31 C
Phnom Penh
Tuesday, April 16, 2024

ប្រជាកសិករដាំឪឡឹក ក្នុងខេត្តកំពង់ធំ ជាង២០០គ្រួសារ កំពុងប្រមូលផលដំណាំ បន្ទាប់ពីច្រូតកាត់ស្រូវរួច

កំពង់ធំ ៖ លោក ជិន ហ៊ីន មេឃុំសាលាវិស័យបានឲ្យដឹងថា ប្រជាកសិករដាំដុះឪឡឹកជាង២០០គ្រួសារ បរិមាណជាង៣០០ហិតា នៅឃុំ អាចរកចំណូលបានមួយរដូវកាលរយៈពេល៥០ថ្ងៃ ចន្លោះពី១០លានរៀល ទៅ២០លានរៀល។

បន្ទាប់ពីរដូវច្រូតកាត់ស្រូវរួចប្រជាពលរដ្ឋស្ទើរតែ៧០% រស់នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ប្រកបរបរដាំដំណាំផ្សេងៗ ជាពិសេសឪឡឹកដើម្បីគួបផ្សំក្នុងការដោះស្រាយជីវភាពរបស់ពួកគាត់។

ប្រជាពលរដ្ឋដែលដាំដំណាំឪឡឹកជាប្រចាំ នៅភូមិត្រពាំងក្រោលបានរៀបរាប់ឲ្យដឹងថា បន្ទាប់ពីរដូវច្រូតកាត់រួច មុនចូលឆ្នាំខ្មែរ ពួកគាត់តែងតែភ្ជួរផ្អាប់ដីទុកសម្រាប់ដាំដំណាំឪឡឹកមិនដែលអាក់ខានម្តងណាឡើយ។ ពួកគាត់បន្តទៀតថាក្នុងការដាំដំណាំឪឡឹកនេះ យ៉ាងយូររយៈពេលជិត២ខែ គឺទទួលបានផល។ ហើយពេលទទួលផលភាគច្រើនពួកគាត់បានម៉ៅលក់ឱ្យឈ្មួញខ្លះ និងខ្លះទៀតទុកលក់ខ្លួនឯងនៅខាងមុខផ្ទះ លើកំណាត់ផ្លូវ៦២ ស្ថិតនៅភូមិត្រពាំងក្រោលនិង ភូមិបុស្សវែងជាដើម។

ម្យ៉ាងវិញទៀតដំណាំឪឡឹករបស់ពួកគាត់គឺប្រើជីធម្មជាតិសុទ្ធសាធដូចជាជីលាមកគោ ឬ ជីកំប៉ុសជាដើម(ជីផលិតពីដើមទន្ទ្រានខេត្ត) ជាហេតុធ្វើឲ្យផ្លែឪឡឹកស្រួយ ឈ្ងុយឆ្ងាញ់និងផ្អែមទៀតផង។ ដោយឡែកគ្រាប់ពូជវិញគឺពួកគាត់ ទិញក្នុងតម្លៃ១គីឡូក្រាម៧០ម៉ឺនរៀល ខ្លះ១គីឡូក្រាមតម្លៃ១លានរៀល តាមប្រភេទគ្រាប់ពូជនៃដំណាំឪឡឹកនេះ។

លោក ជិន ហ៊ីន មេឃុំ សាលាវិស័យ បានប្រាប់ឲ្យដឹងដែរថា ឃុំសាលាវិស័យជាឃុំមួយដែលសម្បូរ ទៅដោយកសិករប្រកបរបរចិញ្ចឹមជីវិតពឹងផ្អែកទៅលើការដាំដំណាំនិងចិញ្ចឹមសត្វ។ ដោយឡែកដំណាំឪឡឹកគឺជាដំណាំ(ដូនតា) ភាគច្រើនដាំនៅតំបន់ក្នុងភូមិ ឬ ដីក្រោយផ្ទះរបស់ពួកគាត់តែម្ដង ហើយក៏ជាដំណាំទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារខ្ពស់ផងដែរសម្រាប់ពួកគាត់។
លោកមេឃុំបន្តទៀតថា ភូមិដែលដាំដំណាំឪឡឹកក្នុងឃុំសាលាវិស័យ មានដូចជា ភូមិត្រពាំងក្រោល/ភូមិបុស្សវែង/ភូមិខ្មាក់/ភូមិឬស្សីដួច/ភូមិវាលល្ពាក់/ភូមិសាលាវិស័យ/ភូមិគគីរ/និងភូមិត្រពាំងផ្តៀក ។ល។

ជាមួយគ្នានេះលោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំ និង ជាមេឃុំ សាលាវិស័យ សូមអំពាវនាវ ដល់ក្រសួងពាក់ព័ន្ធ ឲ្យជួយផ្ដល់បច្ចេកទេសកាន់តែល្អបន្ថែមទៀត ដើម្បីឲ្យប្រជាកសិករនៅមូលដ្ឋានដាំដំណាំឪឡឹកនេះ កាន់តែបានទិន្នផលខ្ពស់ និងមានសុវត្ថិភាព សុខភាព ចំពោះពលរដ្ឋទូទៅដែលនិយមទទួលទានដំណាំឪឡឹកនេះ ជាការរួមចំណែកអភិវឌ្ឍសង្គមជាតិវិស័យកសិកម្ម លើកស្ទួយកម្ពស់ជីវភាពពលរដ្ឋខ្មែរផងដែរ៕

អត្ថបទ និងរូបភាពដោយPuthinews

អានបន្ត

spot_img