34 C
Phnom Penh
Tuesday, March 19, 2024

កម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានពាណិជ្ជកម្មបានកន្លះលានដុល្លារ តាមរយៈពាណិជ្ជកម្មសេរីត្រឹមពីរសប្តាហ៍

(ភំ្នពេញ)៖ ត្រឹមរយៈពេលពីរសប្តាហ៍កម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានពាណិជ្ជកម្មកន្លះលានដុល្លារអាមេរិក តាមរយៈពាណិជ្ជកម្មសេរី ដែលចូលជាធរមានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

ទំហំពាណិជ្ជរវាងកម្ពុជា និងកូរ៉េខាងត្បូងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានបញ្ជាក់ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលា របស់លោក ប៉ាក ហឹង-ឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិការងារ។

ក្នុងជំនួបនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកត់សម្គាល់អំពីកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ។ លោករដ្ឋមន្ត្រី បានលើកឡើងថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានការកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ ៧៧២លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩ លានដុល្លារអាម៉េរិក គឺមានការកើនឡើងប្រមាណ ៦ភាគរយ។

លើសពីនេះ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបាន ៦៥៩លានដុនល្លារអាម៉េរិក គឺកើនឡើងដល់៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ដោយឡែកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គ្រាន់តែពីរសប្តាហ៍ក្នុងខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥លានដុល្លារអាម៉េរិក។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះលោកឯកអគ្គរដ្ឋទូតនូវសមិទ្ធិផលនានា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស្អិតរមួត និងរីកចម្រើន។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសង្កត់ធ្ងន់នូវការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គជាដើម។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្មកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបគណៈប្រតិភូកូរ៉េ នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរធនធានមនុស្ស។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលធ្លាប់បានផ្តល់ការគាំទ្រសាធារណរដ្ឋកូរ៉េ ជាបេក្ខភាពអគ្គនាយកអង្គការពាណិជ្ជកម្មអន្តរជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ។ លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរ និងថ្លែងកោតសរសើរ ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ជាពិសេសបានកោតសរសើរចំពោះលោករដ្ឋមន្ត្រីផ្ទាល់ ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ និងមានជំនឿចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវការវិនិយោគ និងធុរកិច្ចកូរ៉េ។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា ក៏បានជម្រាបជូន ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់កូរ៉េថា តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា មានការលើកទឹកចិត្តច្រើនដល់ការផលិត កែច្នៃ និងឧស្សាហកម្មយានយន្ត។ ក្នុងន័យនេះលោករដ្ឋមន្ត្រី បានស្នើសុំឱ្យរដ្ឋាភិបាលកូរ៉េជួយជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េ មកបណ្តាក់ទុនរកស៊ីលើអាជីវកម្មផលិត កែច្នៃ និងឧស្សាហកម្មយានយន្តនៅកម្ពុជា។

ក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img