27 C
Phnom Penh
Thursday, December 8, 2022

អ្នកជំនាញសេដ្ឋកិច្ច៖ ការដំឡើងកាំប្រាក់បៀវត្សជាប់ពន្ធដល់ ១.៥លានរៀល នឹងជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបបានចេញអនុក្រឹត្យថ្មីមួយ ដោយដំឡើងកាំប្រាក់បៀវត្សដែលត្រូវជាប់ពន្ធដល់ ១លាន៥សែនរៀល ដែលកើនពី១លាន៣សែនរៀល។ ពោល គឺនយោជិត ឬមន្រ្តីរាជការ ដែលមានប្រាក់បៀវត្សត្រឹម ឬក្រោម១លាន៥សែន មិនត្រូវបង់ពន្ធប្រាក់បៀវត្សប្រចាំខែនោះទេ ទាល់តែចាប់ពី១៥០០ ០០១រៀល ទៅ២ ០០០ ០០០រៀល តម្រូវឱ្យបង់ប្រាក់បៀវត្ស ៥% ,ចាប់ពី ២ ០០០ ០០១ ដល់ ៨ ៥០០ ០០០ បង់ពន្ធ១០% , ចាប់ ៨ ៥០០ ០០១ ដល់ ១២ ៥០០ ០០០រៀល ជាប់ពន្ធ១៥% និងលើសពី១២ ៥០០ ០០០រៀល ត្រូវបង់ពន្ធ២០%។

អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាយល់ថា ការដំឡើងកាំប្រាក់បៀវត្សជាប់ពន្ធដល់ត្រឹម១.៥លានរៀល ឬប្រមាណជិត៤០០ដុល្លារក្នុងមួយខែ បានរួមចំណែកនៅក្នុងការកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ទៅលើការបង់ពន្ធ និងបានជំរុញដល់ការចាយវាយ សម្រាប់និយោជិតក្រុមហ៊ុនឯកជន និងមន្រ្តីរាជការដែលមានប្រាក់ខែទាប ក្នុងពេលដែលពួកគេកំពុងរងផលប៉ះពាល់ ពីការឡើងថ្លៃទំនិញក្រោយមានវិបត្តិសកល។

លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការដំឡើងកម្រិតប្រាក់ជាប់ពន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់និយោជិត ព្រមទាំងមន្រ្តីរាជការ ដែលទទួលបានប្រាប់បៀរវត្សក្រោម ឬត្រឹម១លាន៥សែនរៀល ដែលជួយដល់ការកាត់បន្ថយការចំណាយរបស់ពួកគេបានមួយផ្នែក និងជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អនៃសេដ្ឋកិច្ចកម្ពុជា ដែលនាំឱ្យរាជរដ្ឋាភិបាល សម្រេចដំឡើងនូវកម្រិតប្រាក់ដែលត្រូវជាប់ពន្ធនេះ។

លោកបានពន្យល់យ៉ាងដូច្នេះថា “ពេលវេលានេះ គឺជាដែលសមស្របបំផុត ដែលរាជរដ្ឋាភិបាលបានគិតគូរដល់កម្រិតប្រាក់ជាប់ពន្ធ ដែលសមស្របនឹងទំនិញនៅលើទីផ្សារកំពុងឡើងថ្លៃ ហើយការរកទទួលទាន ឬប្រកបមុខរបរផ្សេងៗ ស្ថិតក្នុងការងើបជាបណ្តើរៗឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងបញ្ហាឥទ្ធិពលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ដូច្នេះ ការដំឡើងប្រាក់ជាប់ពន្ធនេះ គឺត្រូវនឹងកាលៈទេសៈដែលនិយោជិត ក៏ដូចជាមន្រ្តីរាជការដែលមានកម្រិតប្រាក់បៀវត្សទាប អាចរួមចំណែកទៅលើការចំណាយបានមួយផ្នែក បើទោះជាមិនច្រើនក៏ដោយ”។

ទន្ទឹមគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប មានប្រសាសន៍ថា ការដំឡើងកាំប្រាក់ជាប់ពន្ធនេះ ជាការបន្ធូរបន្ថយបន្ទុកពន្ធសម្រាប់អ្នក ដែលមានចំណូលទាបក្រោម១លាន៥សែនរៀល ដែលជាផ្នែកមួយ ក្នុងគោលនយោបាយសារពើពន្ធរបស់រាជរដ្ឋាភិបាល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនការចំណាយរបស់ពលរដ្ឋ នៅពេលពន្ធត្រូវបានបន្ថយ ដែលនឹងធ្វើឱ្យមានការកើនឡើងការចាយវាយប្រចាំថ្ងៃ និងជួយជំរុញកំណើនសេដ្ឋកិច្ច។

លោកបន្តថា “ករណីនេះ អាចនឹងមិនប៉ះពាល់ដល់ការប្រមូលចំណូលពន្ធទេ ព្រោះទី១. ថយពន្ធលើប្រាក់បៀវត្ស តែកើនពន្ធលើអាជីវកម្មផ្សេងៗ ដោយសារតែចាយច្រើនធ្វើឱ្យទំនិញលក់បានច្រើនជាងមុន ទទួលបានពន្ធលើប្រាក់ចំណេញច្រើនជាងមុន”។

ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលរូបវន្តបុគ្គលបានទទួល ក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជន នៅកម្ពុជាត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជន ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជា សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្ស នៅមុនពេលបើកប្រាក់បៀវត្ស ឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាល សារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ២០នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img