36 C
Phnom Penh
Thursday, April 18, 2024

នាវាដឹកអ្នកទោសសង្គ្រាមជាង១ ០០០នាក់ ដែលលិចក្នុងសម័យសង្គ្រាមលោកលើកទី២ រកឃើញនៅសមុទ្រចិនខាងត្បូង

កង់បេរ៉ា៖ កប៉ាល់ពាណិជ្ជកម្មរបស់ជប៉ុនមួយគ្រឿង ដឹកអ្នកទោសសង្គ្រាមជាង១ ០០០នាក់ ហើយបានលិចធ្វើឲ្យអ្នកទោសកំឡុងសង្គ្រាមលោកលើកទី២ស្លាប់ទាំងអស់ ត្រូវបានរកឃើញនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ។

ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក រីឆាដ ម៉ាលីស (Richard Marles) បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ បង្ហោះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះថា នាវាដឹកទំនិញឈ្មោះ ម៉ុនតេវីដេអូ ម៉ារ៉ុ (Montevideo Maru) ត្រូវបានរកឃើញនៅឆ្នេរសមុទ្រភាគពាយព្យនៃកោះ លូហ្ស៊ូន (Luzon) របស់ប្រទេសហ្វីលីពីន នៅជម្រៅទឹកជាង៤ ០០០ម៉ែត្រ ក្នុងសមុទ្រចិនខាងត្បូង។

លោកបាននិយាយថា «ការរកឃើញនេះបានឈានដល់ទីបញ្ចប់នៃសោកនាដកម្មដ៏បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រដែនសមុទ្ររបស់ប្រទេសអូស្ត្រាលី»។

នាវាមួយគ្រឿងនេះកំពុងតែដឹកជញ្ជូនអ្នកទោសសង្គ្រាមប្រមាណ១ ០៦០នាក់ ក្នុងនោះមានទាហានអូស្ត្រាលីចំនួន៨៥០នាក់ផងដែរ ដោយដំ៖រចេញមកពី១៦ប្រទេស ដូចជាប្រទេស ប៉ាបូ ញូវហ្គីនៀ ក្នុងទិសដៅឆ្ពោះទៅកាន់កោះ ហៃណា របស់ចិន ប៉ុន្តែពេលនោះស្ថិតក្រោមការត្រួតត្រារបស់ជប៉ុន។ នាវាដឹកអ្នកទោសសង្គ្រាមមួយគ្រឿងនេះ ត្រូវនាវាមុជទឹករបស់យោធាអាមេរិកបាញ់ពន្លិច នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៤២ ហើយធ្វើអ្នកនៅនាវាស្លាប់ទាំងអស់តែម្តង។

លោកឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានពន្យល់ថា «ការរកមិនឃើញនូវទីតាំងច្បាស់លាស់របស់នាវា ម៉ុនតេវីដេអូ ម៉ារ៉ុ បានធ្វើឲ្យការងារស្វែងទាហានបាត់ខ្លួននៅតែបន្តសម្រាប់គ្រួសារអ្នកបាត់បង់ជីវិតទាំងនោះ»។

អាជ្ញាធរអូស្ត្រាលី បានសម្តែងការកោតសរសើរដល់អ្នកចូលរួមស្វែងរកនាវាមួយគ្រឿងនេះ រួមទាំងអ្នកឯកទេសខាងអង្កេតទឹកជ្រៅ និងមន្ត្រីយោធានៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអូស្ត្រាលី ព្រមទាំងអរគុណដល់ពួកគេសម្រាប់ការបិទបញ្ចប់នូវការងារស្វែងរកអ្នកបាត់បង់ជីវិតអស់រយៈពេល៨១ឆ្នាំកន្លងមកហើយ។

ចំណែកមេបញ្ជាការកងទ័ពអូស្ត្រាលីវិញ ឧត្តមសេនីយ៍ទោ សៃម៉ុន ស្តួត (Simon Stuart) បាននិយាយថា «ខ្ញុំសូមអរគុណដល់ក្រុមអ្នកស្រាវជ្រាវ ដែលបានខិតខំប្រឹងប្រែង រួមទាំងក្រុមស្វែងរកជនបាត់ខ្លួនក្នុងសង្គ្រាម ព្រោះសេចក្តីសង្ឃឹមនៅតែមានក្នុងការស្វែងរកកន្លែងលិច របស់នាវាឈ្មោះ ម៉ុនតេវីដេអូ ម៉ារ៉ុ»។

លោកឧត្តមសេនីយ បានមានប្រសាសន៍បន្ថែមថា «ការខាតបង់បែប ដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍កន្លងហើយនេះ បានរំឭកយើងទាំងអស់គ្នាឲ្យនឹកឃើញអំពីតម្លៃជីវិតមនុស្សបាត់បង់ក្នុងសង្គ្រាម»។

រីឯនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក អែនថូនី អាលបានីស (Anthony Albanese) បាន​មានប្រសាសន៍ថា «កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរហូតរកឃើញននាវានេះ វាបញ្ជាក់ពីការពិតដ៏យូរអង្វែងនៃការសន្យាជាដ៏ឧឡារិករបស់ប្រទេសអូស្ត្រាលី ក្នុងការចងចាំជានិច្ច និងផ្តល់កិត្តិយសជានិច្ច ដល់អ្នកដែលបានបម្រើប្រទេសរបស់យើង។ នេះ​គឺ​ជា​ទឹកចិត្ត និង​ស្មារតី​នៃ​ការចងចាំមិនភ្លេចរបស់យើង»៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img