ខេត្តកំពង់ឆ្នាំង កូនជ្រូកចំនួន ៨៦ ក្បាល និង សត្វក្រួចទម្ងន់ជាង ៤ តោនដែលគ្មានប្រភពច្បាស់លាស់ ត្រូវបាន សមត្ថកិច្ចចំរុះធ្វើការដុតកម្ទេចចោលនៅទីតាំងការិយាល័យ ក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្រោមការត្រួតពិនិត្យពីលោកព្រះរាជអាជ្ញារង អមតុលាការរាជធានីភ្នំពេញ និងមានការចូលរួម សហប្រតិបត្តិការរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២។


លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ករណីដុតកំទេចសត្វជ្រូក និងសត្វក្រួច ដែលធ្វើឡើងនៅព្រឹកនេះ គឺមានការចូលរួមពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អមតុលាការ រាជភ្នំពេញព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញរបស់ក្រសួងស្ថាប័នជំនាញផងដែរ ។


លោកប្រធាន ការិយាល័យផលិតកម្ម និងបសុព្យាបាល បានបន្តថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសដែលគ្មានប្រភពច្បាស់លាស់នេះ គឺខាងនាយកដ្ឋាន គេ ជាអ្នកបង្ក្រាប ចំណែកមន្ត្រីរបស់លោកគ្រាន់តែចូលរួមសហការដុតកម្ទេចចោល។


តាមប្រភពពីសមត្ថកិច្ចចម្រុះដែលបានចុះបង្ក្រាបបទល្មើសខាងលើនេះបានឱ្យដឹងថា កូនជ្រូក ចំនួន ៨៦ក្បាល និងសាច់សត្វក្រួចចំនួនជាង ៤ តោនត្រូវបាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវីរៈសេនីយ៍ទោ សាន សាធុកា សហការ ជាមួយអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយគ្គដ្ឋាន បានធ្វើការបង្ក្រាបចាប់ឃាត់ កាល ពីយប់ ថ្ងៃទី ២១ និង២២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នៅចំណុចវាលស្បូវ និងចំណុច ក្តីតាកុយ ក្នុងភូមិសាស្រ្ត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ក្រោយធ្វើការឃាត់ការដឹកជញ្ជូនសាច់សត្វគ្មានប្រភពច្បាស់លាស់ សមត្ថកិច្ចចំរុះ បានសហការគ្នា យកមកធ្វើការដុតកំទេចចោល ក្នុងទីតាំង ការិយាល័យ ក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដែលមានទីតាំង សម្រាប់ការដុតកំទេចចោល ផលិតផលពីសាច់ គ្មានគុណភាព និងប្រភពច្បាស់លាស់៕


ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News