30 C
Phnom Penh
Saturday, October 1, 2022

អ្នកជំនាញអះអាងថា ការធ្លាក់ចុះ នៃកម្លាំងពលកម្មក្នុងវិស័យកសិកម្ម គឺជាសញ្ញាល្អ

អ្នក​ជំនាញ​ខាង​កសិកម្ម និង​ធនាគារ បាន​អះអាង​ថា ការ​ធ្លាក់​ចុះ នៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម គឺជា​សញ្ញា​ល្អ ដែល​នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​នេះ​មាន​ទំនើបកម្ម​កាន់តែ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​បន្ថែម​ទៀត។

លោក តី សារិន ប្រធាន​គ្រប់គ្រង​កម្មវិធី​អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា តាម​របាយការណ៍​ឆ្នាំ ២០២១ កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៣៥.៥ ភាគរយ ដែល​នេះ​ជា​សញ្ញា​ល្អ​មួយ​ដោយ​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​ប្រើប្រាស់​គ្រឿងចក្រ​វិស័យ​កសិកម្ម​តាម​បែប​ទំនើប​វិញ បន្ទាប់ពី​បាន​ប្រើប្រាស់​តាម​បែប​បូរាណ​ដូចជា​ប្រើ​មនុស្ស និង​គោក្របី។

លោក​បាន​បន្ត​ថា ការ​ប្រើ​បច្ចេកវិទ្យា​ដូចជា​គ្រឿងយន្ត​កសិកម្ម​ទំនើប​សម្រាប់​ធ្វើ​កសិកម្ម វា​នឹង​ជួយ​ឲ្យ​ទិន្នផល​ទទួល​បាន​ច្រើន និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាកសិករ​កាន់តែ​ប្រសើរ។

លោក​បាន​បន្ថែម​ថា ក្នុង​ចំណោម​ដី​កសិកម្ម​ប្រមាណ ៤,៥ លាន​ហិកតា នៅ​ទូទាំង​ប្រទេស មាន​ផ្ទៃដី​ដាំ​ដំណាំ​ស្រូវ​ប្រមាណ ៧ ភាគរយ ស្មើនឹង ៣,៥ លាន​ហិកតា ដោយ​ទទួល​បាន​ទិន្នផល​ស្រូវ​ប្រមាណ ១២ លាន​តោន ក្នុង ១ ឆ្នាំ។

លោក​បាន​បញ្ជាក់​ថា វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ ក្នុង​នោះ​ឆ្នាំ ២០២១ កន្លងទៅ វិស័យ​នេះ​បាន​ចូលរួម​ចំណែក​ផលិតផល​សរុប​ប្រមាណ ២៤ ភាគរយ ពេល​ដែល​ប្រទេស​កម្ពុជា​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ តែ​វិស័យ​កសិកម្ម​មិនបាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​វិស័យ​ផ្សេងៗ​ទៀត​នោះ​ទេ។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ពី​ដើម​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​មាន​ច្រើន​។ ប៉ុន្តែ​ឆ្នាំ ២០២១ បាន​ថយ​ចុះ​មក​នៅ​ត្រឹម ៣៥,៥ ភាគរយ ហើយ​នៅ​ឆ្នាំ ២០៣០ ខាងមុខនេះ អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២០ ទៅ ២៥ ភាគរយ។

លោក​បណ្ឌិត​បាន​បន្ត​ថា « ការ​ធ្លាក់​ចុះ​នេះ​វា​ជា​សញ្ញា​ល្អៗ ត្រង់​ថា កម្លាំង​កសិកម្ម​ថយ​ចុះ​មិន​ដូច​មុន​គឺ​ការ​ធ្វើ​កសិកម្ម​ត្រូវ​ពឹង​លើ​គ្រឿងចក្រ​ស្របតាម​វិធានការ​របស់​រដ្ឋ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​នេះ។ កម្លាំង​កសិកម្ម​តិច​ប្រើ​ឧបករណ៍​ទំនើប​ជំនួស ទទួល​បាន​ទិន្នផល​ខ្ពស់ និង​បាន​ច្រើនជាង​ប្រើ​កម្លាំង​ពលកម្ម​តាម​បែប​បុរាណ​»។

ចំណែក លោក ស្រី វុឌ្ឍី អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​កាន់តែ​ថយ​ចុះ​ហើយ ដោយសារ​ការ​ធ្វើ​កសិកម្ម​កាន់តែ​ទំនើប។ នៅ​ឆ្នាំ ២០២១ នេះ កម្លាំង​ពលកម្ម​ថយ​ចុះ​មក​ត្រឹម ៣៥ ភាគរយ ធៀប​នឹង​រយៈពេល ១០​ ឆ្នាំមុន មាន​ប្រមាណ ៥០ ភាគរយ ខណៈ​នៅ​ឆ្នាំ ២០៣០ កម្លាំង​ពលកម្ម​ដែល​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​អាច​នឹង​បន្ត​ធ្លាក់​ចុះ​ដល់ ២០ ទៅ ២៥ ភាគរយ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន មានតែ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ប៉ុណ្ណោះ ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន ខណៈ​កសិកម្ម ត្រូវ​ពឹង​ផ្អែកលើ​សេវា​យន្ត​តូបនីយកម្ម បច្ចេកទេស និង​បច្ចេកវិទ្យា​ជាដើម។

លោក​បាន​បន្ត​ទៀត​ថា «​ការ​ធ្វើ​កសិកម្ម​ឥឡូវនេះ សូម្បីតែ​ចាស់ៗ​ក៏​គាត់​មិន​អាច​ធ្វើ​ដោយ​ផ្ទាល់​ដែរ គឺ​ពួកគាត់​ត្រូវ​ពឹង​លើ​សេវា​យន្ត​តូបនីយកម្ម​។ ចង់​ភ្ជួរ រាស់ ច្រូត គឺ​គាត់​ត្រូវ​ហៅ​សេវាកម្ម​គេ​មក​ធ្វើ​ឲ្យ អ៊ីចឹង ឥឡូវ​ហ្នឹង ពួកគាត់​កំពុង​ធ្វើ​រៀប​នេះ​»៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត