32 C
Phnom Penh
Sunday, June 26, 2022

អភិបាលខេត្តរនគិរី ជំរុញឱ្យក្រុមការងារបច្ចេកទេស រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកចំនួន៣ ពន្លឿនឱ្យបានឆាប់រហ័ស

រតនគិរី៖ អភិបាលខេត្តរនគិរី ជំរុញឱ្យក្រុមការងារបច្ចេកទេស រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកចំនួន៣ សហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនឱ្យបានឆាប់រហ័សប្លង់គោលស្រុករបស់ខ្លួន។

ការជំរុញបែបនេះរបស់លោក ញ៉ែម សំអឿនគឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំដែនដីថ្នាក់ខេត្ត ដើម្បីពិនិត្យសេចក្ដីព្រាងឯកសារប្លង់គោលប្រើប្រាស់ដី ស្រុកតាវែង អណ្ដូងមាស និងស្រុកអូរយ៉ាដាវដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត។

លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានជំរុញឱ្យក្រុមការងារបច្ចេកទេសរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកទាំង៣ សហការជាមួយអ្នកពាក់ព័ន្ធពន្លឿនឱ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋាន ដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុក និងខេត្តដើម្បីបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច។

លោកអភិបាលខេត្ត ក៏បានបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងស្រុកនីមួយៗ ត្រូវអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លង់គោលការប្រើប្រាស់ដីធ្លីក្នុងស្រុកទាំង៣ ជាផ្លូវការ។

អភិបាលខេត្តរូបនេះបានជំរុញបន្ថែមទៀតដល់ស្រុកទាំង៣ ត្រូវរៀបចំគម្រោងអភិវឌ្ឍន៍ស្រុកឱ្យបានច្បាស់លាស់ ដែលក្នុងនោះរួមមានការអភិរក្សវិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ និងអត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច ហេដ្ឋារចនាសម្ព័ន្ធ កិច្ចការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងត្រូវថែរក្សាការពារឱ្យបាននូវសម្បត្តិធម្មជាតិឱ្យបានគង់វង្ស រួមមានរមណីយដ្ឋានធម្មជាតិនានា ក៏ដូចជាត្រូវរក្សាឱ្យបាននូវផ្លូវ ប្រវត្តិសាស្រ្ដ និងធនធានដែលនៅសល់ពីសម័យតស៊ូ ដែលឥស្សរជនខ្មែរពីមុនមកប្រើក្នុងសម័យសង្រ្គាមឱ្យបានល្អ ដើម្បីបង្កើតជាគោលដៅអេកូទេសចរណ៍មួយដ៏ទាក់ទាញទៅថ្ងៃខាងមុខ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ដខេត្តរតគិរីបានកាន់តែច្រើន។ បន្ថែមពីនោះត្រូវកំណត់យុទ្ធសាស្រ្ដអភិវឌ្ឍរៀបចំដែនដី តម្រង់ទិសការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងការកែច្នៃ គ្រប់គ្រងការពារ ប្រើប្រាស់អភិវឌ្ឍដី និងធនធានធម្មជាតិ៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត