36 C
Phnom Penh
Tuesday, March 19, 2024

ក្មេងៗសិស្សសាលា ៤៩នាក់ស្លាប់ ក្នុងសោកនាដកម្មលិចទូក នៅ ប៉ាគីស្ថាន

ប៉ូលិសបាននិយាយនៅថ្ងៃពុធទី០១ខែកុម្ភៈថា កុមារចំនួន៤៩នាក់បានស្លាប់ នៅពេលទូកផ្ទុកលើសទម្ងន់ បានលិចនៅភាគពាយព្យប្រទេសប៉ាគីស្ថាន។

ក្មេងប្រុសទាំងអស់គឺមានអាយុចន្លោះពី៧ទៅ១៤ឆ្នាំ ហើយសុទ្ធតែជាសិស្សនៃសាលា Madrasah។ ពួកគេបានជួបហេតុការណ៍ដ៏អាក្រក់នេះ ខណៈជិះទូកទៅកាន់បឹង Tanda Dam។

សោកនាដកម្មនេះ កើតឡើងកាលពីថ្ងៃអាទិត្យទី២៩ខែមករា ហើយក្រុមមុជទឹក ត្រូវចំណាយពេល៣ថ្ងៃ ដើម្បីរកសាកសពក្មេងទាំងអស់។

លោក Khateer Ahmad មន្ត្រីជាន់ខ្ពស់នៃក្រុមជួយសង្គ្រោះ១១២២ បាននិយាយថា “ទឹកត្រជាក់ខ្លាំងដោយសារតែអាកាសធាតុ បានរារាំងបេសកកម្មជួយសង្គ្រោះ។ ប៉ុន្តែថ្ងៃនេះ អ្នកមុជទឹក អាចមុជបានជ្រៅដើម្បីស្រង់សាកសពដែលនៅសេសសល់”។ លោក​​បន្ថែម​ថា សាកសព​គ្រូ​បង្រៀន​ម្នាក់ និង​អ្នក​បើកទូកម្នាក់ ​ក៏​ត្រូវ​បាន​ស្រង់​ចេញ​ពី​ទឹក​ដែរ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ៥១​នាក់។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្ស៥​នាក់ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ក្នុង​នោះ​មាន​សិស្ស​៤​នាក់ និង​គ្រូបង្រៀន​ម្នាក់។

គួរបញ្ជាក់ថា បឹង Tanda Dam មានចម្ងាយប្រហែល៥គីឡូម៉ែត្រពីសាលា Madrasah ដែលជាសាលាឥស្លាម ផ្តល់ការអប់រំសាសនាដោយឥតគិតថ្លៃនៅតំបន់ Kohat ក្នុងខេត្ត Khyber Pakhtunkhwa។

ការលិចទូក តែងតែកើតមាននៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែទូកភាគច្រើន ចាស់ៗនិងផ្ទុកលើសទម្ងន់។ កាល​ពី​ខែ​កក្កដាឆ្នាំ​មុន ស្ត្រី​យ៉ាង​តិច១៨​នាក់ បាន​លង់​ទឹក​ស្លាប់ បន្ទាប់​ពី​ទូក​ផ្ទុក​លើស​ចំណុះ​ បានលិច​ក្នុង​អំឡុង​ពេល​ពិធីហែក្បួន​អាពាហ៍ពិពាហ៍​មួយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img