មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរីបានប្រតិកម្មជុំវិញសកម្មភាពរបស់ក្រុមអាជីវករមួយចំនួនតូច ដែលបានលក់បន្លែផ្លែឈើបន្លំដល់ភ្ញៀវទេសចរធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមភាពល្បីល្បាញនៃ ផលិតផលធម្មជាតិ ដែលបានដាំដុះផ្ទាល់លើទឹកដីមណ្ឌលគិរី។
លោក ថន សាវុន ថ្លែងបែបនេះ ក្នុងពិធីប្រមូលផលដំណាំដំឡូងបារាំងរបស់កសិករគ្រី ម៉េងឃាង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ កាលពីពេលថ្មីៗនេះ។


លោក អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងទៀតថា ដើម្បីរក្សាគុណតម្លៃនិងអត្តសញ្ញាណ បន្លែ ផ្លែឈើ ប្រចាំខេត្តឱ្យក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រ គ្រប់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេស មន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្ម ត្រូវបង្កើនសកម្មភាពចុះអប់រំផ្សព្វផ្សាយ និងហាមឃាត់ការលក់បន្លំរាល់ផលិតផលនាំចូលពីតំបន់ដទៃ និងនាំចូលមកពីប្រទេសជិតខាងថា ជាដំណាំដាំនៅក្នុងទឹកដីខេត្តមណ្ឌលគិរី។


លោក ថន សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា “អាជ្ញាធរមិនហាមឃាត់នោះទេ ការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ ប៉ុន្តែសូមឱ្យគ្រប់អាជីវករទាំងអស់ ត្រូវមានភាពស្មោះត្រង់ចំពោះអតិថិជនរបស់ខ្លួន។ របស់នាំចូលត្រូវបញ្ជាក់ឱ្យបានច្បាស់ ព្រោះអ្នកទិញគាត់អាចមានជម្រើសថា តើគួរទិញឬអត់?”។


ជាការកត់សម្គាល់ ការដាំដំណាំបន្លែផ្លែឈើនៅខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្នមានសន្ទុះកើនឡើងច្រើន ហើយអាចផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងខេត្តទៅតាមរដូវកាល ប៉ុន្តែការនាំចូលបន្លែផ្លែឈើមកពីប្រទេសជិតខាងគឺនៅតែមានច្រើនតោនក្នុងមួយថ្ងៃៗ។ ហើយមានអ្នកលក់ខិលខូចខ្លះ បានបោះតង់សង់រោងលក់បន្លែ ផ្លែឈើ ដូចជា ស្ពៃក្តោប ការ៉ុត ខ្ទឹមស ក្រូចវល្លិ ទុរេន ប័រ ជាដើម នាំចូលពីប្រទេសវៀតណាមតាមដងផ្លូវមុខចំការបន្លែរបស់អ្នកភូមិ ដោយប្រាប់អ្នកទិញថា ជាបន្លែដាំផ្ទាល់នៅមណ្ឌលគិរី៕




អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews