31 C
Phnom Penh
Friday, April 19, 2024

នាយករដ្ឋមន្ត្រីជប៉ុន ព្រមានថាទង្វើឈ្លានពាននៅអ៊ុយក្រែន អាចកើតឡើងម្ដងទៀតនៅអាស៊ីខាងកើត

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានព្រមានថាទង្វើឈ្លានពាននៅអ៊ុយក្រែន អាចនឹងកើតឡើងម្ដងទៀតនៅក្នុង តំបន់អាស៊ីខាងកើត ប្រសិនបើបណ្ដាមេដឹកនាំលោកខាងលិច មិនចាត់វិធានការឆ្លើយតបជាធ្លុងមួយទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២។

ថ្លែងតាមរយៈអ្នកបកប្រែ បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ, លោក គីស៊ីដា ក៏បានសង្កត់ធ្ងន់ដែរថាសន្តិភាព និងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់គួរតែត្រូវបានថែរក្សា ហើយបច្ចុប្បន្នគឺជាពេលដែលក្រុមប្រទេស G7 ត្រូវតែសាមគ្គីគ្នាជាធ្លុងមួយ។

លោក គីស៊ីដា បានបន្ថែមដូច្នេះថា «កិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេស ដែលបានចែករំលែកគុណតម្លៃជាសកល គឺជារឿងសំខាន់បំផុត។ យើងត្រូវតែធ្វើកិច្ចសហការជាមួយសម្ព័ន្ធមិត្តរបស់យើង និងបណ្ដាប្រទេសដែលគោលគំនិតដូចគ្នា ហើយមិនត្រូវអត់ឱនឱ្យឡើយចំពោះការប៉ុនប៉ង ជាលក្ខណៈឯកតាភាគីដើម្បីផ្លាស់ប្ដូរស្ថានភាពដើម តាមរយៈកម្លាំងបាយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសក្នុងតំបន់អាស៊ីខាងកើតតែម្ដង… ព្រោះថាតំបន់អាស៊ីខាងកើតអាចក្លាយជាអ៊ុយក្រែនទី២ នៅថ្ងៃស្អែកក៏ថាបាន»។

គួរបញ្ជាក់ថា លោក គីស៊ីដា មិនបាននិយាយចំឈ្មោះថាប្រទេសណាកំពុងប៉ុនប៉ងប្រើកម្លាំងបាយផ្លាស់ប្ដូរស្ថានដើមនៅក្នុងតំបន់នោះទេ។ តែលោកបាន បញ្ជាក់ថាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់មិនមែនជាបញ្ហាសម្រាប់ជប៉ុនតែម្នាក់ឯងនោះទេ ប៉ុន្តែវាក៏ជាប់ពាក់ព័ន្ធនឹងស្ថិរភាព ពិភពលោកផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img