណែកបឹងកេតជាក្លិបក្នុងស្រុកទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន និងកំពុងបណ្ដុះបណ្ដាលយុវជន។
អ្នកស្រីបានអំពាវនាវមហាជនចូលរួមគាំទ្រកីឡាជាតិឱ្យបានកាន់តែច្រើនថែមទៀតដើម្បីមោទកភាពលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន Kofi សង្កត់ធ្ងន់ថា ការសហការជាមួយបឹងកេត ព្រោះជាក្លិបដ៏ល្អ មានការគ្រប់គ្រងល្អ និងមានវិជ្ជាជីវៈ ហើយបានចូលរួមបណ្ដុះបណ្ដាលកីឡាករ កីឡាការិនី។ ក្រៅពីការឧបត្ថម្ភ នៅពេលខាងមុខទៀត ក្រុមហ៊ុន Kofi ក៏គ្រោងរៀបចំកម្មវិធីថ្មីៗ ផ្សេងៗទៀត។
ជាមួយគ្នានេះ អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានបង្ហាញក្ដីសោមនស្សរីករាយដែលបានចាប់ដៃគូសហការដ៏ល្អដើម្បីលើកស្ទួយបាល់ទាត់ជាតិរវាង Kofi និងបឹងកេត។ អ្នកស្រីទទូចថា ជាការសហការដ៏អស្ចារ្យដែលមានក្រុមហ៊ុនក្នុងស្រុកមកជួយបាល់ទាត់ខ្មែរ។ អ្នកស្រីបន្ថែមថា នឹងមានកម្មវិធីច្រើនថែមទៀតទាំងក្នុងកីឡា និងសង្គម ដែលត្រូវសហការជាមួយ Kofi។
ជាចុងក្រោយ អ្នកស្រី ពុធ ធីតា ក៏បានអំពាវនាវក្រុមហ៊ុន និងស្ថាប័នផ្សេងៗងាកមកជួយឧបត្ថម្ភកីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀតរបស់កម្ពុជា ឱ្យបានកាន់តែច្រើនដើម្បីជាការរួមចំណែកអភិវឌ្ឍ ឈានទៅឆ្ពោះទៅរកភាពរីកចម្រើន៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News