36 C
Phnom Penh
Tuesday, March 19, 2024

បើសេពគ្រឿងស្រវឹង… កុំបើកបរ!

ខ្ញុំបានដើរតាមចិញ្ចើមថ្នល់ ហើយខ្ញុំក្រឡេកមើលទៅឃើញកុមារាម្នាក់  ដែលកំពុងតែស្ពាយកាតាប ហើយវាមានអាយុប្រមាណ៧ឆ្នាំ កំពុងតែឈរនិយាយជាមួយនឹងអ្នកលក់តុក្កតាម្នាក់។

អ្នកលក់និយាយថា៖

– “គួរឱ្យស្ដាយណាស់ បងមិនអាចលក់តុក្កតាឱ្យអាអូនបានឡើយ ព្រោះអាអូនមិនមានលុយគ្រប់ចំនួនទេ!”

កុមារានៅតែទទូចថា៖

– “បងប្រាកដហើយថា ខ្ញុំមិនមានលុយគ្រប់ចំនួននោះ? បងសាករាប់លុយខ្ញុំម្ដងទៀតមើល!”

អ្នកលក់ក៏រាប់លុយម្ដងទៀត ហើយបន្លឺថា៖

– “ហ៊ឺអាអូនអើយ! លុយរបស់ឯងនៅតែមិនគ្រប់ដដែលហ្នឹង!”

… ប៉ុន្តែអាអូននៅតែកាន់តុក្កតានៅនឹងដៃ  ហើយវាពុំព្រមឱ្យទៅអ្នកលក់វិញឡើយ។

ឃើញដូច្នោះ ខ្ញុំក៏ដើរទៅរកអាអូន ហើយសួរថា៖

-“អាអូនចង់ទិញតុក្កតាយកទៅលេងឬ?”

អាអូនបើកភ្នែកក្រឡង់ មើលទៅគួរឱ្យស្រឡាញ់ណាស់  ហើយវាឆ្លើយថា៖

-“ខ្ញុំមានប្អូនស្រីម្នាក់  ដែលស្រឡាញ់តុក្កតាខ្លាំងណាស់ ហើយខ្ញុំទិញតុក្កតានេះ  ជាអំណោយសម្រាប់ថ្ងៃខួបកំណើតរបស់នាង! ខ្ញុំត្រូវទិញយកទៅជូនម្ដាយរបស់ខ្ញុំ ហើយគាត់នឹងយកទៅឱ្យមីអូនរបស់ខ្ញុំ!”

ភ្នែករបស់អាអូនប្រែពណ៌ក្រហមហាក់បីដូចជាវារកកល់នឹងយំ  ហើយអាអូនបន្តទៀតថា៖

-“ប៉ាបានប្រាប់ខ្ញុំថា មីអូនបានស្លាប់ទៅហើយ មីអូនបានឡើងទៅស្ថានសួគ៌ហើយ ប៉ាបានប្រាប់ខ្ញុំទៀតថា ម៉ាក់ក៏ជិតស្លាប់ដែរ  ហើយគាត់ក៏នឹងឡើងស្ថានសួគ៌ដែរ… ហើយខ្ញុំគិតថា នៅពេលដែលម៉ាក់ឡើងទៅស្ថានសួគ៌… ម៉ាក់នឹងទៅជួបមីអូនហើយ ម៉ាក់ប្រាកដជាយកតុក្កតានេះ  ឱ្យទៅមីអូនលេងបាន… ហ៊ិ… ហ៊ិ…!”

គ្រាន់តែឮក្មេងម្នាក់នេះនិយាយដល់ត្រង់នេះ ខ្ញុំអួលដើម-ក ហើយទឹកភ្នែករលីងរលោងស្រេច! 

អាអូនសម្លឹងមើលមុខខ្ញុំដោយទឹកភ្នែករហាម ហើយវាពោលបន្តទៀតថា៖

-“ខ្ញុំបានប្រាប់ប៉ាឱ្យប៉ាឃាត់ម៉ាក់ទុកសិន  កុំអាលឱ្យគាត់ប្រញាប់ទៅអី រង់ចាំខ្ញុំទិញតុក្កតាយកទៅដល់ផ្ទះវិញសិន”

អាអូនលូកដៃក្នុងកាតាបរបស់វា ហើយវាដកយករូបថតមួយសន្លឹក  ដែលបង្ហាញនូវរូបរបស់វា  ដែលកំពុងតែសើចសប្បាយយ៉ាងក្អាកក្អាយ  រួចវាបន្លឺថា៖

-“ខ្ញុំចង់ឱ្យម៉ាក់យករូបថតរបស់ខ្ញុំនេះទៅជាមួយគាត់  ដើម្បីយកទៅឱ្យមីអូនដែរ  ហើយមីអូនប្រាកដជានៅចងចាំខ្ញុំ  និងមិនអាចបំភ្លេចខ្ញុំបានទេ! 

ខ្ញុំស្រឡាញ់ម៉ាក់ណាស់ តែប៉ាប្រាប់ខ្ញុំថា ម៉ាក់មិនអាចនៅរស់ជាមួយខ្ញុំបានទេ! ម៉ាក់ប្រាកដជាទៅតាមមីអូនហើយ!”

ចប់សម្ដី អាអូនសម្លឹងមើលតុក្កតាម្ដងទៀត ដោយទឹកមុខសោកសៅបំផុត! 

រំពេចនោះ ខ្ញុំលួចដកយកប្រាក់ពីក្នុងហោប៉ៅបណ្ដើរ ហើយនិយាយបណ្ដើរទៅកាន់អាអូនថា៖

-” តោះ! យើងសាករាប់លុយរបស់អាអូនម្ដងទៀតទៅមើល ក្រែងលោវាគ្រប់ចំនួនសម្រាប់ថ្លៃតុក្កតា?”

អាអូនឆ្លើយថា៖

-“បាទ! បាទ!”

ខ្ញុំលួចដាក់លុយរបស់ខ្ញុំចូលទៅលុយរបស់អាអូន ដោយមិនឱ្យអាអូនដឹងឡើយ ហើយខ្ញុំបបួលអាអូនធ្វើជារាប់លុយរបស់វាម្ដងទៀត! 

នុះហ្ន! លុយមានចំនួនលើសពីថ្លៃតុក្កតាទៅទៀត!”

អាអូនស្រែកដោយអំណរថា៖

-“ខ្ញុំមានលុយគ្រប់ថ្លៃតុក្កតា  ហើយវានៅសល់ទៀតផង! ខ្ញុំនឹងទិញផ្កាកុលាបសជូនម៉ាក់ខ្ញុំ ព្រោះគាត់ចូលចិត្តផ្កាកុលាបសណាស់!”

អាអូននិយាយលាខ្ញុំ ហើយដេីរចាកចេញទៅ។

ខ្ញុំសម្លឹងមើលដំណើររបស់អាអូនប្រកបដោយអារម្មណ៍ក្ដុកក្ដួលជាទីបំផុត!

ខ្ញុំនៅចាំបានថា កាលពីម្សិលមិញ នៅក្នុងទំព័រហ្វេសប៊ុក ខ្ញុំបានឃើញរូបភាពគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ ដែលបង្កដោយអ្នកបើកបររថយន្តដឹកទំនិញស្រវឹងជោកជាំម្នាក់ បានបុកម៉ូតូស្ត្រីម្នាក់ដែលឌុបកូនស្រីម្នាក់របស់នាង…

សាកសពរបស់កូនស្រីបានផ្លោងខ្ទាតធ្លាក់ដល់ក្រោមបង្គោលស្លាកឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរមួយ ហើយនាងបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីម្ដាយរងរបួសយ៉ាងធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ខ្ញុំគិតថា តើនេះ វាគឺជាគ្រោះថ្នាក់ដែលកើតឡើងចំពោះគ្រួសាររបស់អាអូនឬ?

ថ្ងៃនេះ ខ្ញុំមើលឃើញព័ត៌មានក្នុងហ្វេសប៊ុកដែលបានផ្សាយថា ស្ត្រីជាម្ដាយនោះបានលាចាកលោកទៅហើយ! 

ដោយចង់ដឹងហេតុផលឱ្យបានច្បាស់ ខ្ញុំបានសម្រេចចិត្តទៅរកតាមអាសយដ្ឋាននៃវត្តអារាមដែលបូជាសព។

នៅពេលទៅដល់ ខ្ញុំឃើញលោកអាចារ្យបើកគម្របមឈូសឱ្យសាច់ញាតិមើលមុខរបស់សពជាលើកចុងក្រោយមុននឹងបូជា។

ខ្ញុំសែនស្លុតចិត្ត ព្រោះសពគឺជាស្ត្រីវ័យក្មេងម្នាក់ ដែលដៃផ្គុំប្រណម្យនៅលើដើមទ្រូង កំពុងកាន់ផ្កាកុលាបពណ៌សមួយទង តុក្តតាមួយ និងរូបថតរបស់អាអូន! 

ឱព្រះអើយ! សពបានស្លាប់ទៅហើយមែន ប៉ុន្ដែភ្នែករបស់នាង នៅតែបិទមិនជិត ឡើយ ហាក់បីដូចជាសពមិនទាន់ដាច់ចិត្តអាឡោះអាល័យពីប្ដី  និងកូនប្រុសឡើយ!

អាអូនឈរឱបបុរសវ័យក្មេងម្នាក់  ដែលប្រហែលជាឪពុករបស់វា ហើយកំពុងតែឱនឈ្ងោកមុខមើលសពម្ដាយជាទីស្រឡាញ់ ព្រមទាំងស្រែកយំយ៉ាងអណោចអធ័មគួរឱ្យសង្វេគជាពន់ពេក!

ខ្ញុំសម្លឹងមើលទិដ្ឋភាពដ៏គួរឱ្យរំជួលចិត្តនេះ… នឹកឃើញសេចក្ដីស្រឡាញ់របស់អាអូនចំពោះម្ដាយ និងប្អូនស្រីដោយឥតលក្ខខណ្ឌ… ដោយបេះដូងដ៏ស្មោះស្ម័គ្រ… តែវាបែរជាព្រាត់ប្រាសគ្នាដោយសារតែអ្នកបើកបរស្រវឹងម្នាក់…

តើយើងបណ្ដោយឱ្យសោកនាដកម្មដ៏រន្ធត់  និងអាណោចអធ័មបែបនេះនៅតែកើតបន្តរហូតដល់ពេលណាទៅ?

តើយើងត្រូវផ្សព្វផ្សាយ ស្រាបៀរតាមដងវិថី  និងទីសាធារណៈដើម្បីបន្តលើកទឹកចិត្តឱ្យមនុស្សទាំងឡាយសេពគ្រឿងស្រវឹងទៀតឬ?

ពីបំណងល្អរបស់សារព័ត៌មានពុទ្ធិញូវ

អានបន្ត

spot_img