33 C
Phnom Penh
Friday, April 19, 2024

បទល្មើសព្រៃឈើកើតឡើងពេញទំហឹង ព្រោះមានការឃុបឃិត ពីមន្រ្តីពុករលួយនៅស្រុកកែវសីមា

មណ្ឌលគីរី៖ មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្នបទល្មើសព្រៃឈើកាប់ឈើ អារច្រៀកឈើ ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា នៅតែកើតឡើងពេញទំហឹង។

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលលើកឡើងថាប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ហាន សុខន នាយកតំបន់ដែនជម្រកសត្វព្រៃកែវសីមា និងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺគ្មានជនណាឬឈ្មួញណាអាចចូលកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃតាមអំពើចិត្តទេ។ ចំណែកលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់ ហើយលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏រក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋនៅឃុំចុងផ្លាស់ និងឃុំស្រែឈូក ស្រុកកែវសីមា បានឱ្យដឹងថា ការបង្ក្រាបបទល្មើសព្រៃឈើក្នុងមូលដ្ឋានពួកគាត់ជាបន្តបន្ទាប់កន្លងទៅនេះបានត្រឹមតែធ្វើឱ្យល្អមើលប៉ុណ្ណោះគ្មានប្រសិទ្ធភាពឡើយ។ ដោយហេតុថាសមត្ថកិច្ចបង្ក្រាបតែឈើ និងរថយន្តដឹកជញ្ជូនឈើជាវត្ថុតាង ហើយឈ្មួញជាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងមន្រ្តីជាប់ពាក់ព័ន្ធមិនត្រូវបានវែកមុខដើម្បីចាត់ការតាមច្បាប់នោះទេ។ ប្រភពស្និទ្ធនឹងក្រុមឈ្មួញបានបង្ហើបឱ្យដឹងថា មានការតម្រូវឱ្យឈ្មួញបង់លុយជាកញ្ចប់ ហើយនៅពេលដែលឈ្មួញគ្មានលទ្ធភាពបង់លុយតាមការកំណត់ ទើបត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃ។

ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានាបានលើកឡើងថា ប្រសិនបើគ្មានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេគឺព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ចៀសមិនផុតពីវិនាសសាបសូន្យក្នុងពេលឆាប់ៗខាងមុខនេះឡើយ។ ដោយហេតុថាលោក ហាន សុខន នាយកតំបន់ដែនជម្រកសត្វព្រៃកែវសីមា បណ្ដោយឱ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុក ហើយលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សម្ងំស្ងាត់ឈឹង។ ដូច្នេះលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេក្នុងខណៈដែលបទល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា កើតឡើងពេញបន្ទុក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img