ស្តាប់អត្ថបទជាសំឡេង
កំពង់ឆ្នាំង៖ គ្រាប់ត្នោតប្រមាណ ១.៤៩៦គ្រាប់ ត្រូវបានយកទៅដាំនៅតាមបណ្តោយព្រំដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។


លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការបែងចែកគ្រាប់ត្នោតដល់ស្រុកចំនួន៣ គឺស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកបរិបូរណ៍ ដែលគ្រោងដាំនៅតាមបណ្តោយព្រំដីតំបន់បី ដែលមានប្រវែង ជាង ១៤០គីឡូម៉ែត្រ។


ដោយឡែកសម្រាប់ស្រុកបរិរបូរណ៍ អាជ្ញាធរខេត្តបានផ្តល់គ្រាប់ត្នោតប្រមាណជាង ១ម៉ឺ៥ពាន់គ្រាប់ ដែលគ្រោងដាំនៅតាមបណ្តោយព្រំដីតំបន់បី មានប្រវែងជាង ៣៥គីឡូម៉ែត្រ។ សម្រាប់ថ្ងៃទី១០ ខែមករានេះ អាជ្ញាធរស្រុក និងខេត្តបានដាំចំនួន ១.៤៩៦គ្រាប់។ ចំពោះបច្ចេកទេសដាំគ្រាប់ត្នោតនេះត្រូវដាំ នៅលើខ្សែបន្ទាត់ព្រំរវាងតំបន់២ និងតំបន់ ៣ ជាពីរជួរ និងដាំចំនួន ៣គ្រាប់ ក្នុងមួយរណ្តៅ ដោយមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយប្រវែង៧ម៉ែត្រ។


លោក ងិន ហ៊ុន បានឱ្យដឹងថា ការដាំគ្រាប់ត្នោតតាមបណ្តោយព្រំដីតំបន់៣នេះ គឺធ្វើឡើងក្នុងគោលបំណង ឱ្យប្រជាពលរដ្ឋ ស្គាល់កាន់តែច្បាស់ នូវព្រៃលិចទឹកតំបន់បី ដែលជាតំបន់ហាមឃាត់ដាច់ខាតមិនឱ្យបុគ្គលណាមួយចួលមកកាប់ទន្រ្ទាន រានយកដីព្រៃលិចទឹកមកធ្វើជាកម្មសិទ្ធិនោះឡើយ ហើយនាំគ្នាចូលរួមថែរក្សាព្រៃលិចទឹកដើម្បីជាប្រយោជន៍ដ៏មានតម្លៃ សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕


អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews