29 C
Phnom Penh
Tuesday, March 19, 2024

ក្រោមអំណាចលោកលោក ហាន សាខន ហៅនាយកថា “ការដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សកែវសីមាកើតមានជាធម្មតា”

ខេត្តមណ្ឌលគិរី៖ ក្រុមអ្នកកាសែតដែលប្រចាំការនៅស្រុកស្នួល ខេត្តក្រចេះនិយាយថា ជារៀងរាល់យប់ មានរថយន្តដឹកឈើចេញតាមច្រកក្រុមហ៊ុនខ្មែរអង្គរ ក្បែរស្នាក់ការចំបក់ក្រោមអំណាចលោក មិន ចាន់រិន ដែលទីនេះធ្លាប់មានការប្រទុស្តរាយ រហូតដល់ផ្ទុះអាវុធជាង ១០គ្រាប់កាលពីប៉ុន្មានខែមុន ទៅលើប្រជាពលរដ្ឋអ្នករកអុស។ ដូចគ្នានេះដែរករណីដឹកឈើចេញពីតំបន់អណ្ដូង ក្រឡឹង និងរកាថ្មីស្ថិតក្រោមអំណាចលោក ឆេង សុធា ក្នុងស្រុកអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមានៅតែកើតមានជាធម្មតា។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តសាំយ៉ុងពណ៌លឿង១គ្រឿង តែងតែធ្វើសកម្មភាពដឹកឈើចេញ ពីតំបន់អណ្ដូងក្រឡឹង និងរកាថ្មីនៃដែនជម្រកសត្វព្រៃកែវសីមា។ នៅជាប់នឹងច្រកចូលតំបន់អណ្ដូងក្រឡឹងនោះគឺស្នាក់ការបរិស្ថានអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាដែលស្នាក់ការបរិស្ថានអូរាំង និងរកាថ្មីនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ឆេង សុធា ។ ជារឿយៗ គេបានប្រទះឃើញរថយន្តសាំយ៉ុងធ្វើដំណើរចេញពីតំបន់អណ្ដូងក្រឡឹងតាមផ្លូវកៀននឹងស្នាក់ការបរិស្ថានអូររាំងនោះ និងតាមមុខស្នាក់ការរកាថ្មី។

ពួកអ្នកដឹកឈើចេញពីតំបន់អណ្ដូងក្រឡឹង និងរកាថ្មីមិនអាចគេចផុតពីការដែលត្រូវបង់លុយជូនលោក ឆេង សុធា និងមន្ត្រីស្ថាប័នផ្សេងទៀត ដែលប្រចាំការនៅស្នាក់ការបរិស្ថានអូរាំងនោះឡើយ។ យ៉ាងណាក៏ដោយគេទទួលស្គាល់ថាប្រាក់ដែលពួកមន្ត្រីបរិស្ថាននិងស្ថាប័នផ្សេង ទៀតប្រចាំការនៅស្នាក់ការអូររាំងនោះមិនច្រើនប៉ុន្មានទេ ប៉ុន្តែគ្រាន់នឹងបានដោះស្រាយជីវភាពប្រចាំថ្ងៃ និងសល់ខ្លះតែប៉ុណ្ណោះទុកសម្រាប់ស្វាគមន៍មេៗ ចុះមកលេងចុងសប្តាហ៍ ហើយក៏មិនបានយកទៅផ្គត់ផ្គង់ថ្នាក់ ដឹកនាំនាយកដែនជម្រកសត្វព្រៃកែវសីមានោះដែរ។

បើតាមឈ្មួញខ្លះនិយាយថា គេមានកញ្ចប់សម្រាប់ថ្នាក់ ដឹកនាំជានាយកដែនជម្រកសត្វផ្សេង និងប្រធានស្នាក់ការបរិស្ថានដែលនៅតាមដងផ្លូវនោះផ្សេង។ និយាយរួមការចំណាយទៅលើសមត្ថកិច្ចនៅតាមដងផ្លូវស្ថិតក្នុងស្រុកអូររាំង និងស្រុកកែវសីមាមានគ្រប់ស្ថាប័ន ទើបគេអាចរកស៊ីដឹកជញ្ជូនឈើបានដោយរលូន។ គ្រាន់តែថាស្ថាប័នជំនាញ និងជាមេទទួលបានលាភសក្ការៈច្រើនគួរសមបន្តិច។

ងាកមកមើលបញ្ហាបទល្មើសនៅច្រកចេញក្បែរស្នាក់ការចំបក់ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមាក៏ត្រូវគេរាយ ការណ៍ថាមានការដឹកជញ្ជូនឈើជារៀងរាល់យប់ដូចគ្នា នឹងតំបន់អណ្ដូងក្រឡឹង និងរកាថ្មី ស្ថិតក្នុងស្រុកអូរាំងនោះដែរ។ ពួកអ្នកដឹកឈើបានប្រាប់អ្នកកាសែតថា ពួកគេដឹកឈើចេញពីតំបន់ចំបក់នៃដែនអភិរក្សកែវសីមាក្រោម អំណាចគ្រប់គ្រងរបស់លោក ហាន សាខន ហៅនាយកថា។ នៅទីនេះសភាពនៃការធ្វើដំណើរស្ងាត់ល្អមិនមានបញ្ហា ដូចនៅតាមផ្លូវជាតិលេខ៧៦ នោះទេ។ ដូច្នេះទាំងសមត្ថកិច្ច និងស្ថាប័នជំនាញត្រូវគ្នាក្នុងការដឹកជញ្ជូនឈើ ទើបដំណើរការដោយសុវត្ថិភាព និងរលូន។ ពួកមន្ត្រីជំនាញនៅស្នាក់ការចំបក់ចាំតែយកប្រាក់ប៉ុណ្ណោះ។

និយាយរួមទៅបទល្មើសនៃការដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សសីមា ក្រោមការគ្រប់គ្រងរបស់លោក ហានសាខន ហៅនាយកថា បានកើតមានរាល់ថ្ងៃរាល់យប់ជា ពិសេសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ បញ្ហានេះវាក៏ជាការទទួលខុសត្រូវផងដែរ របស់ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីពីព្រោះថា អ្នកដែលបណ្ដែត បណ្ដោយឲ្យមានបទល្មើស ដូចជានៅតំបន់ស្រែពកត្រូវបានលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដកហើយ។ នៅឡើយតែនាយកដែនជម្រកសត្វព្រៃកែវសីមា៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img