30 C
Phnom Penh
Saturday, June 25, 2022

អ្នកជំនាញភ្ញាស់កូន បង្កាត់ពូជ និងចិញ្ចឹមត្រី នៅខេត្តបាត់ដំបង បង្ហាញពីបទពិសោធន៍ និងបច្ចេកទេស ក្នុងការផ្តល់ជំនាញជាទូទៅ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាពលរដ្ឋ

បាត់ដំបង ៖ បាត់ដំបង ត្រូវបានចាត់ទុកថា ជាខេត្តកសិកម្មឈានមុខគេនៃប្រទេសកម្ពុជា ទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វជាដើម ដោយឡែកការភ្ញាស់និងបង្កាត់ពូជត្រី គឺជាបច្ចេកទេសមួយទៀតត្រូវបានអ្នកជំនាញលើការចិញ្ចឹមត្រីយកមកធ្វើការបង្ហាញជាសាធារណៈ ដើម្បីផ្ដល់ជាជំនាញដល់កសិករបានយល់ដឹងក្នុងការភ្ញាស់និងបង្កាត់ ពូជត្រីតាមលក្ខណៈបច្ចេកទេស ឆាប់លូតលាស់ល្អ ងាយទទួលបានប្រាក់ចំណូលក្នុងគ្រួសារ ។

លោក ខេន វ៉ាន់ខេង គ្រូបច្ចេកទេសភ្ញាស់បង្កាត់ត្រីកសិដ្ឋានសុភមង្គល នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបញ្ជាក់ថា សម្រាប់កសិដ្ឋាននេះមានការភ្ញាស់ និងបង្កាត់ពូជត្រីចំនួន៣ប្រភេទ ដែលកំពុងតែមាន លក់នៅលើទីផ្សារ មានពូជត្រីឆ្ពិន ត្រីទីឡាប់ខ្យា និងពូជត្រីអណ្តែងអាព្រិច ។

លោក បានបញ្ជាក់ថា ដើម្បីភ្ញាស់និងបង្កាត់ពូជត្រីបាន សំខាន់គឺមេពូជ ដែលត្រូវការថែបំប៉នមេពូជ និងការជ្រើសរើសមេពូជណាដែលមានសុខភាពល្អ ដើម្បីបង្កាត់ ។ ដោយឡែកត្រីទីឡាប់ខ្យា គឺត្រូវធ្វើការបង្កាត់តាមរបៀបធម្មជាតិ ចំពោះការបង្កាត់ត្រីអណ្តែត គឺត្រូវធ្វើតាមរបៀបសិប្បនិមិត្ត ដែលបច្ចេកទេសបែបនេះទទួលបានជោគជ័យគួរឲ្យកត់សំគាល់ ។

លោកបានបញ្ជាក់ថា ដើម្បីការផលិតធ្វើឲ្យថ្លៃដើមទាប ត្រូវប្រើប្រាស់ចំណីដែលមានធនធានស្រាប់នៅក្នុងសហគមន៍ ដូចជាល្ពៅស្ងោរឲ្យត្រីស៊ីជំនួសចំណីការ៉ុង ព្រោះល្ពៅមានតម្លៃថោក និងងាយរកទិញ ដែលជាវត្ថុធាតុដើមមាននៅតាមសហគមន៍ពលរដ្ឋ ហើយការលូតលាស់របស់ត្រី វាសមល្មមនឹងតម្រូវការរបស់ត្រី ធ្វើឲ្យការផលិតមានតម្លៃថ្លៃដើមទាបអាចទប់ទល់នឹងការចំណាយច្រើនរបស់ប្រជាកសិករផងដែរ ។

លោក បានបញ្ជាក់ថា កសិកដ្ឋាននេះមានផលិតពូជផង និងការចិញ្ចឹមយកសាច់ផង ដែលកំពុងដំណើរការចញ្ចឹមជាប្រភេទត្រីប្រា ក្នុងទំហំផ្ទៃស្រះ៣ហ.ត ហើយត្រីនោះអាចនាំចូលទៅកាន់ទីផ្សារបានហើយ ប៉ុន្តែកំពុងមានការស្ទះដោយសារបរិមាណច្រើន ហើយតម្រូវការមានចំនួនតិច ហើយការលក់ដូរនឹងត្រូវប្រើពេលយូរដល់ចុងខែមេសា ឬខែឧសភា ឆ្នាំ២០២២ខាងមុខទើបអស់ ចំពោះទីផ្សារវិញគឺមាននៅខេត្តបន្ទាយមានជ័យ សៀមរាប និងទីផ្សារក្នុងខេត្តបាត់ដំបងតែម្តង ។

លោក បានបន្តទៀតថា សម្រាប់ខេត្តបាត់ដំបង មានកសិដ្ឋានចិញ្ចឹមត្រីខ្នាតធំប្រហែល៣ឬ៤ ទីតាំងក្រៅពីនោះជាខ្នាតកសិករ ដែលជាកន្លែងផលិតជាលក្ខណៈគ្រួសារ តែអាចឱ្យពួកគាត់ចិញ្ចឹមជីវភាពក្នុងគ្រួសារបាន មានប្រមាណជា១០កន្លែងទៀត ។

យ៉ាងណាក៏ដោយ ការជួយគាំទ្រពីប្រជាពលរដ្ឋ គឺជាការលើកទឹកចិត្តដ៏មានប្រសិទ្ធិភាពបំផុតក្នុងការចូលរួមចំណែកដល់ការលើកស្ទួយសេដ្ឋកិច្ចរបស់កសិករជាអ្នកផលិត កាន់តែមានភាពធូរធារ ហើយសេដ្ឋកិច្ចជាតិកាន់តែមានការរីកចម្រើនផងដែរ ៕

អត្ថបទ និងរូបភាពដោយPuthinews

- Advertisement -spot_imgspot_img

អានបន្ត