33 C
Phnom Penh
Friday, March 29, 2024

នៅឆ្នាំ២០២២ អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យរំពឹងថា ទីផ្សារទិញលក់អចលនទ្រព្យ នឹងស្ទុះងើបឡើងវិញ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យបានបង្ហាញក្តីរំពឹងទុកថា ស្ថានភាពចលនានៃការទិញ-លក់លំនៅឋាន និងដីធ្លី នៅក្នុងប្រទេសកម្ពុជា នឹងវិលត្រឡប់មកធម្មតាឡើងវិញ ដូចមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ នៅឆ្នាំ ២០២២ខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងថា បច្ចុប្បន្នការលក់អគារខ្ពស់ៗ សហកម្មសិទ្ធិ ឬខុនដូ ហាក់នៅទ្រឹងចាប់តាំងពីការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ដោយ សារតែលំនៅឋានប្រភេទនេះ ទីផ្សារពឹងផ្អែកលើអតិថិជនបរទេសរហូតដល់ ៨០ភាគរយ ប៉ុន្តែការទិញ-លក់ដីធ្លី ជាពិសេសដីប្រភេទកសិកម្ម នៅតែដំណើរការជាធម្មតា គ្រាន់តែពុំសូវមានសកម្មភាពផុសផុលខ្លាំងដូចកាលពីអំឡុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ប៉ុណ្ណោះ។

លោកឧកញ៉ា បានបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល បើកប្រទេសពេញលេញឡើងវិញ និងបើកទទួលទេសចរណ៍វ៉ាក់សាំង វានឹងជំរុញឲ្យវិស័យបដិសណ្ឋាកិច្ច សណ្ឋាគារ និងអាជីវកម្មកម្សាន្ត ក៏ដូចជាវិស័យសំខាន់ៗផ្សេងទៀត នឹងចាប់ផ្តើមងើបឡើងវិញ។ ចំណែកវិស័យអចលនទ្រព្យ ក៏នឹងស្ទុះងើបជាប្រក្រតីឡើងវិញផងដែរ នៅពាក់កណ្តាលឆ្នាំ ២០២២ខាងមុខនេះ។

អ្នកជំនាញវិស័យអចលនទ្រព្យរូបនេះបានអះអាងថា បើទោះបីជាសកម្មភាពទិញលក់អចលនទ្រព្យមិនមានសកម្មភាពខ្លាំងក្លាក៏ដោយ ប៉ុន្តែតម្លៃផ្ទះ និងដីធ្លីមិនធ្លាក់ថ្លៃទេ។

ការរាតត្បាតកូវីដ១៩ បានបង្កឱ្យមានការធ្លាក់ចុះនៃអំណាចទិញនៅក្នុងទីផ្សារអចលនទ្រព្យ ប៉ុន្តែអ្នកវិនិយោគ ក៏ដូចជា អ្នកជំនាញជាច្រើនជឿថា នេះគ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះ ហើយកំពុងបង្កើតក្តីសង្ឃឹមរបស់ពួកគេលើការស្ទុះងើបឡើងវិញនៅពេលវីរុសនេះស្ថិតក្រោមការគ្រប់គ្រង។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានកត់សម្គាល់ឃើញថា ស្ថានភាពទីផ្សារទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បាន និងកំពុងងើបឡើងវិញបណ្តើរៗហើយ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ និងការបើកប្រទេសជាបណ្តើរៗឡើងវិញ។

លោកឧកញ៉ាជឿថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងកាន់តែស្ទុះងើបឡើងកាន់តែខ្លាំងនៅឆ្នាំ ២០២២ខាងមុនេះ នៅពេលដំណើរការបើកប្រទេសពេញលេញ និងការបើកទទួលទេស ចរណ៍វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល ៥ខែឆ្នាំ ២០២១ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបចំនួន ១,៨២៣ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ បានធ្លាក់ចុះប្រមាណ ២៧៨គម្រោង។ ក្នុងនោះគម្រោងសំណង់លំនៅឋានមានចំនួន ១,៦០៧គម្រោង ស្មើនឹង ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុបធ្លាក់ចុះ ១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គម្រោងលំនៅឋាន ដែលបានអនុញ្ញាតសាងសង់គិតជាប្រាក់មានប្រមាណ ២,៣៤៩លានដុល្លារ បានធ្លាក់ ៣២,៦ភាគរយ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា គម្រោងសំណង់ ដែលមិនទាន់បញ្ចប់នៅតែបន្តសាងសង់នៅបន្ត និងមានសកម្មភាពជាប្រក្រតី ទាំងគម្រោងសំណង់សាធារណៈ និងឯកជននានា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃការនាំចូលសម្ភារ និងបរិក្ខារសំណង់ចំនួន ១៦% ខណៈដែលគ្រាដូចគ្នានេះកាលពីឆ្នាំមុន បានធ្លាក់ចុះ១៨,៦%។

ក៏ប៉ុន្តែ គម្រោងសំណង់ថ្មីៗ បានថយចុះគួរឲ្យកត់សម្គាល់ ដោយចំនួនគម្រោង តម្លៃ និងផ្ទៃក្រឡាសំណង់ បានធ្លាក់ចុះចន្លោះពី ១១,៤%, ៣៤,៣% និង ២៩,៩% រៀងគ្នា ជាពិសេសលើគម្រោងសំណង់ទេសចរណ៍ និងពាណិជ្ជកម្ម៕
អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img