29 C
Phnom Penh
Thursday, June 23, 2022

អាជ្ញាធរស្រុកសាលាក្រៅ រៀបចំដំឡើងបង្គោល និងអំពូលភ្លើងបំភ្លឺឡើងវិញ ក្រោយពីមានក្មេងទំនើងគប់បំបែកអំពូលសូឡាបំភ្លឺផ្លូវ

ស្តាប់អត្ថបទជាសំឡេង

ប៉ៃលិន៖ អាជ្ញាធរស្រុកសាលាក្រៅ បានរៀបចំដំឡើងបង្គោល និងអំពូលភ្លើងបំភ្លឺឡើងវិញ ក្រោយពីមានក្មេងទំនើងគប់បំបែកអំពូលសូឡាបំភ្លឺផ្លូវ ខណៈជនសង្ស័យត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ។

លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា នៅរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ក្រុមការងារ បានរៀបចំបង្គោលភ្លើង និងអំពូលសូឡាបំភ្លឺផ្លូវឡើងវិញ សំដៅធ្វើយ៉ាងណា កាត់បន្ថយភាព ស្ងប់ស្ងាត់ ភាពងងឹត និងក៏ជាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។

គួរជម្រាបផងដែរថា អំពូលភ្លើងសូឡាបំភ្លឺផ្លូវប្រមាណ១៩ដើម ដែលរដ្ឋបាលស្រុកសាលាក្រៅ បានដឹកនាំក្រុមការងារដាក់សងខាងផ្លូវ ដើម្បីបំភ្លឺពេលយប់ កាលពីជាង១ខែមុន នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវបានក្រុមក្មេងទំនើងនាំគ្នាយកដុំថ្មគប់បំបែកខ្ទេចខ្ទីគ្មានសល់។ ជាហេតុ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពីភូមិ ឃុំមានសុវត្ថិភាព ដែលហេតុការណ៍គប់បំបែកអំពូលភ្លើងសូឡានេះ បានកើតឡើងនៅវេលាម៉ោងប្រមាណចន្លោះ១ទៅ២ រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ក្រោយមកសមត្ថកិច្ចនគរបាល បានតាមប្រមាញ់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដោយមិនទាន់ប្រាប់អត្តសញ្ញាណនៅឡើយទេ ខណ:តាមស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត។

លោក អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ករណីក្មេងទំនើងយកដុំថ្មគប់បំបែកភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈនេះ ពិតជាកើតមានមែន ហើយត្រូវបាននគរបាលចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ យកមកសាកសួរ ពាក់ព័ន្ធនឹងរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដោយចេតនា មិនអាចអត់ឱនឱ្យបាននោះទេ។ លោកបន្តទៀតថា នេះជាគំរូដ៏អាក្រក់បំផុត ក្នុងសង្គម ព្រោះជាបង្គោលភ្លើង និងអំពូលភ្លើងបំភ្លឺផ្លូវសាធារណ:សោះ ហេតុអី្វក៏នាំគ្នាទៅគប់បំផ្លាញ និងទាញផ្តួលចោលបែបនេះ រហូតដល់អស់ចំនួន១៩បង្គោល?។ លោកអភិបាលស្រុកសាលាក្រៅបានបញ្ជាក់បន្តទៀតថា បង្គោលភ្លើងកម្ពស់៦ម៉ែត្រ ទុកបំភ្លឺផ្លូវសាធារណ:ត្រូវក្មេងទំនើងនាំគ្នាយកដុំថ្មទៅគប់កម្ទេចចោល ខណ:ក្រុមការងារបាននាំគ្នាយកទៅដាក់ដាំតាមដងផ្លូវ បានត្រឹមតែរយ:ពេលជាង១ខែប៉ុណ្ណោះ ហើយនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត