ស្តាប់អត្ថបទជាសំឡេង
មណ្ឌលគិរី៖ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានស្នើដល់ស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) បន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជាបន្តទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។


ការថ្លែងនេះរបស់លោក សាយ ម៉េងគីម ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រួមមានប្រតិភូនៃ ទីភ្នាក់ងារស្វីស SDC កាលពីរសៀលថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២២។


ជាមួយគ្នានេះ លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរាយការណ៍ជូនលោកអភិបាលរងខេត្ត និង គណៈប្រតិភូ SDC ពីស្ថានភាពទូទៅ នៃការបណ្តុះបណ្តាល សមិទ្ធផល បញ្ហាប្រឈម ដំណោះស្រាយ និង ផែនការសកម្មភាពនាពេលខាងមុខ។ លោកប្រធានមជ្ឈមណ្ឌល ក៏បានស្នើសុំឱ្យគណ:ប្រតិភូ SDC ជួយផ្ដល់ការឧបត្ថម្ភជាថវិកា សម្ភារ និងជួយកសាងអគារស្នាក់នៅសម្រាប់សិស្សានុសិស្សផងដែរ។


លោក អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូទីភ្នាក់ងារស្វីស SDC និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SDC ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ក្នុងគោលដៅបណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍជំនាញ និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ទន្ទឹមនឹងនោះ លោកស្រី ណាឌា អូហ្វីជ័រ នាយករងទីភ្នាក់ងារស្វីស SDC បានថ្លែងកោតសរសើរដល់មជ្ឈមណ្ឌលដែលបានខិតខំ ប្រឹងប្រែក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយលោកស្រីបានថ្លែងថា រាល់សំណើរបស់មជ្ឈមណ្ឌលដែលបានលើកឡើងនាពេលនេះ លោកស្រីរួមនឹងក្រុមការងារ នឹងយកទៅពិភាក្សាបន្ថែមទៀតជាមួយនឹងទីភ្នាក់ងារ SDC។ លោកស្រីក៏បានបញ្ជាក់ដែរថា ទីភ្នាក់ងារ SDC នឹងបន្តកិច្ចសហប្រតិបត្តិការ គាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលដៅបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមទីជនបទ៕










អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews