27 C
Phnom Penh
Thursday, December 8, 2022

អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យ ADB ម្ចាស់គម្រោងកែលម្អរផ្លូវ និងប្រព័ន្ធលូ ក្នុងក្រុងពោធិ៍សាត់ ពន្លឿនការស្ថាបនាឲ្យបានឆាប់

ស្តាប់អត្ថបទជាសំឡេង

ពោធិ៍សាត់៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានជួបពិភាក្សាជាមួយតំណាង ADB ម្ចាស់គម្រោងកែលម្អរផ្លូវ និងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ និងអ្នកទទួលម៉ៅការ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធទាំងនេះ ឱ្យបានឆាប់រហ័ស។

ADB បានឱ្យដឹងថា គម្រោងកែលម្អរគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប អនុវត្តដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន បានចាប់ផ្ដើមពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។ ការអនុវត្តគម្រោងគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ សមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន៖ អាងប្រព្រឹត្តកម្មទទឹកកខ្វក់ ក្នុងនោះមានអគាររដ្ឋបាល កន្លែងសម្ងួតភក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្ម។ ប្រព័ន្ធលូមានប្រឡាយដី ការងារប្រព័ន្ធលូក្នុងក្រុង ទំនប់ភូមិកោះ ហើយវឌ្ឍនភាពការងារសម្រាប់គម្រោងសម្រេចបានប្រមាណ៧៨,៨០%ហើយ។ ការងារបន្ថែមលើគម្រោងដែលកំពុងអនុវត្ត មានកែលម្អរឡើងវិញពីផ្លូវDBSTចាស់ ទៅDBSTថ្មីប្រវែងជាង១៥គម, ផ្លូវគ្រួសក្រហមចាស់ទៅDBSTថ្មីប្រវែងជាង០២គម, ផ្លូវបេតុងជុំវិញផ្សារប្រវែង១,៥៣គម, សាងសង់បន្ថែមប្រព័ន្ធលូថ្មីចំនួន០៣ខ្សែ, លូរំដោះទឹកប្រឡាយចំនួន០២កន្លែង និងទំនប់បង្ហៀរនៅចុងប្រឡាយចំនួន០១កន្លែង។ ការដាក់ប្រព័ន្ធលូចំកណ្ដាលផ្លូវកាត់បន្ថយផលប៉ះពាល់ដីធ្លី ផ្ទះសម្បែង របងផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ។

តំណាងក្រុមហ៊ុនម៉ៅការ បានឱ្យដឹងថា ការងារស្ថាបនាផ្លូវនេះ ក្រុមហ៊ុនបានដាក់ឯកសារ ទៅក្រុមប្រឹក្សាបច្ចេកទេសរយៈពេលជាងមួយសប្ដាហ៍ហើយ ហើយក៏បានត្រៀមក្ខណៈរួចជាស្រេចដែរ រង់ចាំតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងADB សម្រេច និងទម្លាក់ថវិការឱ្យចាប់ផ្ដើមដំណើរការសាងសង់ផ្លូវតែប៉ុណ្ណោះ។

លោកក ជាវ តាយមានប្រសាសន៍ថា ការស្ថាបនាប្រព័ន្ធលូនិងផ្លូវក្នុងក្រុងពោធិ៍សាត់នេះ បើមានការជំទាស់រារាំងដោយប្រការណាមួយពីប្រជាពលរដ្ឋ សូមរាយការណ៍មករដ្ឋបាលខេត្តឱ្យបានដឹង ដើម្បីជួយសម្របសម្រួលកុំឲ្យរាំងស្ទះការងារនាំឲ្យអូសបន្លាយយូរ។ តាមកំណាត់ផ្លូវនីមួយៗ លោកអភិបាលខេត្តសំណូមពរឱ្យក្រុមហ៊ុន ក៏ដូចជាម្ចាស់គម្រោង ពេលធ្វើលូរួច គួរតែធ្វើផ្លូវកៅស៊ូតាមក្រោយតែម្ដង ចៀសវាងទុកចោលយូរនាំឱ្យពេលភ្លៀងម្ដងៗ បង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយម៉្យាងទៀតដីនិងកាកសំណល់ក៏បានហូរចូលលូវិញនាំឱ្យកកស្ទះផងដែរ។

លោកអភិបាលខេត្ត បានបន្តទៀតថា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ មានការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស និងបោះឆ្នោតរដ្ឋសភាជាតិ ដូច្នេះរដ្ឋបាលខេត្តត្រូវការចាំបាច់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ។ ដូច្នេះក្រុមហ៊ុនមានលទ្ធភាពធ្វើយ៉ាងណា ជួយពន្លឿនការងារស្ថាបនាផ្លូវនេះ ឲ្យបានឆាប់រួចរាល់ ដោយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ចៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img