27 C
Phnom Penh
Saturday, October 1, 2022

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យបិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ រួមជាមួយនិងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង ដោយសារទីតាំងខាងលើ មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឲ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកឲ្យបងប្អូនធ្វើដំណើរ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូ ជាដើម។

លោក ស៊ុយ សេរិទ្ធ ក៏បានបញ្ជាក់ថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង មិនទុកអោយដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធ ដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ កើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។

លោកថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំឲ្យពួកគាត់មានម៉ាស៊ីនលាងកង់រថយន្តនិង ដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្ម នៅតែរអនុវត្តមិនបានល្អទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។

គួរបញ្ជាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ តែកំពុងធ្វើអាជីវកម្មតែចំនួន៤ទីតាំងប៉ុណ្ណោះ៕


ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត