35 C
Phnom Penh
Friday, March 29, 2024

កសិករដាំម្នាស់ទឹកឃ្មុំ នៅស្រុករុក្ខគិរី បង្ហាញភាពរីករាយនឹងផលដំណាំរបស់ខ្លួនមានតម្លៃ៧០០៛ ខណៈឆ្នាំមុនតម្លៃត្រឹមតែ១០០ទៅ១៥០៛ប៉ុណ្ណោះក្នុង១ផ្លែ

បាត់ដំបង៖ ក្នុងគ្រានៃការបើកសេដ្ឋកិច្ចលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឡើងវិញ ក្រោយពីវិបត្ដិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយនោះ បានធ្វើឱ្យសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាពលរដ្ឋបានហក់ងើបឡើងជាបន្តបន្ទាប់ ជាក់ស្តែងប្រជាកសិករនៅស្រុកមោងឫស្សី និងស្រុករុក្ខគិរីនៃខេត្តបាត់ដំបង ដែលបានធ្វើការដាំដុះដំណាំម្នាស់ទឹកឃ្មុំ បានសំដែងនូវភាពសប្បាយរីករាយ ខណៈពេលដែលដំណាំម្នាស់ទឹកឃ្មុំរបស់គាត់ ឈានចូលដើមឆ្នាំ២០២២នេះ មានតម្លៃល្អជាងឆ្នាំមុន ។

កសិករប្រកបរបរដាំម្នាស់ទឹកឃ្មុំនៅ ភូមិកំរ៉ែង ឃុំបាសាក់ ស្រុករុក្ខគិរី អ្នកស្រី ម៉ៅ ស៊ីណាត បានបញ្ជាក់ថា សម្រាប់អ្នកស្រុកនៅក្នុងស្រុកមោងឫស្សី និងស្រុករុក្ខគិរី ក្រៅពីការងារបង្កបង្កើនផលស្រូវ ពួកគាត់នៅបានបន្តការដាំដុះដំណាំម្នាស់ទឹកឃ្មុំ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបន្ថែមទៀត ហើយឈានចូលដល់ដើមឆ្នាំ២០២២នេះ ថ្វីត្បិតតែផលដំណាំម្នាស់ធ្លាក់ចុះ ដោយសារតែទឹកជំនន់បានវាយបំផ្លាញកាលពីអំឡងចុងឆ្នាំ២០២១
កន្លងមក តែតម្លៃម្នាស់បានហក់ឡើងគួរឱ្យសប្បាយរីករាយ ។ អ្នកស្រី ម៉ៅ ស៊ីណាត បានឱ្យដឹងថា ម្នាស់ទឹកឃ្មុំ ប្រភេទលេខ១ មានតម្លៃ៧០០៛ ក្នុងមួយផ្លែ ខណៈឆ្នាំមុនៗ តម្លៃម្នាស់ប្រភេទលេខ១ដូចគ្នានេះដែរ មានតម្លៃត្រឹមតែ១០០៛ ទៅ១៥០៛ ប៉ុណ្ណោះក្នុងមួយផ្លែ ពេលខ្លះអត់មានគេទិញតែម្តង ដែលធ្វើឲ្យមានការខាតបង់ថ្លៃដើមផលិតទាំងស្រុង ។

យ៉ាងណាក៏អ្នកស្រី បានធ្វើការសំណូមពរដល់កសិករដាំដំណាំម្នាស់ទាំងអស់សូមកុំឲ្យបាក់ទឹកចិត្តនៅពេលជួបនឹងបញ្ហាចំពោះមុខ ត្រូវតស៊ូឡើង ដើម្បីបន្តការដាំដុះ និងធ្វើការពង្រឹងខ្លួនឯងឲ្យរឹងមាំឡើងវិញ ទើបយើងមានដំណើរការទៅមុខ ដើម្បីធ្វើការប៉ះប៉ូវនូវការខាតបង់កន្លងមកបាន ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា បានផ្តល់ព័ត៌មានមកថា ខេត្តបាត់ដំបង មានផ្ទៃដីសម្រាប់ការដាំដំណាំម្នាស់ សរុប ចំនួន៧៩៧ហ.ត ទិន្នផលជាមធ្យម៥៥ត ក្នុង១ហ.ត បរិមាណផលសរុបទូទាំងខេត្តប្រមាណ ៣៣ ៨៦៤តោន បើប្រៀបធៀបជាមួយឆ្នាំចាស់ គឺកើនលើស ១០ ០៩០តោន ។

សូមបញ្ជាក់ថា ម្នាស់ទឹកឃ្មុំ គឺជាដំណាំហូបផ្លែមួយប្រភេទរបស់ខេត្តបាត់ដំបង បច្ចុប្បន្នមានតែស្រុកចំនួន៣ប៉ុណ្ណោះ បានដាំដំណាំម្នាស់ គឺមាននៅស្រុករុក្ខគិរី ៤៤៧ ហ.ត ស្រុកមោងប្ញស្សី ៣២៥ហ.ត និងស្រុកកំរៀង៥ហ.ត ដែលដំណាំម្នាស់នេះ គឺជាផ្នែកមួយបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនសេដ្ឋកិច្ចរបស់ប្រជាកសិករឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ ៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img