27 C
Phnom Penh
Saturday, May 21, 2022

អាជ្ញាធរនៅព្រំដែន បញ្ជូនពលករខ្មែរគ្មានកាតចាក់វ៉ាក់សាំង ទៅមណ្ឌលចត្តាឡីស័កគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈការរឹតបន្តឹងមេរោគបំប្លែងថ្មី អូមីក្រុង នៅតែបន្តទប់ស្កាត់

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ជារៀងរាល់ថ្ងៃចរន្តនៃការហូរចូលមកក្នុងប្រទេសវិញរបស់ពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ នៅតែមានសកម្មភាពវិលត្រឡប់មកស្រុកកំណើតជាបន្តបន្ទាប់ ខណៈពេលដែលអាជ្ញាធរនៅតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងកំពុងយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការហូរចូលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ជាក់ស្តែងពលករខ្មែរនៅប្រទេសថៃចំនួន២២៥នាក់ បានវិលត្រឡប់មកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

នេះបើតាមការផ្តល់ព័ត៌មានពីលោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្នុងកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលរដ្ឋចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តនោះ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី  មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យបានទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា បានឱ្យដឹងទៀតថា បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំបន្ថែមអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ដល់ពលករខ្មែរទាំង២២៥នាក់ រួចមក ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេសរហ័ស ដោយ Rapid Test ជាលទ្ធផលគឺអវិជ្ជមានមេរោគកូវីដ-១៩ ទាំងអស់ ក្នុងនោះរកឃើញពលករចំនួន៤៥នាក់ រួមជាមួយក្មេងចំនួន១៧នាក់ ដែលគ្មានកាតចាក់វ៉ាក់សាំង ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។  

ដោយឡែកពលករ ដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន១៨០នាក់ ស្រីចំនួន៦៣នាក់ និងមានក្មេងចំនួន៣៧នាក់ ព្រមទាំងបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ បានចំនួន២៤នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត