29 C
Phnom Penh
Tuesday, March 19, 2024

តៃវ៉ាន់មិនព្រឺ សំដី លោក ស៉ី ជិនពីង ប្រកាសប្រើកម្លាំងមកលើខ្លួននោះទេ

(តៃប៉ិ)៖ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ បានចេញសេចក្តីថ្លែងការណ៍ថា តៃវ៉ាន់នឹងមិនដកថយជាដាច់ខាត ជុំវិញបញ្ហាអធិបតេយ្យរបស់ខ្លួន ឬមួយក៏សុខចិត្តធ្វើការលះបង់ណាមួយ ដែលប៉ះពាល់ដល់សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។

តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ ទីក្រុងតៃប៉ិបន្តថា ប្រជាជនតៃវ៉ាន់បានបង្ហាញក្តីជំទាស់យ៉ាងជាក់ច្បាស់ ចំពោះគំនិតរបស់ទីក្រុងប៉េកាំង ស្តីពីការចង់អនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» មកលើតៃវ៉ាន់។ សេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ទៀតថា ការរក្សាសុខសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់និងក្នុងតំបន់ទាំងមូល គឺជាការទទួលខុសត្រូវរួមរបស់ភាគីទាំងពីរ ហើយការប្រឈមមុខគ្នាលើសមរភូមិ មិនអាចជាជម្រើសឡើយ។

គួរបញ្ជាក់ថា តៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍បែបនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយក្នុងសុន្ទរកថាមួយ នាឱកាសបើកសមាជបក្សកុម្មុយនិស្តចិនលើកទី២០ថា វាអាស្រ័យលើប្រជាជនចិន ដើម្បីដោះស្រាយ​បញ្ហាតៃវ៉ាន់ ហើយចិននឹងមិនបោះបង់ចោលដាច់ខាត ជម្រើសនៃការប្រើកម្លាំងដើម្បីបង្រួបបង្រួមគ្នាវិញ ជាមួយតៃវ៉ាន់។

រីឯកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ិងវិន ធ្លាប់បានប្រកាសថា ការប្រឈមមុខគ្នាដោយអាវុធរវាងតៃវ៉ាន់និងចិន គឺដាច់ខាតមិនអាចជាជម្រើសមួយនោះទេ ដើម្បីដោះស្រាយបញ្ហារវាងភាគីទាំងពីរ។ ពេលនោះ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «មានតែតាមរយៈការគោរព ការប្តេជ្ញាចិត្តរបស់ប្រជាជនតៃវ៉ាន់ ចំពោះអធិបតេយ្យ ​ប្រជាធិបតេយ្យ និងសេរីភាពរបស់យើងប៉ុណ្ណោះ ទើបអាចមានមូលដ្ឋាន ដើម្បីបន្តការធ្វើប្រាស្រ័យទាក់ទងគ្នា ប្រកបដោយភាពស្ថាបនាឡើងវិញ រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img