ភ្នំពេញ ៖ ដើម្បីគាំទ្រក្រសួងកិច្ចការនារី ក្នុងការរៀបចំកិច្ចប្រជុំកំពូលស្តីពីស្ត្រី (Asian Women Leadership Summit), អូស្ត្រាលី បានផ្តល់ប្រាក់៣ម៉ឺនដុល្លារអូស្ត្រាលី (ជាង២ម៉ឺនដុល្លារអាមេរិក) ដល់ក្រសួងកិច្ចការនារីរបស់កម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំមួយនេះ។ ក្រៅពីនោះ អូស្ត្រាលី ក៏នឹងគាំទ្របន្ថែមទៀត ទៅលើការពិគ្រោះយោបល់ ក្នុងការរៀបចំកិច្ចប្រជុំនេះផងដែរ។
នេះបើតាមប្រសាសន៍ លោក វាល ណានឃឺវីស (Will Nankervis) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន បានប្រាប់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគ្នា នៅទីស្តីការក្រសួង។ ជំនួបនេះ ក៏មានវត្តមានលោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជាផងដែរ។


គួរជម្រាបថា ក្រសួងកិច្ចការនារីនឹងរៀបចំកិច្ចប្រជុំកំពូល Asian Women Leadership Summit នៅក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នាខែតុលាខាងមុខនេះ។
ក្នុងជំនួបនេះ លោកស្រីរដ្ឋមន្ត្រី បានសំណូមពរ ឲ្យមានកិច្ចសហប្រតិបត្តិការទេ្វភាគីកម្ពុជា-អូស្ត្រាលី ដើម្បីឲ្យអូស្ត្រាលី ចែករំលែកបទពិសោធន៍ នូវវិស័យអ្វី ដែលស្ត្រីនៅអូស្ត្រាលី មានភាពជោគជ័យ ផ្តល់ជូនដល់ស្ត្រីនៅកម្ពុជា ដើម្បីឲ្យពួកគាត់អាចរៀនសូត្រ ហើយប្រើប្រាស់នូវសក្តានុពល ដែលមានស្រាប់ ក្នុងការជំរុញ និងបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមកម្ពុជា។










ឆ្លើយតបនឹងសំណូមពរនេះ លោក វាល ណានឃឺវីស បានទទួលយកទៅពិចារណា ហើយថានឹងពិភាក្សាគ្នាបន្ថែមទៀត នាពេលខាងមុខ។ លោក ក៏បានអបអរសាទរកម្ពុជា ជាពិសេសក្រសួងកិច្ចការនារី នៅក្នុងកិច្ចការដែលសម្រេចបាន នូវការងារនាពេលកន្លងមក។
ក្នុងឱកាសនោះ លោកទូត និងលោកស្រីរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នា អំពីបញ្ហាជួញដូរមនុស្ស និងបញ្ហាការចូលរួមរបស់ស្ត្រី នៅក្នុងវិស័យនយោបាយផងដែរ។
គួរជម្រាបថា អូស្រ្តាលីកន្លងមក បានគាំទ្រច្រើន ដល់ក្រសួងកិច្ចការនារី ដូចជាការទប់ស្កាត់អំពើហិង្សា លើស្ត្រីនិងក្មេងស្រី តាមរយៈគម្រោងអាក់សេស (ACCESS) ជាដើម៕
អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews