28 C
Phnom Penh
Friday, March 29, 2024

ក្រុមប្រឹក្សាសន្តិសុខ UN ទើបសម្រេចបានសេចក្តីថ្លែងការណ៍រួមជាលើកដំបូង ស្តីពីអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង

ក្រុមប្រឹក្សាសន្តិសុខ UN (UNSC) នៅថ្ងៃសុក្រសប្តាហ៍នេះ បានឯកភាពគ្នាបង្ហាញពីក្តីបារម្ភយ៉ាងជ្រាលជ្រៅ ពាក់ព័ន្ធសន្តិភាពនិងសន្តិសុខរបស់អ៊ុយក្រែន និងផ្តល់ការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់អគ្គលេខាធិការ UN ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ ដោយសន្តិភាពសម្រាប់វិបត្តិអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍រួមលើកដំបូងបំផុតរបស់ UNSC គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២។

ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានបង្ហាញការស្វាគមន៍ ចំពោះការគាំទ្ររបស់ក្រុមប្រឹក្សាសន្តិសុខ ដោយនិយាយថា រូបលោកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយសង្រ្គាមជីវិតមនុស្ស កាត់បន្ថយទុក្ខវេទនា និងស្វែងរកផ្លូវឆ្ពោះទៅកាន់សុខសន្តិភាព។

កន្លងមកនេះ លោក Guterres បានជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងមូស្គូ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងកៀវ កាលពីសប្តាហ៍កន្លងទៅ។ ដំណើរទស្សនកិច្ចរបស់លោក បានជួយត្រួសត្រាយផ្លូវឱ្យមាន ប្រតិបត្តិការរួមគ្នារវាង UN និងកាកបាទក្រហម ដែលបានជម្លៀសខ្លួនជនស៉ីវិល ប្រមាណ៥០០នាក់ហើយ ចេញពីទីក្រុងម៉ារីយូប៉ូល (Mariupol) របស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

គួរបញ្ជាក់ថា ភ្លាមៗក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ទីក្រុងមូស្គូបានប្រើសិទ្ធិវេតូប្រឆាំង សេចក្តីសម្រេចមួយរបស់ UNSC កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដែលមានខ្លឹមសារថ្កោលលើប្រទេសរុស្ស៉ី។ ដោយឡែក មកទល់ពេលនេះ មហាសន្និបាត UN ដែលមានសមាជិកចំនួន១៩៣ប្រទេស បានអនុម័តសេចក្តីសម្រេចចំនួន២ ក្នុងសំឡេងគាំទ្រយ៉ាងច្រើនលើសលុប ដែលស្តែងឱ្យឃើញយ៉ាងច្បាស់ពី ជំហរមិនគាំទ្ររបស់អន្តរជាតិចំពោះរុស្ស៉ី ជុំវិញការវាយប្រហារលើអ៊ុយក្រែន៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img