26 C
Phnom Penh
Saturday, October 1, 2022

អាជ្ញាធរកម្ពុជាត្រៀមចុះពិនិត្យអគារ ដែលសង្ស័យថា ប្រើប្រាស់ ដើម្បីជួញដូរមនុស្សក្នុងបណ្តាញ Scam

អាជ្ញាធរពាក់ព័ន្ធនានា ត្រៀមចុះពិនិត្យអគារនានានៅទូទាំងប្រទេស ខណៈមានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងជួញដូរមនុស្ស តាមរយៈការប្រើប្រាស់កម្លាំងបរទេសឱ្យធ្វើការជាអ្នកឆបោកតាមបច្ចេកវិទ្យា ឬហៅថា Scam។

ចំណាត់ការនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃសុក្រសប្តាហ៍មុនក្រោយមានបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យបើកប្រតិបត្តិការ ត្រួតពិនិត្យនៅទីកន្លែង ដែលមានជនបរទេសស្នាក់នៅ។

លោក ស ខេង បានថ្លែងកាលពីសប្តាហ៍មុនថា៖ “ក្រៅពីនេះ យើងក៏រៀបចំ នូវផែនការ ប្រតិ បត្តិការ ដើម្បីប្រយុទ្ធប្រឆាំងការជួញ ដូរមនុស្សជាក់ស្តែងមួយទៀតហើយនឹងត្រៀមសម្រាប់ ការប្រជុំជាមួយនឹងដៃគូអន្តរជាតិក្នុងការចូលរួមប្រយុទ្ធប្រឆាំងការជួញដូរ”។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែង ថ្ងៃចន្ទនេះថា អាជ្ញាធរ ខេត្តបានកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យមើលទីកន្លែង អគារនានា ក្នុងខេត្តព្រះសីហនុ ដែលសម្បូរអគារខ្ពស់ និងកាស៊ីណូ។

លោកថ្លែងថា៖ “សព្វថ្ងៃហ្នឹងមានការចុះត្រួតពិនិត្យទៅតាមអគារ ក៏ដូចជាសហគ្រាសនីមួយៗ គឺមានការសហការគ្នារវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយនឹងស្នងការនគរបាលខេត្ត ហើយនឹងមន្ទីរការងាររបស់ខេត្ត ដើម្បីត្រួតពិនិត្យការស្នាក់នៅ”។

កាលពីថ្ងៃទី២០ ខែសីហា សារព័ត៌មាន Taipei Times បានចុះផ្សាយថា មនុស្សចំនួន១៦នាក់ ត្រូវបានចាប់ខ្លួន ដោយប៉ូលិសដាក់ការសង្ស័យថា ពួកគេរួមគំនិតជាមួយអង្គការឧក្រិដ្ឋកម្មបរទេស ដើម្បីទាក់ទាញប្រជាជន តៃវ៉ាន់ទៅធ្វើការនៅប្រទេស កម្ពុជាតាមរយៈ ការសន្យាផ្តល់ឱ្យនូវប្រាក់ខែខ្ពស់។

បើតាម Taipei Times ជនជាតិតៃវ៉ាន់ ដែលត្រូវបានជួយសង្គ្រោះពីការឃុំឃាំង នៅក្នុងប្រទេសកម្ពុជា បានរាយការណ៍ថា ពួកគេរងការវាយធ្វើបាបលើរូបរាងកាយតាមមធ្យោបាយ ផ្សេងៗ ដោយឧក្រិដ្ឋជនជួញដូរមនុស្សនៅ ក្នុងសណ្ឋាគារនានា ក្នុងខេត្តព្រះសីហនុ។

កាលពីថ្ងៃសុក្រ សប្តាហ៍មុនអ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ដែលកំពុង បំពេញទស្សនកិច្ចនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិភាក្សា ដូចជាសួរនាំអាជ្ញាធរខេត្ត ពាក់ព័ន្ធករណីជួញដូរ មនុស្ស និងការឆបោកតាមបច្ចេកវិទ្យាផងដែរ។

កាលពីពេល កន្លងទៅ មានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជា កន្លែងបោក បញ្ឆោតតាមប្រព័ន្ធ អ៊ីនធើណិត ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារ ខ្ពស់ៗ នៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍ អំពីការបង្ខាំងទុកពួកគេ មិនឱ្យ មានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម។

ក្រសួងការបរទេសអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំអំពីការជួញដូរមនុស្ស នៅលើពិភព លោក កាលពីខែកក្កដា ឆ្នាំ២០២២។ របាយការណ៍ នោះបានបង្ហាញថា កម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2) មក កម្រិត បី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ។

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត